​កម្ពុជា​ចុះហត្ថលេខា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ទទួលស្គាល់​លទ្ធផល​ខណ្ឌសីមា​និង​បោះ​បង្គ​ល​ព្រំដែន​គោក​ជាមួយ​វៀតណាម

583
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​នៅ​ថ្ងៃទី​៥​ខែតុលា ឆ្នាំ​២០១៩​នេះ​ចុះហត្ថលេខា​ផ្លូវការ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និងសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥និង​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធី សារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយមវៀតណាម​នៅ​រដ្ឋធានី​ហាណូយ​នា​ព្រឹក​ថ្ងៃទី ៥ខែតុលា​នេះ ។ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំងពីរ​នា​ថ្ងៃនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថាដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​បាន​បោះ​ជំ​ហ៊ាន​ទៅ​មុខជា​លំដាប់​គួរ​ឲ្យ​មោទនភាព​បំផុត ។​

​មុនពេល​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ទទួលស្គាល់​លទ្ធផល​ការងារ​ខណ្ឌសីមា​និង​បោះ បង្គោល​ព្រំដែន​គោក​កម្ពុជា​និង​វៀតណាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន និងប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​លោក ង្វៀន សួន​ហ្វ៊ុ​កបាន​អះអាងថា​ការសម្រេចបាន​៨៤%​នៃ​ការបោះបង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ​នៅពេលនេះ​គឺធ្វើឡើង​ផ្អែកទៅលើ​ច្បាប់​ជាតិនិង​អន្តរជាតិនិង​ផ្អែក​តាម​សន្ធិសញ្ញា​ឆ្នាំ ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​។​

​ជា​លទ្ធផល​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុងពេល១៤​ឆ្នាំកន្លងមក​បន្ទាប់ពី​ការចុះហត្ថលេខា​លើសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០ ០៥ រហូតមកដល់​ពេលនេះ​សម្រេចបាន​លទ្ធផល​ប្រមាណ​ជា​៨៤% នៅសល់តែ​១៦%​ទៀត​នឹង​ខិតខំ​បន្ត​ដោះស្រាយ បញ្ចប់​នាពេលខាងមុខ​។​

​របាយការណ៍​បូកសរុប​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​និង​គម្រោង​ផែន ការ​ការងារ​ដែល​ត្រូវ​បន្ត​អនុវត្ត​របស់​សហប្រធាន​គណៈ​កម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះ បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​ឡើង​យ៉ាង​ក្បោះក្បាយច្បាស់លាស់​ដែល​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់បន្ថែមទៀត​ពី​ការតាំង​ចិត្ត​បន្ត​រួមសហការ​គ្នា​ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​ថ្មីៗ​បន្ថែមទៀត​។​

​សម្តេច​តេ​ជោហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កោតសរសើរ​ដោយស្មោះ​ចំពោះ ​វីរភាព ការពុះពារ តស៊ូ និង​លះបង់​ខ្ពស់​របស់​ក្រុម​បច្ចេកទេស​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​ដែនដី​ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម បញ្ជាការដ្ឋាន​វិស្វកម្ម​រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណៈកម្មការ​ចម្រុះ​ព្រំ ដែន​នៃ​ប្រទេស​យើង​ទាំងពីរ​ដែល​ខិតខំ​បំពេញបាន​ការងារ​ជា​ប្រវត្តិសាស្ត្រ​នេះ​ដោយ​ជោគជ័យ​។​

​សម្តេច​តេ​ជោ​បាន​បន្តថា​សមិទ្ធផល​ផ្លែផ្កា​ដ៏​ធំធេង​ដែល​ប្រទេស​ទាំងពីរ​សម្រេចបាន​នេះ​កើត​ចេញមក​ដោយ​ការ​ស្វះ​ស្វែងរក​ដំណោះស្រាយ​រួម​ប្រកបដោយ​ភាតរភាព​និង​ការយោ គយល់​គ្នា​ទៅវិញទៅមក​ក្នុង​ភាពជា​បងប្អូន​ជា​មិត្តភាព​រាប់សិប​ឆ្នាំ​កន្លងមកហើយ ។​

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​៖«​ជា​ការពិត​ប្រសិនបើ​យើង​មិន​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន​នេះ​ទេ​ប្រទេស​យើង​ទាំងពីរ​នឹង​នៅតែ​កើតមាន​ទំនាស់ ព្រំដែន​មិន​ដាច់ស្រេច​រាប់​ជំនាន់​ត​ទៅមុខទៀត​ងាយ​ក្លាយជា​កម្មវត្ថុ​ប្រជែង​ផ្នែក​នយោបាយ​ទៀតផង​ហើយ​ភាពសុខសាន្ត​និង​ការអភិវឌ្ឍ​នៅតាម​ព្រំ ដែន​នឹង​អាច​មិន​កើតមាន​ទេ​» ។

​សម្តេច​ប្រ​បុខ​រាជរដ្ឋាភិបាល​បាន​បន្តថា​ជាការ​ចាំបាច់​ដែល​ប្រទេស​យើង​ទាំងពីរ​ត្រូវ​សហប្រតិបត្តិការ​ស្អិតរ​មួ​ត​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង ពីរ រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​និង​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​នៃ​ប្រទេស​ទាំងពីរដែលជា​ការរួមចំណែ កដ៏​ធំធេង​មិន​ត្រឹមតែ​លើ​ការងារ​​ព្រំដែន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បាន​ជួយ​បង្កើន​និង​ជម្រុញ​កំ ណើន​សេដ្ឋកិច្ចជាតិ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ប្រែក្លាយ​តំបន់ ព្រំដែន​ដែល​ធ្លាប់តែ​ជា​ទីលានប្រយុទ្ធចំការមីនតំបន់​គេបោះបង់​ចោល​គ្មាន​មនុ ស្ស​រស់នៅ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្មាន​ការអភិវឌ្ឍ​អ្វី​សោះ​នោះ​​ឲ្យ​ទៅជា​តំបន់​សេដ្ឋ កិច្ច ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ ។​

​នៅក្នុង​ពិធី​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម​ភាគី​វៀតណាម​បានប្រកាស​ជា​ឱឡារិក​ថា​ដំណោះស្រាយ​បន្ត​នៅ​តំបន់​ដែល​មិនទាន់បាន​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំ ដែន​និង​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការកសាង​ព្រំដែន​កម្ពុជា​-​វៀតណាម​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​និង​ការអនុវត្ត​ជា​អន្តរជាតិ​ស្តីពី​ការទទួលស្គាល់​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​ដែល​អាណានិគម​បាន​បន្សល់​ទុកឱ្យ​សម្រាប់​ធ្វើជា​មូលដ្ឋាន​រឹងមាំ​នាំមុខ​បន្តទៀត​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។


​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថា​រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម​ក៏ដូចជា​ព្រំដែន​កម្ពុជា​ជាមួយ​ឡាវ​និង​ថៃ​ឲ្យ​ទៅជា ព្រំដែន​អន្តរជាតិ​ពិតប្រាកដ​ដើម្បី​បញ្ចប់​នូវ​បាតុភាព​ព្រំដែន​រួមគ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​គ្មាន​ការភ័យខ្លាច​ទៅជា​តំបន់​ដែលមាន​ជីវភាពធូរធា​និង​ជា​តំបន់​មានការ​អភិវឌ្ឍ​សុខដុម​ណី​កម្ម​រុង រឿង​តរៀង​ទៅ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​អំពី​គោលបំណង​របស់​សម្តេច​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះទេ​តែ​សម្តេច​មាន​មហិច្ឆតា​បន្ថែមទៀត​លើ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន ។ ដោយ​សម្តេច​បានបញ្ជាក​ថា​៖​កិច្ច​ការដែល​យើង​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​ក្នុងនោះ​មាន ការកសាង​ហេ​ដ្ឋា​រចនា​សម្ព​ព័ន្ធ ផ្លូវ​គមនាគមន៍ ការបង្កើត​ទីផ្សារ​និង​តំបន់​ផលិតកម្ម​ដើម្បី​ឈានទៅដល់​ការបន្ត​អភិវឌ្ឍ​រួមគ្នា​នៅតាម​បណ្តោ យ​ព្រំដែនដែល​ទីបំផុត​ប្រជាជន​ប្រទេស​ទាំងពីរ​ នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​កិច្ច ការ​អភិវឌ្ឍ​ទាំងអស់នេះ​។​ប្រទេស​ទាំងពី​មិន​ត្រឹមតែ​ទទួល​បានតែ​សមិទ្ធផល​ព្រំដែន​នោះទេ​តែ​បាន​ចុះសន្ធិសញ្ញា​ពាណិជ្ជកម្ម​ព្រំដែន​ផងដែរ​ដែលជា​ការឆ្លើយ​តប​ដល់​ការជំរុញ​កិច្ច សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ប្រទេស ក្នុង​មហា​អនុតំបន់​មេគង្គ​និង​ថែមទាំង​បានរួម​ចំណែក​បង្កើន​កិច្ចសហការ​ល្អ​ក្នុងចំណោម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទៀតផង​។​

​កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​ជាមួយគ្នា​ប្រវែង​ប្រមាណ​១,២៧០​គីឡូម៉ែត្រ​ដោយ យោង​ទៅតាម​ការកំណត់​ក្នុង​ផែន​បោ​ន​ខ្នាត​១​លើ​១០០ពាន់​ដែល​បន្សល់ទុក​ពី​សម័យ​អា ណានិគម​និង​បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។​ប្រទេស​ទាំងពីរ​ក៏បាន​ចុះសន្ធិសញ្ញា​រួមគ្នា​មួយ​កំណត់ព្រំដែន​ប្រទេស​ទាំងពីរ​កាលពី១៩៨៥​និង​បានធ្វើ​សន្ធិសញ្ញា​បំពេញបន្ថែម​មួយទៀត​កាលពី​ឆ្នាំ​២០០៥​កន្លងទៅ​ដើម្បី​ឈានទៅ​ការកំណត់​ខណ្ឌសីមា​និង ការបោះបង្គោល​ព្រំដែន​រួមគ្នា​។​

​ការបោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​បានចាប់ផ្តើម​ធ្វើឡើង​តាំងពី​ឆ្នាំ​២០០៥ មក​គឺ​គិត​មកដល់​ពេ​នេះ​មាន​រយៈពេល ១៤ ឆ្នាំ​ហើយ ​ជា​លទ្ធផលការបោះបង្គោល​ព្រំដែន​នេះសម្រេ​ចបាន​ប្រមាណ​៨៤​ភាគរយ​។​នៅសល់ ១៦​ភាគរយ​ទៀត​ដែល​ត្រូវ​បន្ត​ដោះស្រាយ​តទៅទៀត​។​ជាមួយ​ប្រទេស​ឡាវ សម្រេចបាន ៨៦ ភាគរយ ហើយ​ភាគី​ទាំងពីរ​កម្ពុជា​ឡាវ​ក៏បាន​ឯកភាពគ្នា​ថា​នឹងធ្វើ​សន្ធិសញ្ញា​ទទួលយក​នូវ​លទ្ធផល ៨៦ ភាគរយ​ដែល​បាន​ដោះ ស្រាយ​រួច​និង​បន្ត​ដោះស្រាយ ១៤ ភាគរយ​ទៀត​ដែល​នៅ​សេសសល់ ។

​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ធ្លាប់បាន​ឲ្យ​ដឹងថា​ចំណុច​ព្រំដែន​ដែល​មិនទាន់​ឯកភាពគ្នា​ប្រមាណ ១៦ ភាគរយ​ជាមួយ​វៀតណាម​គឺ​ស្ថិតនៅ​តំបន់​ដាក់​ដាំ​និង​ដាក់​ហ៊ូ​ត​ក្នុង​ខេត្តមណ្ឌលគិរី​គឺភាគី​ទាំងពីរ​មិនទាន់​បានធ្វើ​សកម្មភាព​អ្វី​នៅឡើយ​ពោល​ការ​ការបោះបង្គោ ល​ព្រំដែន​ធ្វើឡើង​តែ​ក្នុង​ទីតាំង​ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​តែប៉ុណ្ណោះ​។​

​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​តំបន់​ដែល​នៅ​សេសសល់​១៦%​ទៀត​គឺ​ដោយ សារតែ​កម្ពុជា​ប្រកាន់​ជំហ​ឈរលើ​មូលដ្ឋាន​ច្បាប់​ដែល​បន្សល់ទុក​ពី​អាណានិគម​បារាំង​។ សេចក្តីសម្រេច​របស់​អគ្គ​ទេសាភិបាល​បារាំង​ឆ្នាំ ១៩១៤ បាន​ចែងថា​ព្រំដែន​កម្ពុជា​វៀត ណាម​ត្រូវ​ដើរ​តាម​ព្រែក​ដាក់​ហូតប៉ុន្តែ​ផែនទី​ដែល​បារាំង​គូស​ដើរ​តាម​ព្រែក​ដាក់​ដាំ​ដែល ថា​នឹង​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី ៥១ គីឡូម៉ែត្រ ។ចំណុច​នេះហើយ​ដែល​ធ្វើ​ឲ្យ​ភាគី​កម្ពុជា មិនអាច​ទទួលយកបាន ។​

​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ព្រំដែន​ធ្លាប់បាន​ពន្យល់ថា​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០០៥​ដែល​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​បាន​ចុះហត្ថលេខា​រួមគ្នា​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​គូស​ចម្លង​ខ្សែ​ព្រំដែន​ពី​ផែនទី​បោ​ន​១/១០០.០០០​មកលើ​ផែនទី​UTM១/៥០.០០០ ដើម្បី​ជា​ជំនួយ​ដល់​ក្រុមបច្ចេកទេស​យកមកអនុវត្ត​នៅ​លើដី​ជាក់ស្តែង​។ លោក​បានបញ្ជាក់​ថាបើ​យើង​មិន​គូស​ចម្លង ១/១០០.០០០ ផែនទី​បោ​ន​អម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ទេ យើង​ជា​អ្នកបច្ចេកទេស​មិនអាច​ធ្វើការ​បោះបង្គោល​ខ​ណ្ឌ​សីមា​នៅលើ​ដី​ជាក់ស្តែង​បានទេ ព្រោះថា​ផែនទី​១/១០០.០០០​ដែលជា​ផែនទី​មូលដ្ឋាន​យើង​ទទួលស្គាល់ ព្រោះថា​រដ្ឋធម្មនុញ្ញ​ទទួលយក​ផែនទី​១/១០០.០០០​មក​ធ្វើជា​ផែនទី​ជា​មូលដ្ឋាន​ប៉ុន្តែ​ពេល​យើង​ចុះទៅ​លើដី​ជាក់ស្តែង មិនមែន​ផែនទី​១/១០០.០០០ យើង​ទៅ​បោះបង្គោល​បានទេ ត្រូវយក​ផែនទី​UTM​ខ្នាត​ធំ​១/៥០.០០០​ដែលមាន​ក្រឡា​អុក​ឈើត្រង់​។ វា​អនុ ញ្ញាត​ឲ្យ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដូចជា​ជី​ភី​អេស​ជាដើម​វា​អាច​ចាប់​កន្លែង​ណា​កន្លែង​ណា​លើដី​ជាក់ស្តែង​។​

​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង សម​ភាគី​វៀតណាម​បាន​ឯកភាពគ្នា​ស្នើសុំ​ការជួយ​ពី​ប្រទេស​បារាំង​ឲ្យ​ផ្តល់​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ដើម្បី​ជួយ​បំប្លែង​ផែនទី​ដែលមាន​ស្រាប់​ពី​ខ្នាត ១/១០០ ០០០ ទៅជា​ខ្នាត ១/៥០ ០០០ ដែលមាន​ភាព​លម្អិត​ជាង​នេះ ។​

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​ទទួលស្គាល់​ផែនទី​ថ្មី​ខ្នាត ​១ ​លើ ២៥ ពាន់​ចំនួន ៩២ ផ្ទាំង​ដែល​ផលិតឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា ខ្ពស់​បង្ហាញ​ពី​បង្គោល​ព្រំដែន​និង​ខ្សែ​ខណ្ឌសីមា​នៃ​ប្រទេស​ទាំងពីរ ។បើតាម​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង​បាន​អះអាង ថា​ផែនទី​នេះ​នឹងត្រូវ​យកទៅតម្កល់​នៅ​អង្គការសហប្រជាជាតិ​ផងដែរ​៕