៧​នាក់​ស្លាប់​និង​ជិត​៩០​នាក់​រងរបួស​នៅក្នុង​អំពើ​ហិង្សា​តវ៉ា​នៅ​ឥណ្ឌា​

99
ចែករម្លែក

​មន្ត្រី​មន្ទីរពេទ្យ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា យ៉ាងហោច​ណាស់​មាន​មនុស្ស​៧​នាក់​បាន​ស្លាប់​និង​ប្រហែល​៩០ នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ខែ​កុម្ភៈ នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​ក្នុងអំឡុងពេល​ការតវ៉ា​ប្រឆាំង​ច្បាប់​សញ្ជាតិ​ថ្មី​។​

​វេជ្ជបណ្ឌិត​រ៉ា​ចេស កាល់​រ៉ា នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ញូវដែលី បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​ខែ​កុម្ភៈ​នេះ​ថា ” មនុស្ស​មួយចំនួន ត្រូវបាន​នាំ​មក​មន្ទីរពេទ្យ​​ដោយសារ​របួស​ដោយ​គ្រាប់កាំភ្លើង​”​។​

​ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​ឡើង​រវាង​មនុស្ស​រាប់ពាន់​នាក់​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​ស្តីពី​សញ្ជាតិ​ថ្មី​នេះ​។​ប៉ូលិស​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​​បែកផ្សែង​ដើម្បី​បំបែក​ហ្វូង​មនុស្ស​ដែល​ចោល​ដុំថ្ម​ក្នុងពេល​ការប៉ះទង្គិច​គ្នា​នោះ​។​

​ប៉ូលិស​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​អំពើហិង្សា​ដែល​បាន​កើតឡើង​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​ទៅ​កាន់​ទីក្រុង​នេះ​។ លោក ដូ​ណា​ល់ ត្រាំ​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នៅ​កន្លែង​មួយ​នៅ​ចម្ងាយ​ពីរ​បី​គី​ឡូ​​ម៉ែត្រ​ពី​កន្លែង​ដែល​ការ​ប៉ះទង្គិច​គ្នា បាន​កើតឡើង ។​

​ភាព​តានតឹង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​នៅតែ​មាន​កម្រិត​ខ្ពស់​នៅ​ថ្ងៃ​អង្គារ​ដោយ​សាលារៀន​ជាច្រើន នៅតែ​បាន​បិទទ្វារ​នៅឡើយ នៅ​តំបន់​ខ្លះ ចំ​ពេល​មាន​​ព័ត៌មាន​អំពី​ការ​ប៉ះទង្គិច​គ្នា​ថ្មីៗ​។ យ៉ាងហោច​ណាស់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ចំនួន​៥​នៅក្នុង​ទីក្រុង​នេះ ត្រូវ​បាន​បិទ​។​

​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ចន្ទ​នោះ គឺ​ស្ថិតក្នុង​ចំណោម​ការ​បះ​ទង្គិច​ដ៏​ខ្លាំង​បំផុត​នៅ​ទីក្រុង​ញូវដែលី​ចាប់តាំងពី​ការតវ៉ា​ប្រឆាំង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តី​​ពី​សញ្ជាតិ បាន​ចាប់ផ្តើម​កាលពី​ដើម​ខែ​ធ្នូ​។ ទីក្រុង​នេះ​បាន​ក្លាយជា​កន្លែងធ្វើការ​តវ៉ា​ប្រឆាំង​ច្បាប់​ដែល​បាន​បន្ធូរបន្ថយ​ដល់​ក្រុម​ជន​មិនមែន​អ៊ីស្លាម​មក​​ពី​ប្រទេស​ជិតខាង​ដែល​កាន់ សាសនា​អ៊ីស្លាម​ចំនួន​៣​ដើម្បី​ទទួលបាន​សញ្ជាតិ​ឥណ្ឌា​។​

​ការ​ធ្វើ​ដូចនេះ​នាំឱ្យ​មាន​ការចោទប្រកាន់​ថា​លោក ណារិ​នដ្រា ម៉ូ​ឌី​និង គណបក្ស​ជាតិ​និយម​ហិណ្ឌូ Bharatiya Janata (BJP)​របស់​លោក​កំពុងតែ​ធ្វើឱ្យ​ខូច​​ប្រពៃណី​របស់​ឥណ្ឌា​។ គណបក្ស​BJP នេះ​បដិសេធ​ការ​លម្អៀង​ណាមួយ​ប្រឆាំង​ជនជាតិភាគតិច​អ៊ីស្លាម​ជា​ង ១៨០​លាន​នាក់​នៅ​ប្រទេស​ឥណ្ឌា​ប៉ុន្តែ​ក្រុម​អ្នកប្រឆាំង​​បាន​ធ្វើ​ការតវ៉ា​និង​បោះជំរំ​ធ្វើការ​តវ៉ា​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ញូវដែលី​អស់​រយៈពេល ២ ខែ មកនេះ​៕​ប្រែ​សម្រួល​៖​សុខា​

ក្រុម​អ្នក​ដែល​គាំទ្រ​ច្បាប់​សញ្ជាតិ​ថ្មី​នេះ វាយ​បុរស​អ៊ីស្លាម​ម្នាក់​ក្នុងអំឡុង​ការប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​ដែល​ប្រឆាំង​ច្បាប់​នេះ នៅ​ទីក្រុង​ញូវដែលី​កាលពី​ថ្ងៃ​ចន្ទ​