៧​នាក់​ស្លាប់ ជាង​៤០​នាក់​ជាប់​ក្នុង​គំនរ​អាគារ​បាក់​នៅ​រុស្ស៊ី​

453
ចែករម្លែក

​បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​បាន​រាយការណ៍​ថា មនុស្ស​ដល់​ទៅ​៤០​នាក់​អាច​នៅជាប់​ក្នុង​គំនរ​បាក់បែក​នៃ​ប្លុក​អាគារ​ផ្ទះល្វែង​របស់​រុស្ស៊ី​មួយ​ដែល​បានរ​លំបាក់​មួយផ្នែក​​ដោយ​ការផ្ទុះ​ហ្គាស​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​ធ្នូ ដោយបាន​សម្លាប់​មនុស្ស​៧​នាក់​។​

​ការផ្ទុះ ដែល​គេ​គិតថា​បណ្តាលមកពី​ការ​លេច​ធ្លាយ​ហ្គាស បាន​បណ្តាលអោយ​ខូច​ផ្ទះល្វែង​៤៨​នៅក្នុង​ប្លុក​អាគារ​កំពស់​៩​ជាន់​នៅ​ក្រុង ម៉ាក​នី​តូ​ហ្គ​សក៍ នៃ​តំបន់​អ៊ូ​រ៉ា​ល់​​ចម្ងាយ​ប្រមាណ​១.៧០០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​មូ​ស្គូ​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជិះ​យន្តហោះ​ទៅកាន់​ទីក្រុង ម៉ាក​នី​តូ​ហ្គ​សក៍ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ដើម្បី​សួរសុខទុក្ខ​អ្នករងរបួស​និង​ជួបប្រជុំ​ជាមួយ​អាជ្ញា​​ធរ​មូលដ្ឋាន​អំពី​ការងារ​ជួយសង្គ្រោះ​។​លោក​បាន​ទៅ​មើល​បុគ្គលិក​ជួយសង្គ្រោះ​ដែល​ធ្វើការ​ក្នុង​អាកាសធាតុ​ត្រជាក់​ដក​២២​អង្សា​សេ​(-២២ Celsius )​។​

​រដ្ឋមន្ត្រី​គ្រាអាសន្ន​លោក យេ​វ​ហ្គេ​នី ហ្ស៊ី​នី​ឆេវ បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោកពូ​ទីន​ថា អាចមាន​អ្នក​នៅជាប់​ក្រោម​គំនរ​បាក់បែក​ពី​៣៦​ទៅ​៤០​នាក់​។​លោក​​បាន​បន្តថា ក្រោយ​រកឃើញ​អ្នកស្លាប់​៤​នាក់​កាលពី​ដំបូង សាកសព​៣​ទៀត​ត្រូវបាន​រកឃើញ​បន្ថែម​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រី​សុខាភិបាល​បាន​និយាយថា ឱកាស​នៃ​ការរកឃើញ​អ្នក​នៅមាន​ជីវិត​កាន់តែ​អស់​ទៅ និង​ការងារ​ស្វែងរក​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ខណៈ​អគារ​​អាចរ​លំបាក់​បន្ថែម​៕ដោយ៖វាសនា

ការផ្ទុះ​នៅ​ប្លុក​អាគារ​ផ្ទះល្វែង​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក ពេល​អ្នកស្រុក​កំពុង​ដេកលក់​