៨​នាក់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ចាប់ពង្រត់​រថយន្តក្រុង​និង​បើក​បុក​ហ្វូង​អ្នកដំណើរ​នៅ​ចិន​

567
ចែករម្លែក

​មនុស្ស​៨​នាក់​ត្រូវបាន​សម្លាប់​និង​២២​នាក់​រងរបួស​ក្រោយ​រថយន្តក្រុង​ដែល​ត្រូវបាន​ចាប់ពង្រត់​មួយ​បាន​បុក​អ្នកដំណើរ​នៅក្នុង​ខេត្ត​ហ្វ៊ុ​យ​ជាំ​ង​ភាគ​ខាងកើត​កាលពី​ថ្ងៃ​​អង្គារ​ទី​២៥​ធ្នូ​។​

​ទូរទស្សន៍​ចិន​CGTN បាន​និយាយថា​ជន​ចាប់ពង្រត់​ដែល​កាន់​កាំបិត​ត្រូវបាន​ចាប់ខ្លួន​សួរចម្លើយ​ដោយ​ប៉ូលិស​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​រសៀល​ថ្ងៃ​អង្គារ​នៅក្នុង​ទីក្រុង​ឡុង​យ៉ាន ។​ប៉ូលិស​ម្នាក់​ស្ថិត​ចំណោម​អ្នកស្លាប់​។​

​រូប​វីដេអូ​បង្ហាញ មនុស្ស​រងរបួស​ជាច្រើន​ដេក​ដួល​លើផ្លូវ​ជិត​រថយន្តក្រុង​ដែល​បុក​ខ្ទេច​ខាងមុខ​។​វា​ក៏​បង្ហាញ​ប៉ូលិស​ចាប់​មនុស្ស​ម្នាក់​រុញ​ខ្ទប់​ទៅនឹង​ដី​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ បាន​រាយការណ៍​ថា ជនសង្ស័យ​ជា​បុរស​អាយុ​៤៨​ឆ្នាំ​។​ជននេះ​បាន​វាយប្រហារ​អ្នកដំណើរ​ស្រី​ម្នាក់​មុន​ចាប់យក​រថយន្ត​ក្រុម​មក​គ្រប់គ្រង​។​

​ចិន​ជួប​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​ដូច្នេះ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំនេះ​។​កាលពី​ចុងខែ​វិច្ឆិកា រថយន្ត​មួយ​បាន​បើក​បុក​ចូល​ហ្វូង​សិស្ស​មួយក្រុម​ដែល​ឆ្លងកាត់​ផ្លូវ​នៅមុខ​សាលា​បឋម​​សិក្សា​មួយ​ក្នុង​ខេត្ត​ឡាវ​និ​ញ ដោយ​សម្លាប់​មនុស្ស​៥​នាក់​និង​របួស​យ៉ាងតិច​១៩​នាក់​។​

​នៅ​ខែតុលា មនុស្ស​៣​នាក់​ត្រូវបាន​សម្លាប់​នៅពេល​បុរស​ម្នាក់ បាន​បើក​រថយន្តបុក​ចូល​ហ្វូងមនុស្ស​នៅក្នុង​ខេត្ត​ហ្សេ​ជាំ​ង ក្រោយ​ចាក់​សម្លាប់​មនុស្ស​។​នៅ​មួយខែ​មុន​នោះ​​បុរស​ម្នាក់​ក៏បាន​បើករថយន្ត​បុក​ចូល​ហ្វូងមនុស្ស​នៅក្នុង​ខេត្ត​ហ៊ី​ណាន មុន​ចាក់​កាប់​អ្នក​ឈរ​មើល​ដោយ​មិន​រើសមុខ​។​ឧបទ្ទវ​ហេតុនេះ​បានសម្លាប់​មនុស្ស​១១​នាក់ និង​របួស​៤៤​នាក់​។​

​បទឧក្រិដ្ឋ​ហិង្សា​មាន​កំណើន​នៅ​ចិន​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ខណៈ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​កាន់តែ​កាន់តែ​រីគ​ធំ​យ៉ាង​លឿន​៕​ដោយ​៖​វាសនា​