៧​នាក់​ស្លាប់​នៅ​ឥណ្ឌា​ក្នុង​ការវាយប្រហារ​នៅមុន​ការបោះឆ្នោត​

608
ចែករម្លែក
  • 16
    Shares

​ក្រុមមន្ត្រី​បាន​និយាយ​ថា​មនុស្ស​យ៉ាងហោចណាស់​៧​នាក់​រួមទាំង​សមាជិក​សភា​ប្រចាំ​រដ្ឋ​ម្នាក់​សម្រាប់​គណបក្ស Bharatiya Janata (BJP) កំពុងកាន់​អំណាច នៅ​ឥណ្ឌា ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​២​ដាច់ដោយឡែក កាលពី​ថ្ងៃ​អង្គារ​ទី​៩​មេសា​គឺ​នៅ​ពេល​តែ​២​ថ្ងៃ​នៅ​មុនពេល​ឥណ្ឌា​ចាប់ផ្តើម​ការបោះឆ្នោត​សកល​។​

​មនុស្ស​៥​នាក់ ដោយ​រួមទាំង​លោក Bheema Mandavi សមាជិក​សភា​នៃ​គណបក្ស Bharatiya Janata ត្រូវបាន​សម្លាប់ នៅ​រដ្ឋ​Chhattisgarh ភាគ​ខាងកើត​នៃ​ប្រទេស​​ឥណ្ឌា បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​ម៉ៅ​និយម បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ពេល​ដែល​លោក​លោក Bheema Mandavi និង​ក្រុម​អ្នករួមដំណើរ​របស់លោក បាន​កំពុងបើក​​រថយន្ត​ត្រឡប់​ពី​ការធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។​

​ប៉ូលិស​បាន​និយាយថា នៅក្នុង​ការវាយប្រហារ​ដាច់ដោយឡែក​មួយ ជន​ប្រដាប់អាវុធ​មួយ​ក្រុម​បាន​សម្រុកចូល​មន្ទីរពេទ្យ​មួយ នៅ​រដ្ឋ​Jammu និង​តំបន់​កា​ស្មៀរ​ហើយ​បាន​សម្លាប់​​លោក Chandrakant Sharma មេដឹកនាំ​នៃ​ក្រុម​អ្នក​កាន់​សាសនា​ហិណ្ឌូ​ក្នុង​តំបន់ ដែលមាន​ទំនាក់ទំនង​ជាមួយ​គណ​បក្ស​Bharatiya Janata ជាមួយនឹង​អង្គរក្ស​របស់​លោក ។​

​ក្រុម​អាជ្ញាធរ​បាន​ដាក់​បំរាម​គោចរ​មិន​កំណត់​មួយ​នៅ​ទីក្រុង Kishtwar ដែល​ជាប់​ព្រំដែន​តំបន់​កា​ស្មៀរ​មាន​ជម្លោះ ដែលមាន​អ្នក​កាន់​សាសនា​​អ៊ីស្លាម​ភាគច្រើន​ហើយ​បាន​បញ្ជូន​កងទ័ព​ទៅ​តំបន់​នោះ​៕​ប្រែ​សម្រួល​៖​សុខា​

ទាហាន​ឥណ្ឌា ឈរ​យាម​នៅ​ផ្លូវ​មួយ​នៅ​ខាងក្រៅ​ទីក្រុង​Srinagar កាលពី​ថ្ងៃទី​៧​ខែ​មេសា​ឆ្នាំ​២០១៩

#