​កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ប៊ុល​ហ្ការី​ជាថ្មី​ឡើងវិញ

685
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី ២៨ កញ្ញា បន្ទាប់ពី​បាន​អញ្ជើញ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​រួចហើយ​នោះ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី កម្ពុជាបាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ប៊ួ​យ​កូ បូរី​សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី ។​កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ប៊ុល​ហ្ការី​ជាថ្មី​ឡើងវិញ ។​

ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​-​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​នៅ​ញូវយ៉ក​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​)​

​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​បញ្ជាក់ថា​នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ប្រទេស​ប៊ុល​ហ្ការី កាលពី​អតីត​កាលដែល​បាន​ដើរតួនាទី​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា នៅពេលដែល​កម្ពុជា​បាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បន្ត​វត្តមាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិ​ការ​​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​សម​ភាគី​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​ថា នៅ​ឆ្នាំ​២០១៩ ខាងមុខ កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ប៊ុល​ហ្ការី​ជាថ្មី​ឡើងវិញ បន្ទាប់ពី​បាន​បិទ​មួយរយៈ​ដោយ​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ប៊ុល​ហ្ការី​។​

ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​-​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​នៅ​ញូវយ៉ក​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​)​

​លោកនាយក​រដ្ឋមន្ត្រី ប៊ុល​ហ្ការី ក៏បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេ​ជោ ក្នុង​ការបើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​នៅ​ប្រទេស​ប៊ុល​ហ្ការី​។ ទន្ទឹមនឹង​នេះដែរ គឺជា​ឱកាស​ដែល​ស​ម្តេចនឹងបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប៊ុល​ហ្ការី​ផងដែរ​។​

​ប្រភព​ដដែល​បន្តថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ភាគី​ប៊ុល​ហ្ការី អំពី​គោលបំណង​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ក្នុងប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០២០ ដែល​ក្នុងនោះ​បណ្តា​ប្រទេស​អាស៊ាន​ក៏បាន​ឯកភាព​រួចហើយ រួមទាំង​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ផងដែរ​។ លោកនាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្ការី​បាន​ឯកភាព​ចំពោះ​សំណើរ​របស់ សម្តេច​តេ​ជោ និង​បាន​ចាត់ទុកថា​នេះ គឺជា​ឱកាស​ដើម្បី​រូបលោក​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នាពេលខាងមុខ​៕សរន