​កម្មករសំណង់​បែកគំនិត​ជួញដូរ​គ្រឿងញៀន​ទីបំផុត​ជាប់ពន្ធនាគារ​

958
ចែករម្លែក

​(​កណ្តាល​)៖​បុរស​កម្មករសំណង់​ម្នាក់​បែរ​គំនិត​ជួញដូរ​គ្រឿងញៀន ត្រូវបាន​លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ ” ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” តាម​មាត្រា​៤០​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង​ទទួល​ផែន​បទល្មើស​គ្រឿង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ថ្លែងថា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទូច ធួន ស្ថិត​ក្នុងភូមិ កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង មាន​ករណី​ជួញដូរ​គ្រឿងញៀន ។​ជនសង្ស័យ​ឈ្មោះ ទូច ធួន អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​កោះ​ខែល ឃុំ កោះ​ខែល ស្រុក​ស្អាង ។ វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ជា​សារធាតុ​ញៀន​ហៅ​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់ ។​

​សមត្ថកិច្ច បន្តថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទូច ធួន ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ កម្លាំង​នគរបាល បាន​ត្រួតពិនិត្យ​ជនសង្ស័យ ដោយ​ទទួលបាន​ការឯកភាព​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ឲ្យ​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ ទូច ធួន បាន​រកឃើញ​ថ្នាំញៀន​ចំនួន ១៣​កញ្ចប់ និង​ឧបករណ៍​សម្រាប់ វេច​ខ្ចប់ មួយចំនួនទៀត ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ទូច ធួន បាន​សារភាពថា​ខ្លួន​បាន​ទិញ​គ្រឿងញៀន​១២​ម៉ឺន​ដុល្លារ ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ចំណុច​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ដើម្បី​យកមក​លក់​បន្ត ៕S/​ដោយ​៖​ស្រី​លក្ខណ៍​

​ចំណងជើង​រូបថត​៖​ជនសង្ស័យ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​(​ស្រី​លក្ខណ៍​)

​ ​