៧​មករា​ឆ្នាំនេះ ធ្វើ​ធំ​នៅ​កោះ​ពេជ្រ ដោយមាន​មហាជន​ចូលរួម​ប្រមាណ​៥​ម៉ឺន​នាក់ ​ ​

376

(​ភ្នំពេញ​) ៖ ពិធី​រំឭក​ខួប​លើក​ទី​៣៩ នៃ​ទិវា​ជាតិ​៧​មករា (១៩៧៩-២០១៨) នឹង​ប្រារព្ធ​ឡើង នា​ថ្ងៃទី​០៧ ខែមករា​ខាងមុខ​នៅ​សា​លម​ហោ​​ស្រព​កោះ​ពេជ្រ ដែល​នឹងមាន​មហាជន​មកពី​គ្រប់ទិសទី​ចូលរួម​ជិត​៥​ម៉ឺន​នាក់ ។​
​ ​
​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​នេះ ជាមួយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថា ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩​ឆ្នាំនេះ​នឹងធ្វើ​ឡើង ដោយមាន​មហាជន​ចូលរួម​ចំនួន​៤៥០០០​នាក់ ហើយ​​ក្នុង​ចំនួន​នេះ​សម្រាប់​រាជធានី​ភ្នំពេញ មាន​មហាជន​មកពី​បណ្តា​ខណ្ឌ​ទាំង​១២ ចំនួន​២៥០០០​នាក់​។ ​

​លោក​បញ្ជាក់ថា ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩​ឆ្នាំនេះ ធ្វើឡើង​ធំ​ជាង​បណ្តាល​ឆ្នាំមុនៗ ដោយ​កន្លងមកនេះ​យើង​ធ្លាប់តែ​ធ្វើ​នៅក្នុង​​ទីតាំង​គ​៨៥ (​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ចំការមន​) ដែល​ដាក់​មហាជន​បានតែ​ប្រមាណ​១៦០០​នាក់​ប៉ុណ្ណោះ​។ តែ​ឆ្នាំនេះ ជា​លើក​ទី​១​ហើយ ដែល​នឹង​ធ្វើឡើង​ដោយមាន​មហាជន​ចូលរួម​រហូតដល់​ចំនួន​៤៥០០០​នាក់​។​
​ ​
​សូមជម្រាបថា ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ ចាត់ទុកថា​ជា​ថ្ងៃកំណើត​ទី​២ ក្រោយ​កម្លាំង​ចលនា​តស៊ូ ដែល​ដឹកនាំ​ដោយ​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយបាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម ដែល​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៧៥​មក ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​
​ ​
​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​នេះ​មក រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ខិតខំ​ប្រឹងប្រែង​​ស្វែងរក​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ជូន​ប្រជាជាតិ​កម្ពុជា រហូតដល់​ប្រទេស និង​ប្រជាពលរដ្ឋ​មាន​ភាពសម្បូរ​សប្បាយ​និង​មាន​​ជីវភាព​ធូរធា​ដូច​ពេលបច្ចុប្បន្ន​។​

​ដោយសារ​គុណបំណាច់​ថ្ងៃជ័យ​ដ៏​ធំ​នេះហើយ ទើប​រាជរដ្ឋាភិបាល មកពី​គណបក្ស​ប្រជាជន និង​ប្រជាពលរដ្ឋ​កម្ពុជា កំណត់​យក​ថ្ងៃទី​០៧ ខែមករា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​មួយ​ដ៏​អ​ធឹ​កអាធ​ម​ជា​រៀងរាល់ឆ្នាំ នៅ​ប្រទេស​កម្ពុជា​៕​ដោយ​៖​វិបុល​/sn