៧​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​ដោយ​កាំបិត​នៅ​ក្រុងប៉ារីស​

2725
ចែករម្លែក

មនុស្ស៧នាក់រងរបួសកាលពីម៉ោង១១យប់ថ្ងៃអាទិត្យទី៩កញ្ញានៅក្រុងប៉ារីស ប្រទេសបារាំងបន្ទាប់ពីពួកគេត្រូវបានវាយប្រហារដោយបុរសប្រដាប់ដោយកាំបិតនិងដំបងដែកម្នាក់។

ប្រភពស្និទ្ធនឹងការស៊ើបអង្កេតបាននិយាយថា ជនសង្ស័យដែលជាជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានចាប់ខ្លួន តែថា”មិនមានសញ្ញាណាបង្ហាញថាវាជាអំពើភេរវកម្មទោះជាជនវាយប្រហារបានចាក់កាប់លើអ្នកដំណើរនៅតាមផ្លូវដោយមិនរើសមុខ”។

សាក្សីបាននិយាយថា បុរសជាជនសង្ស័យត្រូវបានគេវាយនិងដេញចាប់ មុនរូបគេចោលដំបងដាក់អ្នកដេញតាមនិងចាក់អ្នកដំណើរបន្ថែម។

ប៉ូលិសបានអោយដឹងថា ជនរងរបួសរួមមានអ្នកទេសចរអង់គ្លេស២នាក់និង ៤នាក់ស្ថិតក្នុងស្ថានភាពរបួសធ្ងន់។

វាជាឧបទ្ទវហេតុវាយប្រហារដោយកាំបិតចុងក្រោយមួយក្នុងចំណោមការវាយប្រហារស្រដៀងគ្នានៅបារាំងក្នុងរយៈពេលប៉ុន្មានខែមកនេះដោយការជាប់ពាក់ព័ន្ធនឹងភេរវកម្មត្រូវបានច្រានចោលក្នុងករណីជាច្រើន។

កាលពីថ្ងៃ២៣សីហា បុរសម្នាក់បានចាក់ម្តាយនិងប្អូនស្រីនិងបង្ករបួសមនុស្សម្នាក់ទៀតនៅទីប្រជុំជនមួយជិតក្រុងប៉ារីសមុនពេលត្រូវប៉ូលិសបាញ់សម្លាប់។ហេតុផលនៃអំពើហិង្សានេះនៅមិនច្បាស់ ទោះជាក្រុមរដ្ឋអ៊ីស្លាមបានប្រកាសអះអាងថាមនុស្សរបស់ខ្លួនជាអ្នកប្រព្រឹត្តក្តី។អាជ្ញាធរបាននិយាយថា បុរសនេះមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរនិងបានស្ថិតនៅក្នុងបញ្ជីតាមដានភេរវកម្មតាំងពីឆ្នាំ២០១៦។

បារាំងបានស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់រហូតចាប់តាំងពីពួកជីហាតបានវាយប្រហារជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំមកនេះ ។មនុស្សជាង២៤០នាក់ត្រូវបានសម្លាប់ដោយពួកជ្រុលនិយមអ៊ីស្លាមចាប់តាំងពីការសម្លាប់រង្គាលនៅស្នាក់ការទស្សនាវដ្តីCharlie Hebdo នៅក្រុងប៉ារីសកាលពីខែមករាឆ្នាំ២០១៥៕ដោយ៖វាសនា

ការវាយប្រហារកើតឡើងនៅសង្កាត់ទី១៩នៃក្រុងប៉ារីសកាលពីយប់ថ្ងៃអាទិត្យ

#