​កម្ពុជា​-​អូស្ត្រាលី​សហការគ្នា​បង្កើន​ការយល់ដឹង​អំពី​សារធាតុ​គីមី​អាស​បេស​ស្តុ​ស​

298
ចែករម្លែក

ដោយ : ពៅ​និមល​/​ភ្នំពេញ​: អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ សហការ​ជាមួយ​អង្គការ​អា​ហ្វី​ដា​(APHEDA)​អូស្ត្រាលី​បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​សារធាតុ​គីមី អាស​បេស​ស្តុ​ស (Asbestos)​។​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ហានិភ័យ​នៃ​ផលប៉ះពាល់ និង​ជំងឺ​ដែល​បង្កឡើង​ដោយសារ​ធាតុ​អាស​បេស​ស្តុ​ស​។​

​អង្គសិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ក្រោម​វត្តមាន​របស់លោក​ផាន​អូន​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដោយមាន​សិក្ខាកាម​សរុប​ចំនួន​៦០​នាក់​ជាម​ន្ត្រី​កាំកុងត្រូល​នូវ​ក្របខណ្ឌ អាស​បេស​ស្តុ​ស ថ្នាក់ជាតិ​របស់​កម្ពុជា​។​

​លោក​អគ្គ​ផាន​អូន​បាន​មានប្រសាសន៍ថា​អាស​បេស​ស្តុ​ស​គ្រី​សូ​ថា​យ៍​ឬ​អាស​បេស​ស្តុ​ស​គឺជា​ជាតិ​សរសៃ​រ៉ែ​ធម្មជាតិ មាន​ពណ៌​ស ជា​ប្រភេទ អា​បេស​ស្តុ​ស​មួយ ក្នុងចំណោម អា​បេស​ស្តុ​ស​ចំនួន​៦​ប្រភេទ​។ ដោយសារតែ​សារធាតុ​នេះ​អាច​នឹង​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែល​អាច​បណ្តាលឱ្យមាន​ជំងឺមហារីក​ធ្ងន់ធ្ងរ​និង​មហារីក​សួត​។​ដូច្នេះ​ចាំបាច់​បើក​សិក្ខាសាលា​នេះ​ក្នុងការ​ផ្សព្វផ្សាយ​បន្ត​ទៅដល់​ក្រុមហ៊ុន​ត្រូវ​អភិវឌ្ឍ​និង​អនុវត្ត​វិធីសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​គ្រប់គ្រង​ទាំង​បញ្ហា​សុវត្ថិភាព​និង​សុខភាព​របស់​បុគ្គលិក​នៅ​កន្លែងធ្វើការ​។​

​លោក ហ្វី​លី​ព ហា​សែ​ល​តុ​ន (Phillip Hazelton) យុទ្ធនា​ករ​ដើម្បី​លុបបំបាត់​ជំងឺ អាស​បេស​ស្តុ​ស នៃ​អង្គការ​អា​ហ្វី​ដា​លើកឡើងថា​អង្គការ​លោក​នឹង​ផ្តល់នូវ​បរិក្ខា​ពិសោធន៍​ថ្មី​ជូន​ដល់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​ដើម្បី​ងាយស្រួល​ស្វែងរក​សារធាតុ​អា​បេ​ស្តូ​ស​ក្នុង​សម្ភារៈ​នានា​ដោយ​ពុំ​ចាំបាច់​បញ្ជូន​គំរូ​ណាមួយ​ទៅ​ពិសោធន៍ ឬ​ពិនិត្យ​នៅក្រៅ​ស្រុក​ទៀតឡើយ​។

​លោក​បញ្ជាក់ថា​ចាប់តាំងពី​ឆ្នាំ​២០០៣​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ហាមឃាត់​ការ​នាំចូល​ទំនិញ​ដែលមាន​ផ្ទុក​សារធាតុ​អាស​បេស​ស្តុ​ស​គ្រប់​ប្រភេទ​គ្រា​តាម​ការប៉ានស្មាន​ថ្មី​បំផុត​នៃ​បន្ទុក​ជំងឺ​នេះ​នៅ​អូស្ត្រាលី​នៅតែមាន​ចំនួន​៤.០០០​នាក់​ក្នុង​មួយឆ្នាំ​។​ជាមួយគ្នានេះ​លោក​ឈឹម​តូ​នី​មន្ត្រី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ចំពោះ​បណ្តា​ប្រទេស​ដែល​មិនទាន់បាន​ហាមឃាត់ អាស​បេស​ស្តុ​ស​។​ផលិតផល​ដែលមាន​ផ្ទុក​អា​បេស​ស្តុ​ស​ផលិតផល​ដែល​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​បំផុត​ដែល​អាចមាន​ផ្ទុក​រួមមាន​៖​សម្ភារ​សំណង់​សម្ភារៈ​ប្រក់​ដំបូល​ស៊ីម៉ង់​សម្ភារ​ត្រដុស​សម្ភារ​ស្អិត​និង​បិទ​ភ្ជាប់ និង​ស្រោមដៃ​ធន់​កំដៅ​។​ល​។

​លោក​បញ្ជាក់ទៀតថា​ដោយសារ​ការយល់ដឹង​នៅ​កម្ពុ​ជាមាន​កម្រិត​នៅឡើយ​ទើប​យើង​សហការ​ជាមួយ​អូស្ត្រាលី​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​អាស​បេស​ស្តុ​ស​ឬ​ឈាន​លុបបំបាត់​ទាំងស្រុង​តែម្តង​។​យោងតាម​ការប៉ាន់ស្មាន​របស់​អង្គការ​សុខភាព​ពិភពលោក​មនុស្ស​ប្រមាណ​១០៧.០០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ជំងឺ​ទាក់ទង​នឹង​អាស​បេស​ស្តុ​ស​ដែល​បណ្តាលមកពី​ការប៉ះពាល់​ការងារ​។​សារធាតុ​នេះ​អាច​នឹង​កើតឡើង​តាមរយៈ​ការដកដង្ហើម​ចូល​សរ​សៃ​តូច​ល្អិត​ចូលទៅក្នុង​សួត​៕S/