​កម្ពុជា​ថា​នឹង​ព​ន្លឿ​ន​ភាពស្របច្បាប់ ដល់​ពលករ​ធ្វើការ​នៅ​ថៃ​ឲ្យ​ចប់សព្វគ្រប់​នៅ​ខែក្រោយ

803
ចែករម្លែក

​ដោយ​ : ​ដេប៉ូ / ​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា នា​ខែ​ក្រោយនេះ​ទាំង​កម្ពុជា​និង​ថៃ​បាន​ប្តេជ្ញា​រួមគ្នា​ថា ​នឹង​បញ្ចប់​ការដោះស្រាយ​បញ្ហា​ការផ្តល់​ភាពស្របច្បាប់​ឱ្យដល់​ពលករ​កម្ពុជា​ដែល​កំពុង​បំពេញការងារ​នៅ​ប្រទេស​ថៃ ឲ្យ​ចប់សព្វគ្រប់​នៅក្នុង​អំឡុង​ខែក្រោយ​នេះ​។​
​ ​
​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោក ប៉ាន់​យ៉ា​រ៉ា​ក ពល​ទ័ព ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០១៨​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​ថា នា​កន្លង​មកក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​គឺ​សម្រេចបាន​ក្នុងការ​ផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុ​ជាជាង ៣០​ម៉ឺន​នាក់​រួចហើយ ក្នុងចំណោម​ពលករ​ជាង ៤០​ម៉ឺន​នាក់ ដែល​កំពុង​បម្រើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​លើកឡើងថា​ ពលករ​កម្ពុជា​ដែល​បម្រើ​ការងារ​ដោយ​គ្មាន​ឯកសារ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ​ពីមុនមក ឥឡូវនេះ​បានទទួល​ភាពស្របច្បាប់​ជិត​អស់ហើយ និង​កំពុង​បន្តធ្វើ​កិច្ចការ​នេះ ឱ្យបាន​រួចរាល់​នៅមុន​ដំណាច់​ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​នេះដែរ​លោក​រដ្ឋមន្ត្រី​បានឲ្យដឹងថា ក្នុង​យុទ្ធនាការ​កន្លងមក កម្ពុជា​បាន​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ជាង​៣០០​នាក់ ទៅកាន់​មជ្ឈមណ្ឌល​ចំនួន​៣ នៅ​ទីក្រុង​បាងកក​ក្នុងនេះ​មាន ខេត្ត​បទុម​ធានី និង​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​មកដល់ពេលនេះ អាច​ចាត់ទុកថា​ទទួលបាន​លទ្ធផល​ជោគជ័យ ពោលគឺ​នៅ​សេសសល់​ខ្លះ​កំពុង​បន្ត​និតិ​វិធី​ផ្តល់ជូន​។​
​ ​
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឲ្យដឹង​ដែរ​ថា នៅ​ពាក់កណ្តាល​ខែមិថុនា ក្នុងឆ្នាំនេះ លោក​នឹង​ដឹកនាំ​គណប្រតិភូ​ក្រសួង​ការងារ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ចុងក្រោយ និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។ ក្រៅពីនេះ​ក៏​ខិតខំ​ជំរុញ​ល្បឿន​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក៏ដូចជា​វិស័យ​ដទៃទៀត​ឱ្យ​ផងដែរ​។

​នាឱកាស​នោះ​លោក​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ក៏បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការបើក​ច្រកទ្វារ​អន្តរជាតិ​ថ្មី​របស់​កម្ពុជា នៅ​ខេត្តបាត់ដំបង ដើម្បី​រំលែក​ការធ្វើដំណើរ​ដោយ​ស្របច្បាប់​របស់​ពលករ​កម្ពុជា ពី​ច្រក​ប៉ោយប៉ែត​ទៅតាម​ច្រក​ថ្មី​នេះ ស្របតាម​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​៕B

លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន់​យ៉ា​រ៉ា​ក ពល​ទ័ព ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨