​កង​ពិសេស លើក​ទំនប់ និង​ជីក​ប្រឡាយ​

1099

ដោយ​: សែម ដា​រ៉ានី និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង
​ខ្ញុំ​ឈ្មោះ អ៊ី​ញ រឹម មាន​អាយុ​៥៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ដ​កំពត​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ ក្រោយពេល​យោធា​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កម្មាភិបាល​ខ្មែរក្រហម​នៅ​ភូមិភាគ​និរតី​បាន​ជម្លៀស​ខ្ញុំ និង​ប្រជាជន​ដទៃទៀត​ដែល​រស់នៅ ក្នុង​ខេត្ដ​កំពត ឲ្យ​ទៅ​រស់នៅ​ក្នុងភូមិ​អន្លង់​រុន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ កាលនោះ ខ្ញុំ​ទើប​មាន​អាយុប្រមាណ​ជា​១៧​ឆ្នាំ​ប៉ុណ្ណោះ​។ ឪពុក​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល ក្រោយពី​ស៊ើប ដឹងថា​គាត់​ធ្លាប់ជា​អតីត​ទាហាន​ក្នុង​របប លន់ នល់ ពាក់​ស័ក្ដិ​ប្រាំ រួមជាមួយ​សាច់ញាតិ​របស់គាត់​មួយចំនួនទៀត​។ ចំណែក​ម្ដាយ​របស់ខ្ញុំ ខ្មែរក្រហម​មិនបាន​ជម្លៀស​ទៅជា​មួយ​ខ្ញុំ​ទេ ព្រោះ​គាត់​មាន​វ័យ​ចាស់ជរា​ណាស់​ទៅហើយ ដូច្នេះ​ខ្មែរក្រហម​ឲ្យ​គាត់​នៅផ្ទះ​។ ការងារ​សម្រាប់​ប្រជាជន​ដែល​ខ្មែរក្រហម​ជម្លៀស​មក នៅ​ស្រុក​ថ្មពួក​នៅពេលនោះ រួមមាន ដក​ស្ទូង ច្រូតកាត់ លើក​ទំនប់ និង​ជីក​ប្រឡាយ ដែល​សុទ្ធ​ជាការ​ងារ ត្រូវ​ប្រើ​កម្លាំង​យ៉ាងធ្ងន់ធ្ងរ ហើយ​គ្មាន​ពេល​ឈប់សម្រាក​ឡើយ​។

សែម ដា​រ៉ានី និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង

​ខ្ញុំ​បាន​ខិតខំ​បំពេញការងារ​តាម​អង្គការ​បានដាក់​ឲ្យ​ធ្វើ ដោយ​មិន​ហ៊ាន​ឈប់សម្រាក​ឡើយ​។ ដោយ​មើលឃើញ​ពី​ភាពរហ័សរហួន ភាព​ហ្មត់ចត់ និង​ធ្វើការ​អស់ពី​កម្លាំងកាយ​របស់ខ្ញុំ ខ្មែរក្រហម​ក៏បាន​កត់​ឈ្មោះ​ខ្ញុំ​ឲ្យ​ចូលធ្វើការ​ក្នុង​កង​ពិសេស​។ ទោះ​ដឹងថា​ការងារ​នេះ​លំបាក​យ៉ាងណាក្ដី ក៏​ខ្ញុំ​មិន​ហ៊ាន​ប្រកែក ដែរ គឺ​ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ធ្វើ​តាមតែ​ខ្មែរក្រហម​ចាត់តាំង​។ សម្រាប់​កងកម្លាំង​ពិសេស នៅពេលនោះ​គឺត្រូវធ្វើ​ការងារ​ធ្ងន់ធ្ងរ ជាង​កងកម្លាំង​ចល័ត​ទូទៅ ព្រោះ​ខ្ញុំ​ត្រូវ​ទៅធ្វើ​ការងារ​ដែល​លំបាក​ខ្លាំង ដែល​អ្នក ផ្សេង​ធ្វើ​មិនទាន់​រួចរាល់​។ សម្រាប់​កង​ពិសេស​ត្រូវបាន​ខ្មែរក្រហម​បែងចែក​ម៉ោង​ឲ្យ​ធ្វើ​ការងារ​យ៉ាង ច្បាស់ លាស់ គឺ​ពេលព្រឹក​ត្រូវ​ធ្វើការ​ចាប់ពី​ម៉ោង​៧ រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ និង​ពេល​រសៀល​ចាប់ពី​ម៉ោង​១ ទៅដល់​ម៉ោង​៥​ល្ងាច ទើប​អាច​ឈប់សម្រាក​បាន​។ ប៉ុន្តែ ប្រសិនបើ​អង្គការ​ខ្វះខាត​កម្លាំង គឺ​ខ្ញុំ​ត្រូវ​ចេញ ទៅ​ធ្វើការ​បន្ថែមទៀត ចាប់ពី​ម៉ោង ៦​ល្ងាច រហូតដល់​ម៉ោង​១១​យប់ ទើប​អាច​ចូល​សម្រាក​បាន​។ ដោយសារតែ​កង​ពិសេស​ជា​ក្រុម​ប្រើ​កម្លាំងបាយ​ក្នុងការ​បំពេញការងារ ដូច្នេះហើយ​ទើប​ខ្មែរក្រហម​ឲ្យ កង​ពិសេស ហូបបាយ​ពីរ​ពេល​ក្នុង​មួយថ្ងៃ គឺ​នៅ​ម៉ោង​១១:៣០​នាទី​ថ្ងៃត្រង់ និង​ពេល​រសៀល​នៅ​ម៉ោង​៥​។ ជា​រៀងរាល់ថ្ងៃ ចុងភៅ​បានធ្វើ​បង្អែម​ឲ្យ កង​ពិសេស​ហូប​ថែមទៀត​។ បើទោះបីជា​កង​ពិសេស ទទួលបាន​របប​បាយ​ក៏ដោយ ក៏​របប​អាហារ នោះ​មិន​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ដែរ​។ នៅពេលនោះ ចុងភៅ​បានផ្តល់​របប​អាហារ​ឲ្យ​កង​ប្រុសៗ និង​ស្រីៗ ក្នុង​ម្នា​ក់មួយ​កូនចាន​ចង្កឹះ​ស្មើគ្នា ក្នុង​មួយពេល​។​

​ចំណែក​ការ​ស្នាក់នៅ​របស់​កង​ពិសេស ខ្មែរក្រហម​បាន​បែងចែក​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា ទៅតាម​ក្រុមៗ និង​តាម​តំបន់​។ ខ្មែរក្រហម​បានកំណត់​សម្រាប់​កង​ធំ​មាន​សមាជិក​៤០​នាក់ និង​មាន ប្រធាន​ម្នាក់ រួមទាំង​គណៈ​គ្រប់គ្រង ចំណែក​កង​តូច មាន​សមាជិក​៣០​នាក់ និង​មាន​ប្រធាន​កង ម្នាក់​ដូច​កង​ធំ​ដែរ​។ សម្រាប់​កន្លែង​ខ្លះ ខ្មែរក្រហម​បាន​សង់រោង​ឲ្យ​កង​ស្ត្រី និង​កង​បុរស​ស្នាក់នៅ ក្បែរ​គ្នា ចំណែក​កន្លែង​ខ្លះទៀត ខ្មែរក្រហម​បាន​បែងចែក​ឲ្យ​កង​ប្រុសៗ​នៅ​ឆ្ងាយ​ពី​កង​ស្ត្រី ដើម្បី​កុំ​ឲ្យ បុរស និង​ស្ត្រី​មាន​ទំនាក់ទំនង​ជាមួយគ្នា​ខ្លាចក្រែង​ប្រ​ព្រឹ​ត្ដ​ខុសសីលធម៌​។ ដោយសារ​កង​ពិសេស​ត្រូវ បាន​ខ្មែរក្រហម​ប្រើ​ឲ្យ​ធ្វើ​ការងារ​ច្រើនជាង​កងចល័ត​ធម្មតា ដូច្នេះហើយ​ទើប​ខ្មែរក្រហម​បាន​យក​ចិ​ត្ដ ទុកដាក់​ជាពិសេស​ទៅលើ​សមាជិក​ក្នុង​កង​ពិសេស និង​មកលើ​ខ្ញុំ​នៅពេល​ឈឺ​ថ្កាត់ ច្រើនជាង​កងចល័ត​ធម្មតា​។ ខ្មែរក្រហម​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​ឈប់សម្រាក​មួយរយៈ ហើយ​បាន​ឲ្យ​ថ្នាំសង្កូវ​មួយចំនួន មក​ខ្ញុំ​លេប​ព្យាបាល​ជំងឺ​ទៀតផង ព្រោះ​កង​ពិសេស​ត្រូវបាន​អង្គការ​ចាត់ទុកថា ជា​កម្លាំង​ស្នូល​សំខាន់ ក្នុងការ​បង្កបង្កើនផល​។

​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ផ្លាស់ប្តូរ​កន្លែង​ឲ្យ​ធ្វើការ​ពីមួយ​កន្លែង​ទៅ​កន្លែង​មួយ រហូត​ទៅ​ជីក​ប្រឡាយ​នៅ​អូរ​តា​គី ក្នុង​ខេត្ដ​បាត់ដំបង​។ ការងារ​នៅ​ទីនោះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ការងារ​ដក​ស្ទូង​ទៅទៀត ព្រោះ​ខ្ញុំ​ត្រូវបាន​ប្រើ​ឲ្យ​ជីក​ប្រឡាយ​យ៉ាងជ្រៅ​។ ចំណែក​រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅចាំ​មិន​ភ្លេច​នោះ គឺ​របួស​របស់ខ្ញុំ​ដែល​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​រហូតមកដល់​សព្វថ្ងៃ ដោយសារ​មុត​ផ្លែចប​នៅពេល​កាប់​ដី​។ ដោយសារ​ភាពភ័យខ្លាច​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​រឹតតែ​ខិតខំ​បំពេញការងារ​ដោយ​មិន​ខ្វាយខ្វល់ ឬ​គិតពី​មុខរបួស​។ ខ្ញុំ​បានរស់នៅ​ឃ្លាតឆ្ងាយ​ពី​ឪពុកម្ដាយ និង​សាច់ញាតិ​ជិត​ឆ្ងាយ​អស់​រយៈពេល​ជាង​៣​ឆ្នាំ ខុសប្លែក​ពី​ប្រជាជន​មួយចំនួន​ដែល​ខ្មែរក្រហម​ជម្លៀស​មកពី​ខេត្តតាកែវ​ជាមួយ​ខ្ញុំ បាន​ស្នើសុំ​ខ្មែរក្រហម​មកលេង​ឪពុកម្ដាយ​នៅ​ស្រុកកំណើត​។ ពេលនោះ ខ្ញុំ​បាន​ជួបប្រទះ​ការលំបាក វេទនា​យ៉ាងខ្លាំង ទាំង​ការ​ស្នាក់នៅ និង​ការហូបចុក​។ ប៉ុន្តែ​ដោយសារ ខ្ញុំ​មាន​ដើមកំណើត​ជា​កូន​កសិករ និង​ធ្លាប់​ស៊ាំ​ជាមួយ​ការងារ​លំបាក​គ្រប់បែបយ៉ាង ទើប​ខ្ញុំ​អាចធ្វើ​ការងារ​ធ្ងន់​បាន​។ ខ្ញុំ​ក៏មាន​ការអាណិតអាសូរ​ប្រជាជន​ថ្មី​មួយចំនួន​ដែល​ធ្លាប់​រស់នៅក្នុង​ទីក្រុង និង​មិន​ធ្លាប់ធ្វើ​ការងារ​ធ្ងន់ៗ​ពីមុនមក​ដែរ​។ ការងារ​ស្រែចម្ការ បានធ្វើ​ឲ្យ​ប្រជាជន​ថ្មី​ទាំងនោះ​ជួប​ការលំបាក​យ៉ាងខ្លាំង និង​ត្រូវ​ប្រឈម​ជាមួយ​ការបរិភោគ​មិន​គ្រប់គ្រាន់​ទៀតផង​។ ប្រជាជន​ទាំងនោះ​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងខ្លាំង​តាម​ផែនការ​របស់​ខ្មែរក្រហម​កំណត់ ប៉ុន្តែ​ប្រសិនបើ​ធ្វើ​មិនបាន​តាម​ផែនការ គឺអាច​នឹងមាន​វាសនា​ដូច​ពាក្យស្លោក​មួយ​ឃ្លា​ថា ”​ទុក​ក៏​មិន​ចំណេញ ដកចេញ​ក៏​មិន​ខាត​” ។

​នៅពេលនោះ កង​ពិសេស គឺជា​ក្រុម​ដែល​ខ្មែរក្រហម​បានចាត់ទុក​ថា​ជាម​នុស្ស​សំខាន់ និង​ជា​ប្រជាជន​គំរូ ដូច្នេះ​ប្រសិនបើ​សមាជិក​ក្នុង​កង​ណា​ម្នាក់​ប្រព្រឹត្ត​ខុសឆ្គង គឺ​ត្រូវ​រង​ទារុណកម្ម​ធ្ងន់​ជាង​កងចល័ត​ធម្មតា​ទៅទៀត​។ នៅពេល​បំពេញការងារ ខ្មែរក្រហម​មាន​ម៉ាស៊ីន​សម្រាប់​ថត​យក​រូ​ប​ភាព​កង​ពិសេស​ទាំងនោះ ដើម្បី​បង្ហាញ​ដល់​កងចល័ត​ធម្មតា​ផ្សេងទៀត​ឲ្យ​យក​ជា​គំរូ​តាម​នៅពេល​ប្រជុំ​ស្វ័យទិតៀន​ម្តង​។ នៅ​រាល់ពេល​សម្រាក និង​ពេលធ្វើ​ការងារ គឺមាន​ឈ្លប​ចាំ​តាមដាន​រាល់​សកម្មភាព​របស់​ក​ង​ពិសេស ជាពិសេស​ពេល​កង​ពិសេស​សម្រាក​ពេលយប់​។ កងឈ្លប​បានមក​លួច​ស្ដាប់​ខ្លាចក្រែង​កង​ពិសេស​ក្បត់ ឬ​ចង់​ធ្វើ​សកម្មភាព​ផ្សេងៗ​ប្រឆាំងនឹង​អង្គការ​។ កងឈ្លប​ទាំងនោះ​មាន​សិទ្ធិ​រាយការណ៍​ទៅប្រាប់​ថ្នាក់លើ​បន្ដ ដើម្បី​យក​អ្នក​ដែលមាន​បំណង​ប្រឆាំងនឹង​ខ្មែរក្រហម​ទៅ​កែប្រែ​។​

​ខ្ញុំ​នៅចាំ​បាន​ថា នៅ​ឆ្នាំ​១៩៧៨ មាន​នារី​ម្នាក់ និង​បុរស​ម្នាក់​នៅក្នុង​កង​ពិសេស បាន​ប្រ​ព្រឹ​ត្ដិ​ខុសសីលធម៌ ដោយបាន​ស្រឡាញ់គ្នា ដែល​ល្មើ​សនឹង​វិន័យ​ដែល​អង្គការ​បាន​ហាមប្រាម​។ កងឈ្លប​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ពី​រឿងនេះ បន្ទាប់មក​ក៏​យក​បុរស និង​នារី​នោះ​ទៅធ្វើ​ការកែប្រែ​ម្ដង​ជា​ពីរដង​។ ស្រាប់តែ​ថ្ងៃមួយ​នៅពេល​កំពុង​បំពេញការងារ កងឈ្លប​ក៏បាន​មក​ចាប់​អ្នក​ទាំងពីរ​ចង​សា្ល​ប​សេក និង​វាយ​នឹង​ដំបង​នៅតាម​ផ្លូវ​។ ខ្ញុំ​រន្ធត់ និង​ភ័យខ្លាច​យ៉ាងខ្លាំង​ពេល​ឃើញ​ហេតុការណ៍​នេះ​។ លុះដល់​ពេល​រសៀល ខ្មែរក្រហម​បាន​ប្រើ​ខ្ញុំ​ឲ្យ​ទៅ​ហៅ​សមាជិក​កង​ពិសេស​ទាំងអស់​ឲ្យ​មក​ចូលរួម​ប្រជុំ ស្រាប់តែ​ឃើញ​នារី និង​បុរស ដែល​ឈ្លប​ចាប់​យកទៅ​កាលពី​ព្រឹក​នៅ​ទី​នោះដែរ​។ អ្នក​ទាំងពីរ​បាន​ស្រក់​ទឹកភ្នែក និង​រៀបរាប់​អង្វរករ​ឈ្លប​ទាំងនោះ​។ ភ្លាមនោះ ឈ្លប​ខ្មែរក្រហម​បាន​យក កូនកាំបិត​មក​វះ​ពោះ​បុរស និង​នារី​នោះ​នៅ​ចំពោះមុខ​កង​ពិសេស​ទាំងអស់ ដើម្បី​ជា​មេរៀន កុំ​ឲ្យ​អ្នកផ្សេង​ប្រ​ព្រឹ​ត្ដ​ខុសសីលធម៌​បែបនេះ​ទៀត​។ ចាប់តាំងពី​ពេលនោះ​មក គ្មាន​នរណាម្នាក់​ហ៊ាន​ប្រព្រឹត្ត​ខុស​វិន័យ​របស់​ខ្មែរក្រហម​ឡើយ​។ នៅពេល​ព្រឹ​ត្ដិ​ការណ៍​ដែល​គួរ​ឲ្យ​រន្ធត់​តក់ស្លុត​នេះ​កន្លងផុតទៅ​មិនបាន​ប៉ុន្មាន​ផង អង្គការ​បានអនុញ្ញាត​ឲ្យ​កង​ពិសេស​មាន​សិទ្ធិ​ស្នើសុំ​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ដ​។ ទោះបីយ៉ាងណា សម្រាប់​កង​ពិសេស​ម្នា​ក់មាន​សិទ្ធិ​ស្នើសុំ​បានតែ​ម្ដង​ប៉ុណ្ណោះ​។​

​ខ្ញុំ​បានធ្វើការ​នៅក្នុង​កង​ពិសេស​រហូតដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួលរលំ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ទើប​ខ្ញុំ​ធ្វើដំណើរ​ត្រឡប់មក​ស្រុកកំណើត​នៅ​ខេត្ដ​កំពត​វិញ​។ គ្រួសារ​របស់ខ្ញុំ​មាន​ដីស្រែ​សម្រាប់​បង្កបង្កើនផល​ចំនួន​១៥០​រ៉ៃ ប៉ុន្តែ​ដោយសារ​ភូមិ​របស់ខ្ញុំ​ពុំទាន់​មាន​អ្នកគ្រប់គ្រង​ច្បាស់លាស់ ដូច្នេះ​ប្រជាជន​បាន​ចាប់ដី និង​រៀបចំ​កន្លែង​ស្នាក់នៅ​រៀងៗ​ខ្លួន​។ នៅពេលនោះ ដោយសារ​ខ្ញុំ​នៅសល់​សាច់ញាតិ​តិច ជាពិសេស ឪពុក​និង​បងប្អូន​ដែល​ធ្លាប់​បម្រើការ​ក្នុង​របប លន់ នល់ ត្រូវបាន​ខ្មែរក្រហម​សម្លាប់​អស់ ទើប​ខ្ញុំ​សម្រេច​ចិ​ត្ដ​ផ្លាស់​ទីលំនៅ​មក​រស់នៅក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ រហូតដល់​សព្វថ្ងៃនេះ​៕ ល​