ដោយៈគូលែន/សៀមរាប: ក្នុងរយៈពេល ៧ខែ ឆ្នាំ នេះ ភ្ញៀវបរទេស មកលេងតំបន់អង្គរ មានជិត ១,៤ លាននាក់ និងរកចំណូលបានជាង ៦២ លានដុល្លារ។ នេះគឺជាការបញ្ជាក់របស់គ្រឹះស្ថានអង្គរ ដែលបានចុះផ្សាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នេះ។
គ្រឹះស្ថានអង្គរ ក៏បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំនេះ ចំណូលសរុប ដែលទទួលបានពីការលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៦.៥៨០.៥៩៨ ដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ធ្លាក់ចុះ ១៩,៨៨ភាគរយ ក្នុងចំនួនភ្ញៀវទេសចរបរទេស សរុប ១៤៩.២៦៥ នាក់ ដែលធ្លាក់ចុះ ១៩,៧០ ភាគរយ។
ដូច្នេះក្នុងរយៈពេល ៧ខែ នៃឆ្នាំ នេះចំនួនភ្ញៀវទេសចរបរទេសសរុប ដែលចូលមកទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ១.៣៩៣.៧១២ នាក់ ដែលធ្លាក់ចុះ ៩,៦៧ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨។ ក្នុងនោះចំណូលដែលទទួលបាន ពីការលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ពីភ្ញៀវសរុបមានចំនួន ៦២.៣១០.១៥៩ ដុល្លារអាមេរិក ដែលធ្លាក់ចុះ ១០,៥៦ ភាគរយ ហើយក្នុងរយៈពេលដូចគ្នានេះ ទឹកប្រាក់ ដែលបានឧបត្ថម្ភ ចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា មានចំនួនសរុបចំនួន ២.៧៨៧.៤២៤ ដុល្លារ៕សរន