៧៧​នាក់​ស្លាប់ នៅពេល​ដែល​ព្យុះ​ធូលី​ដ៏​ខ្លាំង​វាយប្រហារ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​

3370
ចែករម្លែក

ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែ​ឧសភា​ថា​ព្យុះ​ធូលី​បាន​បោកបក់​កាត់​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​​ណាស់​៧៧​នាក់​និង​រងរបួស​១៤៣​នាក់​ខណៈ​ដែល​ដើមឈើ​និង​ជញ្ជាំង​ជាច្រើន បាន​ដួលរលំ​និង​ខូចខាត​ដោយ​ខ្យល់​ខ្លាំង​។​

​ក្រុមមន្ត្រី​បាន​និយាយថា ព្យុះ​ពេញ​មួយ​យប់​នេះ បាន​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​រដ្ឋ​Uttar Pradesh និង​រដ្ឋ Rajasthan ហើយ​ចំនួន​អ្នកស្លាប់ ត្រូវ​គេ​រំពឹងថា​នឹង​កើនឡើង​។​

​មនុស្ស​ចំនួន​៤៦​នាក់ ត្រូវ​បាន​បញ្ជាក់ថា​បាន​ស្លាប់​នៅ​រដ្ឋ​Uttar Pradesh និង ៣១​នាក់​បាន​ស្លាប់​នៅ​រដ្ឋ Rajasthan ។​

​ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំង​នេះ បាន​ស្លាប់​ដោយសារ​ជញ្ជាំង ដើមឈើ បង្គោល​ភ្លើង និង​ផ្ទះ បាន​រលំ​បាក់​សង្កត់​លើ​ពួកគេ​។​

​ក្រុមមន្ត្រី​បាន​និយាយថា សត្វពាហនៈ​ចំនួន​១៥៧​ក្បាល បាន​ងាប់ និង​បង្គោល​ខ្សែភ្លើង ជាង​១.០០០​ត្រូវបាន​បំផ្លាញ​នៅ​ទូ​ទាំង​រដ្ឋ​ទាំង​២​នេះ​៕ដោយ:សុខា/sn

​ព្យុះ​ធូលី គ្រប់​ដណ្តប់​លើ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ​

បុរសវ័យចំណាស់ត្រូវបានសែងចេញពីគំនរបាក់បែកនៃផ្ទះរបស់គាត់ក្រោយព្យុះនៅUttar Pradeshកាលពីថ្ងៃ៣ឧសភា