៧០​គ្រួសារ​ទទួលបាន​អំណោយ ក្រោយ​រង​ការលេចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​កែវ​សីមា​

81
ចែករម្លែក

​ដោយ:សាត​ចាន់​បុត្រ​/មណ្ឌលគិរី ៖ ​យ៉ាងហោចណាស់ ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុងភូមិ​ចំនួន​០៥​ក្នុង​ឃុំ​មួយនា​ស្រុក​កែវ​សីមា បានទទួល​ការចែករំលែក​ភាពលំបាក​ពី​កាក​បាទ​ក្រហមកម្ពុជា​និង​អជ្ញាធរ​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​១៣​សីហា​នេះ ក្រោម​វត្តមាន​អភិបាលខេត្ត​លោក​ស្វាយ សំ​អ៊ាង​។​

​សេចក្តី​រាយ​ការ​ពី​មូលដ្ឋាន​នេះ បញ្ជាក់ថា​ភូមិឋាន​៧០​គ្រួសា​និង​ផ្លូវ ដំណាំ​កសិផល បាន​​រង​ការលេចលង់​ដោយ​ជំនន់​ទឹកភ្លៀង​តែ​រយៈពេល​ពីរ​ថ្ងៃ​តែប៉ុណ្ណោះ​ សម្រាប់​ឃុំ​មេ​ម៉​ង់​នេះ និង​បាន​ស្រក​ទៅវិញ​នៅ​ថ្ងៃទី​១០​សីហា​កន្លងទៅ​។​

​លោក ស្វាយ សំ​អ៊ាង មាន​ប្រសា​ស​ន៏​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែលជា​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ លោក​អភិបាល បាន​បញ្ជាក់ថា ដោយសារ​មួយរយៈ​កន្លងមកនេះ ខេត្តមណ្ឌលគិរី ក៏មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា បណ្តាលឱ្យ​ស្រុក​ចំនួន​០៣ ក្នុង​ខេត្ត ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ខូចខាត​នូវ​ផ្លូវ ស្ពាន និង​ផលដំណាំ​មួយចំនួន តែ​មិន​បណ្តា​ត​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​ហើយ​នៅ​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា នេះ​មាន​០៥​ភូមិ ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​។​

​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ត្រៀម​អន្តរាគមន៍​ដល់​ពលរដ្ឋ​ដែល​ជួប​គ្រោះទឹកជំនន់​ឱ្យបាន​ទាន់ពេលវេលា ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ជាពិសេស ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អាកាសធាតុ នៅពេល​មាន​ភ្លៀង​ធ្លាក់ ផ្គរ រន្ទះ ហើយក៏ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​គេង​ក្នុង​មុខជា​និច្ច ចៀសវាង​កើត​ជំងឺគ្រុនឈាម​-​គ្រុនចាញ់ និង​ជំងឺ​រាតត្បាត​ផ្សេងៗ​ផងដែរ​។​

​តាម​ការបញ្ជាក់​របស់​លោក អាន សុ​ឃីម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានឱ្យដឹងថា អំណោយ​ដែល​ចែកជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេលនេះ​រួមមាន​អង្ករ ២០ កី​ឡូ​ក្រាម , មី ០១ កេះ , ត្រីខ ០១ យួរ , ទឹកត្រី ០១ យួរ , ទឹក​សុទ្ធ ០១ ដប , អាវយឺត ០១ និង​ថវិកា ៣០ ០០០​រៀល៕B/