​កម្ពុជា​-​ស៊ុយអែត រួមគ្នា​ពង្រីក​ព័ត៌មាន​ការងារ​ឱ្យ​ទូលំទូលាយ​ដល់ដៃ​ពលរដ្ឋ​

1039
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ដើម្បី​ពង្រីក​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា​ឱ្យ​ទូលំទូលាយ​និង​ពលរដ្ឋ​អាច​បានទទួល​ព័ត៌មាន​បានល្អ​ប្រសើរ​នោះ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ បាន​សហការ​ជាមួយ​ប្រទេស​ស៊ុយអែត ដើម្បី​អនុវត្ត​យន្តការ​ពង្រីក​ព័ត៌មាន​ការងារ ឱ្យ​ដល់ដៃ​ពលរដ្ឋ គ្រប់​ខេត្ត​ក្រុង​។​

ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​អង្កេត​និយោជក​ស្តីពី​កង្វះ​និង​គម្លាត​ជំនាញ​នៅក្នុង​ទីផ្សារការងារ​កម្ពុជា ឆ្នាំ​២០១៧ និង​របាយការណ៍​ស្តីពី​ទស្សនវិស័យ​ការងារ ឆ្នាំ​២០១៨​កាលពី​រសៀល​ថ្ងៃទី​៧​ខែមិថុនា លោក អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹងថា​តាម​លទ្ធផល​នៃ​ការធ្វើអង្កេត​កន្លងមក​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​ទីផ្សារការងារ​។

នាពេល​បច្ចុប្បន្ន ទៅដល់​ភាគី​ពាក់ព័ន្ធ​នានា និង​រួមចំណែក​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា​ទាំងមូល​ឱ្យ​ដំណើរការ​ពេញលេញ ពិសេស​យុវជន​និង​អ្នកស្វែងរក​ការងារ​អាច​ត្រៀមខ្លួន​បាន​កាន់តែ​ប្រសើរ​ស្របតាម​តម្រូវការ​របស់​ទីផ្សារការងារ​។​

​លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​បន្ថែមថា​ក្នុងពេល​បច្ចុប្បន្ននេះ​អត្រា​មានការ​ងារ​ធ្វើ​របស់​ពលរដ្ឋ​កម្ពុជា​កើនឡើង​ខ្ពស់​រហូតដល់​កម្រិត​៩៩.៣​ភគ​រយ​ស្មើនឹង​ប្រមាណ​ជិត​១០​លាន​នាក់​អត្រា​គ្មាន​ការងារ​ធ្វើ​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម​កម្រិត​ទាប ០.៧​ភាគរយ​។

ដោយឡែក​លោកស្រី​ម៉ា​រៀ សា​គ្រី​ន (Maria Sagren) ឯក​អគ្គរាជ​រដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា​ប្រទេស​ស៊ុយអែត​តាមរយៈ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណ​ស៊ុយអែត បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​កម្ពុជា តាំងពី​ឆ្នាំ​២០១២ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​សម្រាប់​យុវជន​កម្ពុជា​។

​យោងតាម​លទ្ធផល​អង្កេត​និយោជក​លើក​ទី​៤ ស្តីពី​កង្វះ និង​គម្លាត​ជំនាញ​នៅក្នុង​ទីផ្សារការងារ ឆ្នាំ​២០១៧ បង្ហាញថា​៧៧.៩​ភាគរយ​នៃ​និយោជក​នៅក្នុង​វិស័យ​សណ្ឋាគារ​និង​ការ​ស្នាក់នៅ​កំពុង​ជួប​បញ្ហាលំបាក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​។

ចំណែកឯ​វិស័យ​ដទៃទៀត គឺ​ស្ថិតក្នុង​អត្រា ៦៤.១​ភាគរយ ក្នុង​វិស័យ​ឡូ​ជី​ស្ទីក​និង​ការដឹកជញ្ជូន​, សុខាភិបាល ៥៨.៣​ភាគរយ​, អប់រំ និង​បណ្តុះបណ្តាល ៥៣​ភាគរយ​, កែច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ ៥១.៧​ភាគរយ​, ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង ៥០.៧​ភាគរយ​, ព័ត៌មានវិទ្យា ៣៦.៥​ភាគរយ​, សំណង់ ៣៤.៤​ភាគរយ​, វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ២០.៩​ភាគរយ​,​និង​ផលិតកម្ម​កៅស៊ូ​និង​ប្លា​ស្ទីក​៧.៣​ភាគរយ​។​

​កត្តា​ចម្បង​ដែលនាំឱ្យ​និយោជក​ជួបប្រទះ​ការលំបាក​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​គឺ​បណ្តាលមកពី​បេក្ខជន​គ្មាន​ជំនាញ​បច្ចេកទេស​តាម​តម្រូវការ​, មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុងចំណោម​និយោជក ក្នុងការ​ជ្រើសរើស​, កង្វះ​ប​ពិសោធន៍​ការងារ និង​បេក្ខជន​ដាក់ពាក្យ​ស្វែងរក​ការងារ​មាន​ចំនួន​តិច​។​

​ដោយឡែក ជំនាញ​សំខាន់ៗ​ដែល​អ្នកស្វែងរក​ការងារ​មានការ​ខ្វះខាត រួមមាន​៖ ជំនាញ​ភាសាបរទេស​, ជំនាញ​បច្ចេកទេស​, ការបម្រើ​សេវា​អតិថិជន​, ការនិយាយស្តី​, ការបំពេញ​ការងារ​ជា​ក្រុម​, ការដោះស្រាយ​បញ្ហា​, និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​៕S/

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​លោកស្រី​ម៉ា​រៀ សា​គ្រី​ន ឯក​អគ្គរាជ​រដ្ឋទូត​ស៊ុយអែត ប្រចាំ​កម្ពុជា​រួមគ្នា​ពង្រីក​ព័ត៌មាន​ការងារ​ទូលំទូលាយ​ឱ្យ​ដល់ដៃ​ពលរដ្ឋ​កម្ពុជា​។​

​កម្ពុជា​-​ស៊ុយអែត រួមគ្នា​ពង្រីក​ព័ត៌មាន​ការងារ​ឱ្យ​ទូលំទូលាយ​ដល់ដៃ​ពលរដ្ឋ​