​កម្ពុជា​និង​ជប៉ុន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ហិរញ្ញប្បទាន​អភិ​វ​ឌ្ឈ​ន៍​

80

(​ភ្នំពេញ​)៖ មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជប៉ុន​បានរៀបចំ​នូវ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក​ម្រិត​នយោបាយ​មួយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ កុម្ភៈ ឆ្នាំ​២០១៨ ស្តីពី​ហិរញ្ញប្បទាន​​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍​ផ្លូវការ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា ។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក​ម្រិត​នយោបាយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ជប៉ុន​នេះ​បានធ្វើ​ឡើង​ដោយ​ភាគី​កម្ពុជា ដឹកនាំ ដោយ​​លោក ឈាង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​នីតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា​ហើយ​ខាង​ភាគី​ជប៉ុន​ដឹកនាំ ដោយ លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ អូ​ឈិ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដោយមាន​មន្ត្រី​ជំនាញ​មកពី ក្រសួងការបរទេស ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន និង​មន្ត្រី​តំណាង​ស្ថានទូត​ជប៉ុន ជាច្រើនរូប ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ដែរថា កិច្ចប្រជុំ​ខាងលើនេះ​មាន​គោលបំណង​ពិភាក្សា​ផ្តោត​សំខាន់​លើ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​បរិយាកាស​វិនិយោគទុន​នៅ​កម្ពុជា ការពិនិត្យ​​មើល​និន្នាការ​នៃ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កម្ពុជា គោលនយោបាយ​ផ្តល់​ហិរញ្ញប្បទាន​របស់​ជប៉ុន និង​គម្រោង​អនុវត្ត​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨ ព្រមទាំង​វឌ្ឍនភាព​​ក៏ដូចជា​ភាព​ប្រឈម​ក្នុងការ​អនុវត្ត​គម្រោង​នានា នាពេល​កន្លងមក​។​

​គួរ​បញ្ជាក់ដែរថា​ជប៉ុន​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​និង​បានផ្តល់​ហិរញ្ញប្បទាន​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​។​គិត​ត្រឹម​ឆ្នាំ​២០១៧​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​កម្ពុជា​ប្រមាណ​២.៨៤០​លាន​ដុល្លារ ហើយ​សម្រាប់​ឆ្នាំ ២០១៨​នេះ​ជប៉ុន​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​១៦៨​លាន ដុល្លារ​អា​មេ​រិច ដល់​កម្ពុជា​បន្តទៀត​៕​ដោយ​: ស៊ា ថាំង​/sn