៦​នាក់​ស្លាប់​និង​២​នាក់​បាត់​ខ្លួន នៅពេល​ភ្លៀង​ខ្លាំង​ធ្វើឱ្យ​បាក់​ទំនប់ទឹក នៅ​វៀតណាម​ភាគ​កណ្តាល​

392

​វិ​សម្ពាធ​ខ្យល់​ត្រូពិច​ជាមួយ​ល្បឿន​ជាង​៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​បក់បោក​ខ្លាំង​លើ​ខេត្ត​ភាគ​កណ្តាល​ជាច្រើន កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ តុលា ដោយ​បណ្តាលឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង បង្កឱ្យមាន​ទឹកជំនន់​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៦​នាក់ និង បាត់​ខ្លួន​២​នាក់​ផ្សេងទៀត​។​

​នៅ​ខេត្ត​ង៉េ​អាន មនុស្ស​យ៉ាងតិចណាស់​ចំនួន​៥​នាក់​បាន​ស្លាប់​និង​២​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ដោយ​រួមទាំង​ក្មេង​អាយុ​៤​ឆ្នាំ​ម្នាក់ ត្រូវបាន​ទឹកជំនន់​ហូរ​ទាញ​យកទៅ​។ ទឹកជំនន់ ក៏បាន​ជន់​លិច​ទីក្រុង​វិញ នៅ​ខេត្ត​នេះ​ផងដែរ​ដោយ​បង្ក​ការលំបាក​ខ្លាំង​ដល់​ការធ្វើដំណើរ​។​

​ទឹកបាន​ឡើង​ហូរហៀរ​ខ្លាំង​នៅ​ទំនប់ទឹក​យ៉ា​ដាម នៅ​ខេត្ត​ង៉េ​អាន ដោយ​ធ្វើឱ្យ​ទំនប់ទឹក​នេះ​បាក់​ចម្ងាយ​ជិត​២០០​ម៉ែត្រ​។ ក្រុម​អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​៣​និង​កម្មករ​១០០​នាក់​ដើម្បី​ទប់​ទំ​បន់​ទឹក​ដែល​បាក់​នេះ​។ នៅ​ខេត្ត​ថា​ញ់​ហូ ស្ត្រី​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​បាន​ធ្លាក់​ចូលក្នុង​លូបង្ហូរទឹក​កាលពី​ថ្ងៃ​ចន្ទ​។​

​ខណៈដែល​វិ​សម្ពាធ​នេះ បាន​បក់បោក​សំដៅទៅ​ប្រទេស​ឡាវ​នោះ មានការ​ព្យាករណ៍​ថា ភ្លៀង​ខ្លាំង​នឹង​បន្ត​ធ្លាក់​នៅ​តំបន់​ភាគ​ខាងជើង និង ភាគ​កណ្តាល​វៀតណាម រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ។ នេះ​បើ​យោងតាម​មណ្ឌល​ជាតិ​ព្យាករណ៍​អាកាសធាតុ​វៀតណាម​៕ ដោយ៖ សុខា

ក្រុម​អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​និង​កម្មករ​ច្រើន​នាក់​ដើម្បី​ទប់​ទំ​បន់​ទឹក​ដែល​បាក់​នៅ​ខេត្ត​ង៉េ​អាន
ទឹកជំនន់​នៅ​ខេត្ត​ថា​ញ់​ហូ