​កម្ពុជា ចាញ់​បា​រ៉ែ​ន ០​ទល់​១ ក្នុង​ទឹកដី​

168
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ០​ទល់​១ នា​យប់​ថ្ងៃទី​១០ កញ្ញា នៅលើ​ទឹកដី​របស់ខ្លួន ។ នេះ​ជាការ​ប្រកួត វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា ( 2022 FIFA World Cup qualification-AFC) ។ សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៥ កញ្ញា កម្ពុជា លេង​ស្មើ​ជាមួយ​ហុងកុង ១​ទល់​១ ក្នុង​ព្រឹត្តិការណ៍​នេះដែរ ។​

ទិដ្ឋភាព​ប្រកួត​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ចប់​ការប្រកួត លោក Filex G.Dalmas ជា​គ្រូបង្វឹក​របស់​កម្ពុជា បានលើកឡើង​ថាៈ «​ចំណុច​ល្អ មាន​ច្រើន​ដូចជា កីឡាករ ព្យាយាម​ជួយ​គ្នា ទៅវិញទៅមក ព្យាយាម​លេង ដោយ​ទំនុកចិត្ត តាម​អ្វីដែល​ខ្លួន​ចង់​លេង ។ ជាការ​ពិត​យើង​បាន​លេង​ជាមួយ​ក្រុម​មួយ​ខ្លាំង​មែនទែន តែ​យើង​នៅតែ​ព្យាយាម​រក្សា​ជំហរ​លេង ។ កម្ពុជា ត្រូវការ​ពេលវេលា​ច្រើន​ទៀត ដើម្បី​អភិវឌ្ឍន៍ និង​ពង្រឹង​ទម្រង់​លេង​របស់ខ្លួន​។​»

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន រូបនេះ បាន​បន្តទៀតថាៈ «​ចំណុច​ដែល​បង្ហាញ​ឲ្យ​ឃើញ ពី​ការរីកចម្រើន​នោះ គឺ​ការយល់​ពី​ទម្រង់​លេង និង​ការរក្សា​ជំហរ ក្នុងតួនាទី​រៀងៗ​ខ្លួន និយាយ​ទៅ យើង​មាន​ចំណុច​រីកចម្រើន ហើយ​ក៏មាន​ចំណុច​ខ្វះខាត​ដែរ ដែល​យើង​ត្រូវការ​ពេលវេលា ដើម្បី​អភិវឌ្ឍន៍​បន្ថែម ។ ប៉ុន្ដែ​យ៉ាងណា លោក​មិន​ពេញចិត្ត ចំពោះ​លទ្ធផល ២ ប្រកួត ចុងក្រោយ​នេះ​ទេ តែ​យើង​នឹង​ព្យាយាម ដើម្បី​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​។​»

​សូមបញ្ជាក់ថា កម្ពុជា នឹងមាន​ការប្រកួត បន្តទៀត នៅក្នុង​ពូ​ល C នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ជាមួយ​ជម្រើសជាតិ​អ៊ីរ៉ាក់ ដែលជា​ការប្រកួត​ទី​៣ ប្រចាំ​ពូ​ល​នេះ ខណៈ​ការប្រកួត​ទី​៤ ជួប​អ៊ីរ៉ង់ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​។​

ទិដ្ឋភាព​ប្រកួត​

​ចំពោះ​លោក Hélio Sousa គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន បាន​ថ្លែងថា ក្រោយពី​បាន​នាំ​ក្រុម​ប្រកួត​ឈ្នះ​ក្រុម បានបញ្ជាក់​ថាៈ «​ការប្រកួត​នេះ ពិតជា​អស្ចារ្យ យើង​លេង​ជាមួយ​ក្រុម ដែល​ល្អ​មែនទែន​។ ពួកគេ​ព្យាយាម​លេង ជាមួយ​បាល់ ព្យាយាម​រក្សា​បាល់ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​យើង​ព្យាយាម កែប្រែ​ស្ថានភាព​បាន យើង​បង្កើត​ឱកាស​បាន​ច្រើន យើង​មានឱកាស​បញ្ចប់​ទី​បាន​ច្រើន ប៉ុន្តែ​យើង​រកបាន​តែមួយ​គ្រាប់​។​»

​លោក​បាន​បន្ដថាៈ « ជាការ​ពិត កីឡាករ​របស់​យើង សហការគ្នា​បាន​យ៉ាង​ល្អ ហើយ​ថ្ងៃនេះ ជាការ​ប្រកួត​ដែល​យើង​រកបាន ៣ ពិន្ទុ ដ៏​មាន​សារៈសំខាន់ សម្រាប់​ក្រុម​។​»

​សូមបញ្ជាក់ថា ជា​ជ័យជម្នះ ០​ទល់​១ លើ​កម្ពុជា គឺ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Kamil Al Aswad នៅ​នាទី​៧៨ នៃ​វគ្គ​ទី​២ ៕v