៦​នាក់​ស្លាប់​និង​១១៦​នាក់​រងរបួស​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

375
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា​ ​យ៉ាងហោច​ណាស់​មនុស្ស​៦​នាក់​ត្រូវបាន​សម្លាប់​និង​១១៦​នាក់​ដោយ​រួមទាំង​ក្មេង​៥០​នាក់​បាន​រងរបួស​កា​លពី​ថ្ងៃ​ចន្ទ​ទី​០១​កក្កដា​ នៅពេល​ក្រុម​តា​លី​​បង់បាន​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​អង្គការ​សង្គ្រោះ​កុមារ​Save the Children បាន​ដឹកនាំ​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ចំពោះ​ការបំផ្ទុះ​គ្រាប់បែក​នេះ ដែល​សំដៅ​ទៅលើ​អគារ​ក្រសួង​ការពារជាតិ​ដែល​បាន​បណ្តាល​​ឱ្យ​មាន​ផ្សែង​ហុយ​ឡើង​ក្នុងអំឡុងពេល​មនុស្ស​ចេញ​ធ្វើការ​ច្រើន​និង​រញ្ជួយ​ញ័រ​អគារ​ដែល​នៅ​ជិតៗ​នោះ​។​

​ភ្លាមៗ​នោះ ក្រុម​ជនប្រដាប់អាវុធ​បាន​វាយ​សម្រុកចូល​អគារ​មួយ​នៅក្បែរនោះ​ដោយ​នាំ​ឱ្យ​មាន​ការ​វាយ​ប្រយុទ្ធ​ជាមួយនឹង​កម្លាំង​ពិសេស​នៅ​សង្កាត់ Puli Mahmood​ក្នុង​ទី​​ក្រុង​កា​ប៊ុល​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​Nasrat Rahimi​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​៦​នាក់​ត្រូវបាន​សម្លាប់ ដោយ​រួមទាំង​ក្មេង​ម្នាក់ និង​កងទ័ព​ពិសេស​ចំនួន​២​នាក់​។​

​ក្រសួង​សុខាភិបាល​បាន​កំណត់​ចំនួន​អ្នករងរបួស​ចំនួន​១១៦​នាក់​។​ក្នុងចំណោម​អ្នក​រង​របួស​មាន ក្មេង​ប្រមាណ​៥០​នាក់ និង​ភាគច្រើន​របួស​ដោយ​អំបែង​កញ្ចក់​ខ្ទាត​ត្រូវ​។​

​លោក Nasrat Rahimi បាន​និយាយថា ជន​ប្រដាប់អាវុធ​ទាំងអស់​៥​នាក់ និង​អ្នកបើករថយន្ត​នេះត្រូវបាន​សម្លាប់​។​

​ក្រុម​តា​លី​បង់​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​វាយប្រហារ​នេះ ដែល​បាន​កើតឡើង គឺ​តែ​២​ថ្ងៃ​បន្ទាប់ពី​ក្រុម​ឧទ្ទាម​នេះចាប់ផ្តើម​កិច្ចចរចា​ជុំ​ទី​៧​ជាមួយ​សហរដ្ឋអាម៉េរិក​នៅ​​ប្រទេស​កាតា ​នៅពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មើលឃើញ​ការ​ទម្លុះ​ភាព​ទាល់ច្រក​មួយ​ឬ​ការសម្រេចបាន​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​មួយ​នៅ​មុន​ការបោះឆ្នោត​​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ខែ​កញ្ញា​៕ដោយ៖សុខា/sn/Ha

​ជាង​១០០​នាក់​រងរបួស ក្នុងនោះ​៥០​នាក់​ជា​កុមារ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​កា​ប៊ុល​