​កម្មករ​កម្មការិនី​រោងចក្រ​YLT​ផ្ទុះ​ការតវ៉ា​ក្រោយពេល​ថៅកែ​ពន្យា​ពេល​បើក​ប្រាក់ខែ​ដល់​ចូលឆ្នាំ​ចិន​រួច​

110

(​ព្រៃវែង​)៖​កម្មករ កម្មការិនី ប្រមាណ​ជិត​៣០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​រោងចក្រ YLT “​រោងចក្រ​ធ្វើ​រាន​ទេវតា​” ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ឃុំ​កំពុង​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៨​។ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ខាងលើ គោរព​ច្បាប់​ការងារ និង​បើក​ប្រាក់ខែ​កម្មករ​ឱ្យបាន​ទៀងទាត់​។​

​ក្រុមកម្មករ​ទាំងនោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​រោងចក្រ​នេះ​ថៅកែ​ជា​ជនជាតិ​កូរ៉េ​មេការ​ជា​ជនជាតិ​វៀតណាម​មានកម្ម​ករក​ម្ម​ការិនី​សរុប​ជិត​៣០០​នាក់​និង​បាន​ដំណើរការ​រយៈពេល​៣​ឆ្នាំ​មកហើយ​។​ក្រុមកម្មករ​ដដែល​បាន​បញ្ជាក់ថា​រយៈពេល​៣​ឆ្នាំ​មកនេះ​ថៅកែ​រោងចក្រ​បានធ្វើ​បាបកម្ម​ក​រណាស់​ដោយបាន​បង្ខំ​កម្មករ​អោយធ្វើ​ការ​ថែម​ម៉ោង​រហូតដល់​ម៉ោង​១១​យប់​ពេលខ្លះ​ដល់​ភ្លឺ​ក៏មាន​។​បើ​កម្មករ​ណា​ប្រកែក​មិន​ព្រមធ្វើ គេ​គំរាម​បញ្ឈប់​ការងារ កាត់លុយ​ឬ​លែងឱ្យ​ថែម​ម៉ោង​រហូត​។​

​ចំណែក​ប្រាក់ខែ​កម្មករ​វិញ​ថៅកែ​តែងតែ​ពន្យា​ពេល​រហូត​។​ក្នុងនោះ​ជាធម្មតា​គ្រប់​រោងចក្រ​ទាំង​អស់គេ​តែងតែ​បើក​លុយ​ថ្ងៃទី​១០​ជា​រៀងរាល់ខែ​ចំណែក​រោងចក្រ​នេះ YLT”​ហៅ​រោងចក្រ​ធ្វើ​រាន​ទេវតា​” បាន​ពន្យា​ការបើក​លុយ​ដល់​ថ្ងៃទី​១៥​ឬ​១៦​ឯណោះ​។​ថ្មីៗ​នេះ ស្រាប់តែ​ថៅកែ​រោងចក្រ​បិទ​ប្រកាស ថា​ប្រាក់ខែ​សំរាប់​ខែ​នេះ​ត្រូវ​ពន្យា​ដល់​ថ្ងៃទី​១៧ ដោយ​អោយ​កម្មករ​ខ្ចី​មុន​ម្នាក់​១០០​ដុល្លារ​សិន ចាំ​ដល់​ថ្ងៃទី​២៤​ខែកុម្ភៈ​ទើប​បើក​ឲ្យ​ទាំងអស់​។

​ចំណុច​នេះហើយ​ទើប​កម្មករ​កម្មការិនី​ទាំងអស់​កើត​ទុក​មិន​សុខចិត្ត​ហើយ​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ​នេះ​តែម្តង​ព្រោះ​ម្នាក់ៗ​ត្រូវ​ការបើក​លុយ​មក​ចាយវាយ​និង​ប្រើការ​ក្នុងឱកាស​ចូលឆ្នាំ​ចិន​នេះ​ផង មិនគួរណា​ថៅកែ​រោងចក្រ​លើក​ពេល​បើក​ប្រាក់ខែ​ដល់​ចូលឆ្នាំ​ចិន​រួច​បែបនេះ​ទេ​។​

​គួរ​បញ្ជាក់ថា ក្នុងពេលដែល​ក្រុមកម្មករ​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ព្រឹក​នោះ គេ​ពុំ​ឃើញ​មាន​វត្តមាន​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរ​ការងារ​ណា​ម្នាក់ ចុះទៅ​សម្របសម្រួល​ឬ​ដោះស្រាយ​ឡើយ ចំណែក​ភាគី​ខាង​ថៅកែ​រោងចក្រ​។ ក៏​មិនឃើញ​ចេញ​ធ្វើ​ការចរចារ​សម្របសម្រួល ជាមួយ​ក្រុមកម្មក​រដែ​រ គឺ​មានតែ​ក្រុមកម្មករ រាប់រយ​នាក់ នាំគ្នា​ឈរ​ស្រែក​តវ៉ា​នៅខាងមុខ​រោងចក្រ​ប៉ុណ្ណោះ​។​

ចំពោះ​បញ្ហា​នេះ ភ្នាក់ងារ​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក សាញ សាម ប្រធាន​រដ្ឋបាល​រោងចក្រ YLT ជា​ច្រើនដង​ដើម្បី​សុំ​ការបំភ្លឺ ប៉ុន្តែ​ទូរស័ព្ទ​របស់លោក ខ​ល​ចូល​ហើយ​គ្មាន​អ្នកទទួល​។​​ដោយឡែក​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ព្រះស្តេច បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​កំពុង​ជាប់រវល់​នៅ​ប្រទេស​វៀតណាម តែ​លោក​ហ្នឹង​ប្រ​ញ៉ាប់​ត្រឡប់​ទៅវិញ ហើយ​ពិនិត្យមើល​រឿងនេះ​។​រីឯ​លោក ណុប សាវ៉ាត ប្រធាន​មន្ទីរ​ការងារ​ខេត្តព្រៃវែង មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​របស់លោក ខ​ល​ចូល​ជា​ច្រើនសារ តែ​គ្មាន​អ្នកទទួល​៕S/​ដោយ​៖​ចាន់ ថន​

​កម្មករ​កម្មការិនី​រោងចក្រ​YLT​ផ្ទុះ​ការតវ៉ា​ក្រោយពេល​ថៅកែ​ពន្យា​ពេល​បើក​ប្រាក់ខែ​ដល់​ចូលឆ្នាំ​ចិន​រួច​