៧​នាក់​រងរបួស​នៅក្នុង​អគ្គិភ័យ​នៅ​សួន​កម្សាន្ត​ធំ​បំផុត​នៅ​អាល្លឺម៉ង់​

3090
ចែករម្លែក

​អ្នក​ពន្លត់​អគ្គិភ័យ​៧​នាក់ រងរបួស​នៅក្នុង​កិច្ចខិតខំ​ពន្លត់​អគ្គិភ័យ​ដ៏​ធំ​មួយ​នៅ​សួន​កម្សាន្ត​ធំ​បំផុត​របស់​អាល្លឺម៉ង់ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​ឧសភា​។​

​អគ្គិភ័យ​នៅ​ឧទ្យាន​Europa-Park​បានចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​ឃ្លាំង​ស្តុក​អីវ៉ាន់​មួយ​មុនពេល​វា​ឆេះ​រាល​ដល់​កន្លែង​ជិះទូក​Pirates of Batavia ដោយ​បំផ្លាញ​​កន្លែង​ដ៏​ទាក់ទាញ​នេះ​ទាំងស្រុង​។​

​អ្នក​ពន្លត់ភ្លើង​ប្រមាណ​២៥០​នាក់​បាន​ចំណាយពេល​រហូតដល់​ព្រឹក​ថ្ងៃអាទិត្យ​ទើប​អាច​គ្រប់គ្រង​អគ្គិភ័យ ដែល​បាន​បញ្ជូន​ផ្សែង​ពណ៌​ខ្មៅ​ចូលក្នុង​អាកាស​។​មនុស្ស​​ប្រមាណ​២៥.០០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ឧទ្យាន តែ​មិនមាន​នរណា​រងរបួស​ទេ តែ​អ្នក​ពន្លត់​អគ្គិភ័យ​៧​នាក់​បាន​រងរបួស​ស្រាល​។​

​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​មិនទាន់​ត្រូវគេ​ដឹង​នៅឡើយ​ទេ ខណៈ​អ្នក​ពន្លត់​អគ្គិភ័យ​ខ្លះ​ស្ថិតនៅ​កន្លែងកើតហេតុ​នៅ​ឡើយនិង​អ្នកជំនាញ​ចូលទៅ​វាយ​តំលៃ​ការខូចខាត​។​

​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៥ Europa-Park​ជា​ឧទ្យាន​កម្សាន្ត​មាន​ប្រជាប្រិយភាព​បំផុត​ទី​២​នៅ​អឺរ៉ុប បន្ទាប់ពី​Disneyland​ដោយ​ទាក់ទាញ​ភ្ញៀវ​ប្រមាណ​៥,៧​លាន​នាក់​កាល​​ពី​ឆ្នាំមុន​៕ដោយ៖វាសនា

​ផ្សែងខ្មៅ​ហុយ​ចូលក្នុង​អាកាស​លើ​ឧទ្យាន Europa-park​នៅ​ក្រុង​រ៉ា​ស ប្រទេស​អាល្លឺម៉ង់​ខាងត្បូង​