​កងទ័ពជើងគោក​កម្ពុ​ជា​-​សិង្ហ​បុរី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​

164
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្គូ ស៊ី​ហ៊ូ (GOH SI HOU) មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​។​


​នៅក្នុង​ជំនួប​ពិភាក្សា ក្នុងនាម​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១​របស់​មេបញ្ជាការ​កង​ទ័ពជើងគោក​សិង្ហ​បុរី​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​ដែល​អាច​ចាត់ទុកថា​ជា​និមិត្តរូប​នៃ​ការបន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​ឆ្លៀត​យក​ឱកាស​នេះ​ថែ្ល​ង​អំណរគុណ​ចំពោះ​កងទ័ព​សិង្ហ​បុរី​ដែល​កន្លងមក​តែង​បាន​ជួយ​បណ្តុះបណ្តាល​នាយទាហាន​វ័យក្មេង​កម្ពុជា​និង​បាន​សំណូមពរ​ឱ្យ​សិង្ហ​បុរី​បន្ត​ផ្តល់​ការគាំទ្រ​បន្ថែមទៀត​លើ​វិស័យ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​។​

ចំណែក​មេបញ្ជាការ​កង​ទ័ពជើងគោក​សិង្ហ​បុរី​បាន​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ​និង​បានបង្ហាញ​ភាព​រីករាយ​ចំពោះ​ការ​បាន​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​នៅក្នុង​ខេត្តសៀមរាប ព្រមទាំង​បានកត់សម្គាល់​អំពី​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៃ​រាជធានី​ភ្នំពេញ​ក្នុង​បរិ​យាស​កាស​ប្រកបដោយ​សុខសន្តិភាព​។

​មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី​បាន​បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១​របស់​មេបញ្ជាការ​កង​ទ័ពជើងគោក​កម្ពុ​ជាកា​លពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​និង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១​របស់លោក​នាពេលនេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដ៏​ល្អ​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ព​របស់​ប្រទេស​ទាំងពីរ​ដោយ​នឹង​បន្ត​ជំរុញ​អនុវត្ត​ការងារ​ដែល​បាន​ពិភាក្សា​និង​ឯកភាព​ព្រមព្រៀងគ្នា​កន្លង​មកឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕S/

​រូប​ថ​តៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី​