៨​ខែនៃ​ឆ្នាំនេះ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​ជាង​៤​លាន​នាក់​កើនឡើង​១០,៤% ខណៈ​ភ្ញៀវ​ខ្មែរ​ជាង​១​លាន​​​​​​​នាក់​ចេញ​កម្សាន្ត​ក្រៅ​ប្រទេស

228
ចែករម្លែក

​​ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ ​៖ តាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា រយៈពេល​៨​ខែនៃឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ចំនួន ៤,៣៦០,៣៩៧​នាក់ កើនឡើង​១០,៤% បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ។​ក្នុងនោះ ភ្ញៀវទេសចរ​ចូល​តាមផ្លូវ​អាកា​សមាន​ចំនួន ៣.១០៤.៤៨៩​នាក់ ស្មើនឹង​៧១,២% នៃ​ចំនួន​ភ្ញៀវ​សរុប ដែលមាន​កើន​១៦,៦% (​ក្នុងនោះ ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន ១,៤២៧,៤៨៧​នាក់ កើន​១៤,៧%, តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ១.១៨៨.២៥៤​នាក់ ថយចុះ​៩,១% និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ចំនួន ៤៨៨.៧៤៨​នាក់ កើនឡើង​៣៤៣,៥%)​។​

​ដោយឡែក ភ្ញៀវទេសចរ​ដែល​ចូលមក​តាមផ្លូវ​គោក​មាន​ចំនួន​១.១៦០.៧៤៦​នាក់ ស្មើនឹង​២៦,៦% នៃ​ចំនួន​សរុប ថយចុះ​២,៩% និង​ភ្ញៀវទេសចរ​ចូល​តាមផ្លូវ​ទឹក​មាន​ចំនួន​៩៥.១៦២​នាក់ ស្មើនឹង​២.២% នៃ​ចំនួន​សរុប កើនឡើង​២,៩%​។​

​ព្រម​ជាមួយគ្នានេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ដែល​ទៅ​ទស្សនា​តំបន់​អាទិភាព នៅក្នុង​រយៈ​៨​ខែឆ្នាំ​នេះ​ដូចជា​៖

  • តំបន់​ភ្នំពេញ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ២.៨០៨.៥៦១​នាក់ ស្មើនឹង​៥៣,៨% នៃ​ចំនួន​ភ្ញៀវ​សរុប កើនឡើង​២៧,៤%​។
  • សៀមរាប​អង្គរ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១.៥៥១.៨៣៦​នាក់ ស្មើនឹង​២៩,២% នៃ​ចំនួន​ភ្ញៀវ​សរុប ថយចុះ​១១,១%​។
  • តំបន់ឆ្នេរ​សមុទ្រ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៨០៤.៥៣៧​នាក់ ស្មើនឹង​១៥,២% កើនឡើង​៣៦,៥%​។
  • តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦ​សាន្ត ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ៥៦.៧២៣​នាក់ ស្មើនឹង​១,១% កើនឡើង​៩,១%​។
  • តំបន់​ប្រាសាទព្រះវិហារ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​៣៦.៩៥៧​នាក់ ថយចុះ​៣,៣%​។​

​ជាងនេះទៀត នៅ​៨​ខែ ដើមឆ្នាំ​នេះ មាន​ទេសចរ​កម្ពុជា ចេញទៅ​ក្រៅប្រទេស​ចំនួន ១.៣៤៧.០៦០​នាក់ កើនឡើង​៤,៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៦​លាន​នាក់​៕B/សរន