​កម្ពុជា​-​អាមេរិក​បន្ត​អនុស្សារណៈ​យោគយល់​ប្រាំ​ឆ្នាំ​បន្ថែមទៀត​អំពី​ការ​រឹតត្បិត​នាំចូល​វត្ថុ​បុរាណ​ពី​កម្ពុជា​

1186
ចែករម្លែក
  • 49
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​កិច្ចព្រមព្រៀង​ចំនួន​ពីរ ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​នៅ​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍​ទី​០៦​វិច្ឆិកា​២០១៨​ក្រោម​ប្រធានបទ​(​ការបន្ត​អនុស្សារណៈ​យោគយល់​រវាង​រដ្ឋាភិបាល​អាមេរិក​និង​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ការដាក់​កម្រិត​ហាមប្រាម នូវ​ការ​នាំចូល​បុរាណវត្ថុរ​របស់​កម្ពុជា​) នៅ​សារៈមន្ទីរ​ជាតិ ក្រោម​អធិបតីភាព លោក Willam (Bill) A.Heidt, ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​នឹង​វិចិត្រសិល្បៈ​។

​លោក Willam (Bill) A.Heidt, ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ពិធី​ចុះហត្ថលេខា​នេះ គឺជា​ការបង្ហាញ​នូវ​ទំនាក់ទំនង​ល្អ​និង​យូរលង់ រវាង​សហរដ្ឋអាមេរិក និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ពីរ​សំខាន់​នៅថ្ងៃនេះ ដែល​បានបង្ហាញ​ពី​ទំហំ និង​សារៈសំខាន់​នៃ​ទំនាក់ទំនង​។

ឯកសារ​ទី​១ ដែល​នឹង​ចុះហត្ថលេខា​លើ គឺ​អំណោយ​ថវិកា​របស់​មូ​និ​ធិ AFCP ចំនួន​២០​ម៉ឺន​ដុល្លារ​ដល់​អា​ជ្ងា​ធរ​ជាតិ​ព្រះវិហារ ដើម្បី​ជួសជុល​ជណ្តើរ​ខាងមុខ​នៃ​ប្រាសាទ​ដ៏​ល្អ​នេះ​។ ព្រមទាំង​ការវាយតំ​លៃ​ពី​ការជួសជុល​និង​ការអភិរក្ស​ដែល​ត្រូវការ​នាពេល​អនាគត​។ លោក​ទូត​បាន​បន្តថា ក្នុងនាម​ជា​សមាជិក​ស្ថាបនិក​នៃ​គណកម្មាធិការ​សំរបសម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទព្រះវិហារ យើង​មាន​ក្តីរំភើប​រីករាយ​សូម​ប្រកាស​អំណោយ​ជា​លើកដំបូង​នេះ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការងារ​អភិរក្ស​នៃ​ប្រាសាទ​នេះ​។

​លោក ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បន្ថែមថា ឯកសារ​ទី​២ ដែល​នឹង​ចុះហត្ថលេខា​គឺ​ការបន្ត​រយៈពេល​ប្រាំ​ទៀត នៃ​អនុស្សារណៈ​នៃ​ការយោគយល់​ទាក់ទង នឹង​ការ​រឹតត្បិត​ការនាំ​ចូល​វត្ថុ​បូរាណ​ប្រភេទ​ផ្សេងៗ ដែលមាន​ប្រភពពី​ប្រទេស​កម្ពុជា​។ អនុស្សារណៈ​នេះ​វា​ផ្តល់នូវ​មធ្យោបាយ​ផ្លូវការ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​សំរាប់​ការយក​ត្រឡប់មកវិញ​នូវ​វត្ថុ​បូរាណ​និង​សម្បត្តិ​វប្បធម៌​ដ៏ទៃទៀត​មក​កម្ពុជា​វិញ​។ ដោយ​ផ្តល់​មធ្យោបាយ​ទប់ស្កាត់​ការ​លួច​នៅតាម​កន្លែង​ប្រវត្តិសាស្ត្រ​ល្អៗ​ហើយ​ធានា​ដល់​ការបញ្ជូន​ត្រឡប់​វិញ​នូវ​វត្ថុ​បូរាណ​ដែល​ត្រូវបាន​លួច​។

​ចំណែក លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា ស្តីពី​កិច្ចសហប្រតិបត្តិការ នោះ​ថា តាងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ឆ្លៀតឱកាស​ថ្លែងអំណរគុណ យ៉ាង​ក្រៃលែង​និង​កោតសរសើរ​ដល់ ឯកឧត្តម Willam (Bill) A.Heidt, ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ព្រមទាំង​សហការី​របស់លោក​ទាំង​អស់ ដែល​បាន​ចូលរួម​ចុះហត្ថលេខា លើ​អនុស្សារណៈ​វប្បធម៌​និង AFCP នៅ​សារៈមន្ទីរ​ជាតិ​។ ខ្ញុំ​ថ្លែងអំណរគុណ​ផងដែរ ដល់​ការខិតខំ​ប្រឹងប្រែង ក្នុងនាម​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក ដែល​បាន​គាំទ្រ​ការអភិរក្ស​និង​ជួសជុល​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​នៅក្នុង​បេសកកម្ម​របស់លោក​នៅទីនេះ​។

​លោកជំទាវ​បន្តថា ក្នុង​ពេលនេះ​ផងដែរ ខ្ញុំ​ឃើញថា ក្រសួង​វប្បធម៌​នឹង​វិចិត្រសិល្បៈ​បាន​ចុះ​កិច្ចព្រមព្រៀង អនុស្សារណៈ​យោគយល់ អនុសញ្ញា​ពាក់ព័ន្ធ​នានា ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​។ ក្នុងចំណោម​នោះ​គឺ​ក្នុង​ឆ្នាំ​២០១៨ នេះ​តែម្តង គឺ​ការបន្ត​ការអនុវត្ត​អនុស្សារណៈ​យោគយល់ សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត គឺ​បានចាប់ផ្តើម​ពីថ្ងៃ​ទី ១៩ កញ្ញា ២០១៨ ដែល​បានធ្វើអោយ​មានការ​ផ្លាស់​ប្តូរ តាម​អនុស្សារណៈ​ដែល​បាន​ចុះហត្ថលេខា​រួច រវាង​រដ្ឋាភិបាល​ទាំងពីរ​។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រឹងប្រែង​បន្ថែមទៀត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ខុសច្បាប់​៕S/

​កម្ពុជា​-​អាមេរិក​បន្ត​អនុស្សារណៈ​យោគយល់​ប្រាំ​ឆ្នាំ​បន្ថែមទៀត​អំពី​ការ​រឹតត្បិត​នាំចូល​វត្ថុ​បុរាណ​ពី​កម្ពុជា​


​ ​
​ ​
​ ​

​ ​