​កម្ពុជា​នឹងមាន​រោងចក្រ​បើក​ថ្មី​ចំនួន​ប្រាំ​ផ្សេងទៀត សម្រាប់​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ​

1257
ចែករម្លែក
  • 62
    Shares
ថតរូប​អនុស្សាវរីយ៍​ក្រោយ​ជំនួប​ការងារ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម (​រូបថត ក្រសួង​)​

(​ភ្នំពេញ​)៖ ក្រសួងពាណិជ្ជកម្ម​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ឯកជន​មួយ​មកពី​ហុងកុង នឹង​ចាប់ផ្ដើម សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ​នា​ខែមេសា និង​មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន ៥​បន្ថែមទៀត នៅក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង លោក មី​ឆែ​ល ធី​ស៊ី (Michael Tse) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្គ្រី​ន លី​ត​ឌ័​រ (GreenLeader) ដែលជា​ក្រុមហ៊ុន​មួយ​បាន​បោះទុន​និ​វិយោគ​ក្នុង កម្រិត​ធំ​លើ​ការកែច្នៃ​ផលិតផល​ដំឡូង​មី បាន​ជម្រាបជូន​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា ក្រុមហ៊ុន ហ្គ្រី​ន លី​ត​ឌ័​រ ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះបញ្ជី​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ទីក្រុង​ហ៊ុ​ង​កុង ហើយ​បាន​ចូលមក​កម្ពុជា​ដើម្បី​បង្កើតជា​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ សម្រាប់​កែច្នៃ​ដំឡូង​មី​ទៅជា​ម្សៅ​។

​លោកនាយក​លើកឡើង​បន្តថា ជាការ​ចាប់ផ្ដើម​អនុវត្ត​ដំបូង​ទៅលើ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ក្រុមហ៊ុន នឹង​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ទីមួយ​នៅ​ខេត្តក្រចេះ​នៅ​អំឡុង​ខែមេសា​ខាងមុខ ដោយ​រោងចក្រ​នេះ​មាន សមត្ថភាព​កែច្នៃ​ដំឡូង​មី​ជា​ម្សៅ​ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ដើម្បី​អាច​ទទួលបាន​ផល​កែច្នៃ​ក្នុង​ទ្រង់ ទ្រាយ​ដូចខាងលើ រោងចក្រ​ចាំបាច់​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​យ៉ាងតិច​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ហើយ ដើម្បី​ទ្រទ្រង់​កម្រិត​ផលិតកម្ម​នេះ​បាន ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តការ​កិច្ចព្រមព្រៀង​កសិកម្ម (Contract Farming) ជាមួយនឹង​កសិករ ដោយ​ផ្ដល់ជូន​នូវ​បច្ចេកទេស ពូជ និង​ធនធាន​មួយចំនួនទៀត​។
​លោក​បន្ថែម ថា ក្រុមហ៊ុន​ក៏មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន​០៥ ក្នុង​រយៈពេល​០២​ឆ្នាំ ដោយ​រោងចក្រ​ទី​ពីរ​អាច​នឹង​សាង សង់​នៅ​ប៉ែក​ខាង​ខេត្តបាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​។​

​ចំណែក​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន GreenLeader ដែល​បានមក​បោះទុន​កម្រិត​ធំ​នេះ​នៅ​កម្ពុជា ជាពិសេស​គឺ​វិនិយោគ​លើ​វិស័យ​កសិកម្ម ដែលជា​វិស័យ​មួយ ដ៏​សំខាន់​របស់​កម្ពុជា​។ ជាមួយនឹង​ផលិតផល​ដំឡូង​មី លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ជា​ផលិតផល កសិកម្ម​ធំ​ទី​ពីរ​របស់​កម្ពុជា​បន្ទាប់​ពី​ស្រូវ ហើយក៏​ជា​ផលិតផល​មួយ​ដែលមាន​សក្ដានុពល​ខ្ពស់​សម្រាប់​កែច្នៃ និង​នាំចេញ ដោយ​ដំឡូង​មី​អាច​កែច្នៃ​ទៅជា​មុខទំនិញ​ជាច្រើន ដូចជា​៖ ម្សៅ​មី ប្រេងឥន្ធនៈ​អេតាណុល គ្រាប់​ថ្នាំពេទ្យ គ្រឿងឧបភោគ​បរិភោគ​ដទៃទៀត​។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ការវិនិយោគ​នេះ​នឹង​ផ្ដល់​ផល ប្រយោជន៍​ជាច្រើន​ដល់​កសិករ​កម្ពុជា ជាពិសេស​បង្កើន​ចំណូល កាត់បន្ថយ​ចំណាកស្រុក​និង​រួមចំណែក​ដល់ កំណើន​សេដ្ឋកិច្ចជាតិ​៕L ដោយ : ពៅ​និមល​

#