​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​នឹង​ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន

1632
ចែករម្លែក

​(​ក្រចេះ​)៖ បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នឹង​ឧតុនិយម ស្ដីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ កាលពី​រសៀល​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ នឹង​ហក់​ឡើងដល់​២២​ម៉ែត្រ ដែលជា​កម្រិត​ត្រូវ​ប្រកាសអាសន្ន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ បឹង ព្រែក ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាបន្ទាន់​។​

​លោក​រ័ត្ន​ម៉ូ​នី​ដា​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បានឱ្យដឹងថា​បច្ចុប្បន្ន​ស្ថានភាព​មាន​ព្យុះភ្លៀង​និង​ទឹកទន្លេ​មេគ្គង​បង្ក​អោយ​កម្ពស់​ទឹក​មាន​សភាព បន្ត​ហក់​ឡើងជា​រៀងរាល់ថ្ងៃ ។​រហូតមកដល់​ពេលនេះ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ចំនួន​២ ក្នុងស្រុក​ចិត្រ​បុរី និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួនទៀត នៅតាម​បណ្តា​ស្រុក​នៅជាប់​ដង​ទន្លេមេគង្គ និង​ព្រែក ដូចជា ក្រុង​ក្រចេះ ស្រុក​ព្រែក​ប្រសព្វ ស្រុក​ឆ្លូង ស្រុ​កំ​បូរ និង​ស្រុក​ស្នួល កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន​លេច​ប៉ុន្តែ​មិនទាន់មាន​សភាព​ធ្ងន់ធ្ងរ​ទេ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ក៏បាន​ផ្លាស់ប្តូរ​លំនៅដ្ឋាន នឹង​សព្វ​ពាហា​នៈ ព្រមទាំង​ទ្រព្យសម្បត្តិ​ផ្សេងៗ ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ផងដែរ ។ លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បាន​បន្តថា កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ​២០១៧​មាន​កម្ពស់​២១.២៦​ម៉ែត្រ ហើយ​វា​នឹង​អាច​ហក់​ឡើងដល់​២២​ម៉ែត្រ នៅ​ថ្ងៃ​ខាងមុខនេះ​។

លោក​ប្រធាន​មន្ទី​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ មេត្តា​ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រូវ​ត្រៀមលក្ខណៈ​ទប់ស្កាត់​បង្កា​ទុកជាមុន ជាពិសេស​ជន​ងាយ​រងគ្រោះ ដូចជា កុមារ ជន​ចាស់ជរា និង​ជនពិការ​ជាដើម ត្រូវ​នាំ​ពួកគាត់ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ។

លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បាន​បន្តថា​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ក៏បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ដើម្បី​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​លេច​ទឹកជំនន់​និង​ត្រៀម​មធ្យោបាយ​ដូចជា​អូប័រ​ទូក​កាណូត​ដើម្បី​ជន្លៀស​ពួកគាត់​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​បញ្ចៀស​គ្រោះថ្នាក់​ដែល​កើតឡើង​៕S/​ដោយ​៖​សេង​ឃួន​

​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​នឹង​ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន (រូប៖វ៉េបសាយ)