​កម្ពុជា​-​ម៉ុង​ហ្គោ​លី ឯកភាព​ពិភាក្សា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​

98
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​កម្ពុជា​-​ម៉ុង​ហ្គោ​លី​បាន​ឯកភាពគ្នា​ពិភាក្សា​លើ​លទ្ធភាព​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​រាជធានី​ភ្នំពេញ​និង​រដ្ឋធានី​អ៊ូ​ឡង់បា​ទ័​រ​(Ulaanbaatar)​ព្រមទាំង​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា​កាន់តែខ្លាំង​ឡើង​ដើម្បី​ជំរុញ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​ទៅវិញទៅមក​។​

ការឯកភាព​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយលោក ស៊ែ​រ៉ែ​ន​បាត ណា​ម​រ៉ា​យ​(TserenbatNamsrai)​រដ្ឋមន្ត្រី​បរិស្ថាន​និង​ទេសចរណ៍​ម៉ុង​ហ្គោ​លី នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​។​

​លោក​រដ្ឋមន្ត្រី​បាន​រំលឹក​អំពី​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ការគាំទ្រ​របស់​ម៉ុង​ហ្គោ​លី​ដល់​កម្ពុជា ក្នុងដំណាក់កាល​កសាង​ជាតិ​ដ៏​លំបាក បន្ទាប់ពី​ការផ្ដួលរំលំ​របប​ប្រល័យ​ពួជ​សាសន៍ ប៉ុល ពត​។​លោក បានបង្ហាញ​អំពី​ការបន្ត​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ តាម​គោលការណ៍​ចីរភាព​របស់​កម្ពុជា ។

ជាពិសេស​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍​និង​ទេសចរណ៍​សហគមន៍​ស្របតាម​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​២០១៩-២០៣០​ក្រោម​យន្តការ​ការងារ​អន្តរក្រសួង​ដែល​នឹងចូលរួម​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក៏ដូចជា​ចូលរួម​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំង​១៧ របស់​អង្គការសហប្រជាជាតិ​។​

​លោក​រដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី​ក៏បាន​កោតសរសើរ​ដល់​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ជាពិសេស​ការរីកចម្រើន​ឥត​ឈប់​នៃ​វិស័យ​ទេសចរណ៍​និង​បាន​គាំទ្រ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ទេសចរណ៍​។​ភាគី​ទាំង​ពីរបាន​ឯកភាព​លើ​ការរៀបចំ​ឱ្យមាន​អនុស្សរណៈ​យោគយល់​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ដោយ​ផ្ដោតលើ​៖

១៖​ជំរុញ​ការចែករំលែក​បទពិសោធ​ន៍​និង​អភិវឌ្ឍ​ន៍រួមគ្នា​លើ​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌​ទេសចរណ៍​ទីក្រុង​និង​ជនបទ​ ទេសចរណ៍ធម្មជាតិ​អេកូ​ទេសចរណ៍​ទេសចរណ៍​សហគមន៍ ​ទេសចរណ៍​សាសនា​។​ល​។​២៖​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​និង​ទស្សនកិច្ច​ផ្លូវការ​ដល់​ផ្នែក​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មន្ត្រី​ទេសចរណ៍​ជាតិ​ដើម្បី​ជំរុញ​ការយល់ដឹង​ពី​វប្បធម៌​និង​គោលដៅ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​

៣៖​ពិភាក្សា​លើ​លទ្ធភាព​ឲ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។​៤៖​ជំរុញ​ការគាំទ្រ​គ្នា​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ដោយ​ជំរុញ​ផ្នែក​ឯកជន និង​សាធារណៈ​ចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍ ដែល​រៀបចំ​ដោយ​ប្រទេស​នីមួយៗ​។​

​គួររំលឹកថា​ កម្ពុជា​និង​ម៉ុង​ហ្គោ​លី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ដំបូង​នៅ​ឆ្នាំ​១៩៦០​ហើយ​បន្ទាប់ពី​កម្ពុជា​បាន​ឆ្លងកាត់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩ ដោយបាន​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​៕S/​Ha