កញ្ញា​នី មុន្នីនាថ​ប្តូរ​ថ្ងៃ​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​របស់​អតីត​គូ​ដណ្តឹង​ខណៈ​ត្រៀម​ប្ដឹង​បក​វិញ​

324

(​ភ្នំពេញ )៖​លោក​អ៊ុក សុវណ្ណារិទ្ធ​ចៅក្រម សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​កញ្ញា​នី មុន្នីនាថ​ឲ្យ​ចូលទៅ​បំភ្លឺ​ពាក់ព័ន្ធ​​នឹង​ពាក្យបណ្តឹង​ទាមទារ​ប្រាក់​របស់​អតីត​គូ​ដណ្តឹង​ដែលជា​អាណិកជន​ខ្មែរ​នៅ​អាមេរិក នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០១៧​ខាង​​មុខ​នេះ ។​ប៉ុន្តែ​ដល់ពេល​កំណត់​មេធាវី​កញ្ញា​នី មុន្នីនាថ​បានដាក់​ពាក្យសុំ​ពន្យា​ពេល​ទៅ​រសៀល​ថ្ងៃទី​២៩​ខែវិច្ឆិកា​វិញ​។​

​ដីកា​កោះហៅ​បាន​បញ្ជាក់ថា ការចូល​ខ្លួន​របស់​ចុង​ចម្លើយ នី មុន្នីនាថ នាពេលនេះ​គឺ​ធ្វើ​ទៅតាម​នីតិវិធី​ដើម្បី​ត្រៀម​ការ​ទាញហេតុផល​​តាម​បណ្តឹងទាមទារ​ប្រាក់​ពី​ដើមបណ្តឹង ។ ពាក់ព័ន្ធ​បញ្ហា​នេះ នី មុន្នីនាថ នៅ​មិនទាន់​ប្រតិកម្ម ឬ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​ប៉ុន្តែ​​នាង​ធ្លាប់​អះអាង​កន្លងមក​ថា នាង​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ ប្រសិនបើ​មាន​ដីកា​កោះហៅ​ពី​តុលាការ​មែន​នោះ ។​

​ចំណែក​លោក​រ៉ូ ប៊ី​ន​ណៃ ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​នី មុនីនាថ លើ​បណ្ដឹង​ឆបោក​ពី​អតីត​គូ​ដណ្ដឹង​លោក​អ៊ឹង​សូ​ឡាង​រំពឹងថា​កូនក្ដី​របស់​​លោក​នឹង​ឈ្នះក្ដី​។
​ ​
​លោក​មេធាវី​អះអាង​ដូច្នេះ ដោយសារ​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​អាច​បញ្ជាក់បាន​ថា​កូនក្ដី​ខ្លួន​មិនបាន​ឆបោក​ដូច​ការចោទប្រកាន់​​ពី​អតីត​គូ​ដណ្ដឹង​របស់​នាង​លោក​អ៊ឹង សូ​ឡាង នោះទេ​។ មេធា​រី​អះអាងថា “​កូនក្ដី​របស់ខ្ញុំ​មានតែ​រង​ភាពអាម៉ាស់​និង​ក្លាយជា​មេ​​ម៉ា​យ​ខាន់ស្លា​ទៅវិញ​ចំពោះ​បណ្ដឹង​នេះ ព្រោះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ ក៏ដូចជា​កេរ្តិ៍ឈ្មោះ​នៅក្នុង​សង្គម​”​។​
​ ​
​ចំពោះ​ពាក្យបណ្ដឹង​ពី​លោក​អ៊ឹង សូ​ឡាង ដែល​ប្ដឹង​ទាមទារ​សំណង​ពី​កូនក្ដី​របស់លោក​រហូត​ដល់​១២​ម៉ឺន​ដុល្លារ​នោះ​លោក​មេធាវី​ថា​គឺជា​រឿង​​មួយ​មិនអាច​ទៅរួច ។ លោក​មេធាវី​រ៉ូ​ប៊ី​ន​ណៃ​ទទួលស្គាល់ថា​រយៈពេល​៤​ឆ្នាំ​ក្នុងនាម​ជា​គូ​ដណ្ដឹង​ពិតជា​មានការ​ផ្ដល់ឱ្យ​គ្នា​តិចតួច​រឿង​​លុយកាក់ តែ​មិន​ដល់​ថ្នាក់​ជាង​១២​ម៉ឺន​ដុល្លារ​ដូច​ការ​ចោទ និង​ដាក់ពាក្យ​ប្ដឹង​ទេ​។
​ ​
​លោក​មាន​ជំនឿ​លើ​តុលាការ​ថា​នឹង​ផ្ដល់​យុត្តិធម៌​ជូន​កូនក្ដី​របស់ខ្លួន ហើយ​ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​កូនក្ដី​លោក​ឈ្នះ​ពិតមែន លោក​នឹង​ប្ដឹង​បក​ទៅកាន់​អតីត​គូ​ដណ្ដឹង​នាង​វិញ​ពីបទ​ធ្វើឱ្យប៉ះពាល់ និង​ខូច​កេរ្តិ៍ឈ្មោះ​កូនក្ដី​របស់ខ្លួន​។​
​ ​
​សូម​រំលឹកថា​កញ្ញា​នី មុនីនាថ ត្រូវ​ចៅក្រម​ឈ្មោះ​អ៊ុក សុវណ្ណារិទ្ធ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​ករណី​ប្តឹង​ពី​អតីត​គូ​ដណ្តឹង​លោក អ៊ឹង សូ​ឡាង ។ លោក​អ៊ឹង សូ​ឡាង​បាន​ប្តឹង​ទាមទារ​សំណង​សរុប​​ចំនួន​១២​ម៉ឺន​ដុល្លារ ពី​កញ្ញា​នី មុនីនាថ ក្នុងនោះ​លោក​បានទាមទារ​ឲ្យ នី មុនីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ ៕

​កាលពីពេល ថ្មីៗ​កន្លងមក​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នី មុន្នីនាថ បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា​«​ចង់​និយាយ​ច្រើនណាស់​តាម​​ចិត្ត​ខឹង​តាមចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោលថា​បើ​ចង់​ឈ្នះសត្រូវ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​» ។​

​អតីត​គូ​ដណ្តឹង​តារា​សម្តែង​នាង​នី មុន្នីនាថ លោក​អ៊ឹង​សូ​ឡាង​បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត​ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា ។ លោក​អ៊ឹង សូ​ឡាង បានចាត់ទុក​នី មុន្នីនាថ​ថា​បោក​យកប្រាក់​របស់​​ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា ដោយនៅ​ក្នុងនោះ​លោក​បាន​ទិញ​របស់របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង​តែ​ដល់ពេល​ធ្លា​ក់វី​សា​ទៅ​​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ ។​

​ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់លោក​អ៊ឹង សូ​ឡាង កាលពី​ចុងខែ​កញ្ញា ឲ្យ​ដឹង​ទៀតថា​«​មូលហេតុ​នៃ​ការទាមទារ​ពី​​ដើមចោទ (​អ៊ឹង សូ​ឡាង​)​គឺ​ដោយសារ​ការ ដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់គ្នា​ជាមួយ​ចុង​ចម្លើយ (​នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤​ដោយ​ព្រម​​ព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បានរៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​ដោយមាន​ឪពុកម្តាយ​​ទាំងសងខាង​យ៉ាង​ត្រឹមត្រូវ ។ នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​បានទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្ការ​ដូចជា​ខ្សែ​.​ក​ពេជ្រ​, ចិញ្ចៀនពេជ្រ និង​ក្រវិល​ពេជ្រ មានតម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ ។​

​ម្យ៉ាងទៀត​ដោយសារ​ដើមចោទ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក​ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​ចុង​ចម្លើយ​បានទទួល​វី​សា​ឲ្យ​ទៅ​អាមេរិក​បែរជា​មិន​ទៅ​ថែម​​ទាំង​លប់ចោល​ការភ្ជាប់​ពាក្យរ​វាង​ដើមចោទ​ថែម​ទៀតផង ដោយ​លើក​ហេតុផល​ថា ដើមចោទ​មិនចេះ​ប្រើពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែលជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះទេ »​។​

​យោងតាម​ពាក្យបណ្តឹង​នេះ​របស់លោក​អ៊ឹង សូ​ឡាង បញ្ជាក់ថា លោក​បាន​ស្នើសុំ​តុលាការ​បង្គាប់​ឱ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែមទៀត ៕​ដោយ​៖​វិបុល​-​ស​រិ​ទ្ធ​/sn

​កញ្ញា​នី​មុន្នីនាថ​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​របស់​អតីត​គូ​ដណ្តឹង​នៅ​រសៀល​ថ្ងៃទី​២៩​វិច្ឆិកា​វិញ​