“​កប៉ាល់​សង់​កោះ​វេទមន្ត​” របស់​ចិន​កំពុង​ធ្វើ​ឱ្យគេ​មិនសូវ​ស្រួល​ក្នុង​ចិត្ត​

489

​ខណៈដែល​លោក​ដូ​ណា​ល់ ត្រាំ បាន​ទៅដល់​ទីក្រុង​តូ​ក្យូ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​និង​តែ​ប៉ុន្មាន​ថ្ងៃ​មុនពេល​គាត់​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​ទៅកាន់​ទីក្រុង​ប៉េកាំង​នោះ ប្រទេស​ចិន​មាន​របស់​គួរឱ្យភ្ញាក់ផ្អើល​បន្តិចបន្តួច​ទុក​ជូន​លោក​ប្រធានាធិបតី​អាមេរិក​។ ចិន​បានបង្ហាញ​នាវា​សាងសង់​កោះ​ដ៏​ធំ​មួយ ដែល​ប្រាកដជា​នឹង​បង្ក​ការព្រួយបារម្ភ​ជាថ្មី​នៅ​អាស៊ីអាគ្នេយ៍​អំពី​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ដើម្បី​អះអាង​សិទ្ធិ​គ្រប់គ្រង​ដែនដី​របស់ខ្លួន​និង​ការទាមទារ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ដោយ​ត្រូវបាន​ក្រុម​អ្នកចេញ​ម៉ូត​ដាក់​រហស្សនាម​ថា “​កប៉ាល់​សង់​កោះ​វេទមន្ត​” កប៉ាល់​ឈ្មោះ Tian Kun Hao ដែលមាន​ប្រវែង ១៤០ ម៉ែត្រ​នេះ​តាម​សេចក្តីរាយការណ៍​ថា​មាន​សមត្ថភាព​បូម​យក​ខ្សាច់​ចំនួន ៦.០០០ ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង ពី​ជម្រៅ ៣៥ ម៉ែត្រ​ពីក្រោម​បាតសមុទ្រ និង​អាច​បាញ់​ខ្សាច់​បាន​ចម្ងាយ ១៥ គីឡូម៉ែត្រ ដើម្បី​បង្កើត​កោះ​សិប្បនិម្មិត​។​

​ក្រុមអ្នកវិភាគ​នៅ​អាស៊ីអាគ្នេយ៍​មាន​ងឿងឆ្ងល់​ជាខ្លាំង​នៅ​ថ្ងៃ​បន្ទាប់ពី​សុន្ទរកថា​របស់លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​នៅឯ​សមាជ​បក្ស​កុម្មុយនីស្ត​ដែល​បានបញ្ចប់​នាពេល​ថ្មីៗ​នេះ ថា​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ផ្តោត​សំខាន់​ថាមពល​របស់ខ្លួន ទៅលើ​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងស្រុក​និង​បង្កើន​ការគ្រប់គ្រង​របស់​គណ​បក្ស ឬមួយ​ក៏​ផ្តោតលើ​ការអនុវត្ត​គោលនយោបាយ​បរទេស​ដែលមាន​ចរិត​អះអាង​កាន់កាប់​ទឹកដី​កាន់តែខ្លាំង​ក្នុងប្រទេស​ជិតខាង​ភាគខាងត្បូង​របស់​ចិន​?

​អ្នកសង្កេតការណ៍​មួយចំនួន​គិតថា​ក្រុង​ប៉េកាំង​អាច​នឹង​បន្ទន់​ការអះអាង​សិទ្ធិ​កាន់កាប់​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ពីព្រោះ​គោលជំហរ​របស់​ចិន​នៅ​អាស៊ីអាគ្នេយ៍​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ជោគជ័យ​ធំ​បំផុត​មួយ​របស់​ចិន​គឺ​នៅ​ប្រទេស​ហ្វីលីពីន ជាទី​ដែល​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ទុល​ចោល​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ឆ្នាំ ២០១៦ ដើម្បី​ជំរុញ​ទំនាក់ទំនង​ល្អជា​មួយ​ចិន និង​ទទួលបាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​ថៃ ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​ក៏បាន​ងាក​មក​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​ផងដែរ ជារឿយៗ​គឺ​ដោយសារតែ​សហរដ្ឋអាមេរិក​ព្រងើយកន្តើយ​ចំពោះ​ពួកគេ​។ ហើយ​នៅក្នុង​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន​និង​អាស៊ាន​នៅ​វេទិកា​តំបន់​អាស៊ាន (AAP) កាលពី​ខែសីហា អាស៊ាន​បាន​បង្ហាញថា​ខ្លួន​ស្របតាម​ចិន​ក្នុងការ​ឯកភាព​រក្សា​ការចរចា​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ទោះបីជា​មិនបាន​ចង​លក្ខខណ្ឌ​ក៏ដោយ​។​

​ក្រុមអ្នកវិភាគ​ទាំងនេះ​ក៏បាន​សន្មត​ថា​លោក​ស៊ី​នឹងមិន​ចង់​បង្កើត​ក្តីបារម្ភ​នៅ​អាស៊ីអាគ្នេយ៍​ទេ​ដើម្បី​ជំរុញ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​មួយ​ផ្លូវ​មួយ (BRI) របស់ខ្លួន ដែលជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មាន​មហិច្ឆតា ដែល​នឹង​សង់​ផ្លូវ​រថភ្លើង​រត់​ពី​ប្រទេស​ចិន​ភាគខាងត្បូង​ទៅ​សិង្ហ​បុរី​តាមរយៈ ឡាវ ថៃ និង​ម៉ាឡេស៊ី​ដើម្បី​ត​ភ្ជាប់​តំបន់​ដីគោក​អាស៊ីអាគ្នេយ៍​ទៅ​គុន​មីង​។​

​ប៉ុន្តែ​ការអាន​យ៉ាង​ប្រុងប្រយ័ត្ន​នូវ​សុន្ទរកថា​នៅក្នុង​មហា​សមាជ​លើក​ទី ១៩ របស់លោក ស៊ី ជាពិសេស​ការលើកឡើង​របស់លោក​អំពី “​ការរីកចម្រើន​ជាប់លាប់​” ក្នុងការ​សាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ថា​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​នៃ​អាណត្តិ​ទី ១ របស់លោក បាន​បង្ហាញថា លោក​ស៊ី​នឹងមិន​ទុកចោល​គោលដៅ​នៃ​ការអះអាង​សិទ្ធិ​គ្រប់គ្រង​របស់​ចិន​លើ​សមុទ្រ​យុទ្ធសាស្ត្រ​នេះឡើយ បើទោះបីជា​វា​ត្រូវ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ធានី​នៅ​អាស៊ីអាគ្នេយ៍​និង​ទីក្រុង​វ៉ាស៊ីនតោន​ក្តី​។​

​ការជ្រើសរើស​ពេលវេលា​នេះ​ដើម្បី​បង្ហាញ​កប៉ាល់​សង់​កោះ​នេះ​បាន​បង្ហាញថា ប៉េកាំង​នឹង​បន្ត​តាម​ចាប់យក​គោលដៅ​ទ្វេ គឺ​ជំរុញ​ទៅមុខ​នូវ​គម្រោង BRI ផង និង​បង្កើន​ការអះអាង​សិទ្ធិ​កាន់កាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផង​។​

​ប៉េកាំង​ប្រហែលជា​ជ្រើសរើស​បង្ហាញ​កប៉ាល់​បូម​ខ្សាច់​ធំថ្មី​សន្លាង​របស់ខ្លួន ដែល​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែមិថុនា​ខាងមុខ សម្រាប់​ជាស​ញ្ញា​មួយ​ប្រាប់​ទៅ​ដូ​ណា​ល់​ត្រាំ​ថា​ប្រទេស​ចិន​បាន​ពង្រីក​ផលប្រយោជន៍​សកល​កាន់តែខ្លាំង​ឡើង រួមទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ចាប់តាំងពី​ឆ្នាំ ២០១២ មក​ចិន​បាន​ប្រើប្រាស់​នាវា​តូចៗ​ដើម្បី​កសាង​កោះ​ចំនួន ៧ និង​បាន​ពង្រីក​ដី​កោះ​ទំហំ​ជិត ១.៣០០ ហិកតា ដែល​បំពាក់​ជាមួយ​អាកាសយានដ្ឋាន មូលដ្ឋាន​អាវុធ​មី​ស៊ី​ល និង​ការដំឡើង​រ៉ា​ដា ដើម្បី​គាំទ្រ​ដល់​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​របស់ខ្លួន​លើ​សមុទ្រ​ចិន​ខាងត្បូង​ភាគច្រើន​។​

​ការបញ្ចេញ “​កប៉ាល់​បូម​ខ្សាច់​វេទមន្ត​” នៅពេលនេះ​ក៏​អាច​ត្រូវ​បកស្រាយ​បាន​ថា ជា​សញ្ញា​មួយ​ចង់​ប្រាប់​ទៅ​អ្នក​ទាមទារ​ទឹកដី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​ប្រទេស​វៀតណាម ដែល​លោក​ស៊ី​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃទី ១២ វិច្ឆិកា ភ្លាមៗ​បន្ទាប់ពី​លោក​ត្រាំ​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​។​

​វៀតណាម​បាន​ជំទាស់​ការទាមទារ​រប​ស់​ចិន​នៅក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ កាលពី​ខែមិថុនា ក្រុង​ប៉េកាំង​បាន​ជំរុញ​ឱ្យ​វៀតណាម​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ប្រេង​អេ​ស្ប៉ា​ញ Repsol បញ្ចប់​សកម្មភាព​រុក​រក​ប្រេង​របស់ខ្លួន​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​នេះ​នៅ​ភាគខាងត្បូង ប៉ុន្តែ​ស្ថិតនៅក្នុង​ខ្សែបន្ទាត់​៩​ត្រេ​របស់​ចិន​។ ចំណាត់ការ​របស់​ក្រុង​ហាណូយ​ហាក់ដូចជា​ចំណាត់ការ​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចៀស​ជម្លោះ​នៅមុន​មហា​សមាជ​បក្ស​របស់​ចិន និង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​វៀតណាម​ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​និង​លោក​ត្រាំ​។​

​សូម្បីតែ​នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​បាន​បង្វែរ​ទិស​ឆ្ពោះ​មករក​ចិន​ក្រោម​ការដឹកនាំ​របស់លោក​ឌូ​តឺ​តេ ក៏​នាវា​បូម​ខ្សាច់​ថ្មី​នេះ​បានធ្វើ​ឱ្យមាន​ការមិន​ស្រួល​ចិត្តខ្លាំង​សម្បើម​ណាស់ដែរ​។ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក ដែល​ហ្វី​ន ឡ​រិ​ន​ហ្សា​ណា បាន​ប្រាប់​អ្នកកាសែត​នៅ​ទីក្រុង​ម៉ានីល​ថា “​គ្រាន់​វត្តមាន​របស់​វា​ក៏​ធ្វើឱ្យមាន​ការបារម្ភ​ដែរ​។ វា​ទៅដល់​កន្លែង​ណាខ្លះ​នោះ យើង​មិនដឹង​ទេ​”​។​

​ក្រុមមន្ត្រី​ចិន​បាន​និយាយ​តិចតួច​អំពី​កប៉ាល់​ថ្មី​នេះ ប៉ុន្តែ​អ្នកជំនាញ​យោធា​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង លោក​លី ជី បាន​ព្យាយាម​ធានា​ដល់​ប្រទេសជិតខាង​របស់​ចិន​ថា មិន​មានអី​គួរឱ្យ​ព្រួយបារម្ភ​ទេ​។ លោក​បាន​ប្រាប់​កាសែត South China Morning Post ថា “​ប្រទេស​ចិន​នឹង​គោរព​តាម​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​នឹងមិន​ប្រើប្រាស់​វា​បូម​ខ្សាច់​ដើម្បី​ពង្រីក​កោះ​សិប្បនិម្មិត​នោះទេ​” ។ បញ្ហា​មួយ ជាមួយនឹង​មតិយោបល់​របស់គាត់​គឺថា ក្រម​ប្រតិបត្តិ​មិនទាន់បាន​ចរចា​នៅឡើយ​ទេ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង​យី​កាលពី​ខែសីហា​បាន​បញ្ជាក់ថា​ក្រុង​ប៉េកាំង​បានបញ្ចប់​សកម្មភាព​អះអាង​សិទ្ធិ​កាន់កាប់​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៥ ប៉ុន្តែ​ទំនងជា​អនុវត្ត​ទៅលើ​ប្រជុំ​កោះ​ស្ព្រា​ត​លី នៅ​ភាគខាងត្បូង​ប៉ុណ្ណោះ​។ ថ្មីៗ​នេះ​ការអះអាង​សិទ្ធិ​កាន់កាប់​បាន​បន្តទៅ​ភាគ​ខាងជើង​នៅ​ប្រជុំ​កោះ​ផា​រ៉ា​សែ​ល ដែល​ស្ថិតនៅ​ជុំវិញ​កោះ​ដើមឈើ និង​កោះ​ខាងជើង​។ នេះ​បើ​យោងតាម​រូបភាព​ផ្កាយរណប​ដែល​បញ្ចេញ​ដោយ​វិទ្យាស្ថាន​គំនិត​ផ្តួចផ្តើម​តម្លាភាព​ដែនសមុទ្រ​អាស៊ី​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្ដរជាតិ​នៅ​វ៉ាស៊ីនតោន​។​

​ចាប់តាំងពី​លោក​ត្រាំ​បាន​ឡើងកាន់តំណែង​កាលពី​ខែមករា​មក សហរដ្ឋអាមេរិក​បាន​ធ្វើ​សមយុទ្ធ​ដើម្បី​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ចំនួន ៤ លើក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពីពេល​ថ្មីៗ​នេះ​បំផុត​គឺ​នៅ​ថ្ងៃទី ១០ ខែតុលា​ដើម្បី​ប្រជែង​នឹង​ការទាមទារ​ទឹកដី​ពី​សំណាក់​ចិន​។​

​លោក​ត្រាំ​ត្រូវគេ​រំពឹងថា​នឹង​សម្តែង​ការព្រួយបារម្ភ​អំពី​ផែនការ​របស់​ចិន​សម្រាប់​កប៉ាល់​បង្កើត​កោះ​ថ្មី ជាមួយ​លោក​ស៊ី នៅពេល​គាត់​ទៅធ្វើ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ​។​

​ជំនួយការ​របស់លោក​ត្រាំ​និយាយថា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១២ ថ្ងៃ​របស់លោក​ត្រាំ​ទៅកាន់​ទ្វីបអាស៊ី​គឺមាន​បំណង​បង្ហាញថា​សហរដ្ឋអាមេរិក​នៅតែ​ចូលរួម​យ៉ាង​ស៊ីជម្រៅ​នៅក្នុង​តំបន់ បើទោះបីជា​លោក​ប្រធានាធិបតី​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ចូលកាន់​តំណែង​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត Straitstimes

ប៉ាល់​សង់​កោះ​វេទមន្ត ឈ្មោះ Tian Kun Hao របស់​ចិន