៦​នាក់​ស្លាប់​ក្នុង​ការប៉ះទង្គិច​នៅ​កា​ស្មៀរ នៅពេល​ត្រាំ​សុំ​សម្រុះសម្រួល​

240
ចែករម្លែក

​ជន​សកម្មប្រយុទ្ធ​ម្នាក់ និង​ប៉ូលិស​ឥណ្ឌា​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់​គ្នា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​ដកហូត​ស្វ័យភាព​ចេញ​កា​ស្មៀរ​ខាងខ្លួន​គ្រប់​​គ្រង ចំ​ពេល​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​សុំ​ចូល​សម្រុះសម្រួល​ស្ថានការណ៍​ដ៏​ផុយស្រួយ​នេះ​។​

​ក្នុង​សញ្ញា​នៃ​កំណើន​ភាព​តានតឹង​មួយ​ទៀត ប៉ា​គី​ស្ថាន​បាន​និយាយថា ជន​ស៊ីវិល​របស់ខ្លួន​៣​នាក់ បាន​ស្លាប់​ដោយ​ការបាញ់​របស់​ឥណ្ឌា កាត់​ព្រំដែន​ជាក់ស្តែង​នៅ​កា​ស្មៀរ​,​នេះ​បើ​​តាម​ការផ្សាយ​របស់​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ទី​២១​សីហា​។​

​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​The Press Trust of India បាន​ស្រង់​សម្តី​របស់​មន្ត្រី​ដែល​ថា ទាហាន​ឥណ្ឌា​ម្នាក់​បាន​ស្លាប់​និង​៤​នាក់​រងរបួស​នៅ​ពេល​ទាហាន​ប៉ា​គី​ស្ថាន​បាញ់​​សំដៅ​ប៉ុស្តិ៍​ជួរមុខ​របស់​គេ​និង​មក​លើ​ភូមិ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កាលពី​ថ្ងៃ​អង្គារ​។​

​ទាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន មាន​សព្វាវុធ​នុយគ្លេអ៊ែ​រ​ដូចគ្នា​និង​សភាពការណ៍​នៅ​កា​ស្មៀរ កាន់តែ​ស្មុគស្មាញ​ដោយសារ​តែ​ចិន​ក៏​អះអាង​ចំណែក​តូច​មួយ​នៃ​តំបន់​ហេមពាន្ត​នេះដែរ​។​

​ត្រាំ បាន​និយាយថា លោក​នឹង​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ក្រៅ​ជំនួប​G7​នៅ​បារាំង​។​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​​សេត​វិមាន​ថា​« កា​ស្មៀរ ជា​កន្លែង​ស្មុគស្មាញ​ណាស់​មួយ​។​អ្នក​មាន​ហិណ្ឌូ​និង​មាន​អ៊ីស្លាម ហើយ​ខ្ញុំ​មិន​គិត​ថា​ពួកគេ​ចុះសម្រុង​គ្នា​ណាស់ណា​ទេ​។​ខ្ញុំ​នឹង​ខិតខំ​អស់​ពី​សមត្ថភាព​ដែល​​អាច​ដើម្បី​សម្រុះសម្រួល​»​។​

​សូមបញ្ជាក់​ថា មនុស្ស​យ៉ាង​តិច​៤.០០០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​កា​ស្មៀរ​ខាងឥ​ណ្ឌា ចាប់តាំងពី​ដើម​ខែ​សីហា នៅពេល​អាជ្ញាធរ​ផ្តាច់​សេវា​ទំនាក់ទំនង​និង​រឹតត្បឹត​ការធ្វើដំណើរ​​នៅក្នុង​តំបន់​នេះ​។​

​កាន់តែ​រំលេច​ការព្រួយបារម្ភ មន្ត្រី​អាម៉េរិក​ម្នាក់​ដែល​ទើប​វិល​មក​ពី​ដំណើរ​ទស្សនកិច្ច​តំបន់​នេះ កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឥណ្ឌា​អោយ​ដោះលែង​ជន​ត្រូវ​ចាប់ឃុំខ្លួន និង​​ស្តារ​សេរីភាព​ឡើងវិញ​។​

​មន្ត្រី​បារាំង​ក៏​បាន​និយាយថា ប្រធានាធិបតី​បារាំង​នឹង​នាំ​បញ្ហា​កា​ស្មៀរ​នេះ​ទៅ​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា នៅ​ពេល​ពួកគេ​ជួប​គ្នា​នៅ​ក្រុងប៉ារីស​មុន​ជំ​នួន​G7​។​

​កាលពី​ថ្ងៃ​អង្គារ នាយករដ្ឋមន្ត្រី​អង់គ្លេស​ក៏​បាន​ប្រាប់​សម​ភាគី​ឥណ្ឌា​តាម​ទូរស័ព្ទ​ថា ជម្លោះ​កា​ស្មៀរ​ត្រូវតែ​ដោះស្រាយ​រវាងឥ​ណ្ឌា​និង​ប៉ា​គី​ស្ថាន​ប៉ុណ្ណោះ​។​

​កាលពី​ខែ​កុម្ភៈ​ក្នុង​ឆ្នាំនេះ ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ប៊ិះ​ផ្ទុះ​សង្គ្រាម​ពេញធឹង​រវាង​គ្នា​ដោយសារ​តែ​កា​ស្មៀរ​នេះ ក្រោយ​ពី​ពួក​សកម្មប្រយុទ្ធ​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​បាន​វាយប្រហារ​​សម្លាប់​ទាហាន​ឥណ្ឌា​ប្រមាណ​៤០​នាក់ ជាហេតុ​នាំ​អោយ​យោធា​ឥណ្ឌា​វាយប្រហារ​មូលដ្ឋាន​ពួក​សកម្មប្រយុទ្ធ​នៅ​ខាង​ប៉ា​គី​ស្ថាន និង​ប៉ា​គី​ស្ថាន​សងសឹក​វិញ​។​

​ការប៉ះទង្គិចរ​វា​ងក​ង​សន្តិសុខ​ឥណ្ឌា​និង​ពួក​សកម្មប្រយុទ្ធ​ដែល​ប្រឆាំង​ការគ្រប់គ្រង​របស់​ឥណ្ឌា កើតមាន​ជា​ធម្មតា​នៅ​កា​ស្មៀដោយ​បណ្តាលអោយ​ស្លាប់​មនុស្ស​រាប់ពាន់នាក់​​នៅ​រយៈពេល​៣០​ឆ្នាំ​មកនេះ តែ​ការប្រយុទ្ធ​គ្នា​ដោយ​អាវុធ​នៅ​កា​ស្មៀរ ត្រូវបាន​ប៉ូលិស​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២១​សីហា ៕​ដោយ​៖​វាសនា​

ទាហាន​ឥណ្ឌានៅ​កា​ស្មៀរ​។​មានការ​ប៉ះទង្គិច​គ្នា​ស្ទើរ​រាល់ថ្ងៃ​ចាប់តាំងពី​ឥណ្ឌា​ដក​ឋានៈ​ស្វ័យភាព​របស់​កា​ស្មៀរ​ខាងខ្លួន​គ្រប់គ្រង

#