​កម្មករ​រត់​តុ​ម្នាក់​ត​ភ្លើង​ក្នុង​រោង​ការខុស​បច្ចេកទេស​ប​ណ្ដា​ល​ឲ្យ​ឆក់​ស្លាប់​នៅ​ស្រុក​កំចាយមារ​

1310

(​ព្រៃវែង​)៖ កម្មករ​អ្នក​លើក​ម្ហូប​ឲ្យ​ចុងភៅ​ការ​ម្នាក់​បាន​ស្លាប់​ពេល​កំពុង​ជួយសង្គ្រោះ​បន្ទាប់ពី​រូបគេ​ត​ខ្សែភ្លើង​នៅក្នុង​រោងការ ហើយ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​នៅ​ចំណុច​រោងការ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ត្នោត​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​១១,៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៧ ។​

​លោក ស៊ីវ សុខុម អធិការនគរបាល​ស្រុក​កំចាយមារ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ទុំ ទៀង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ក្បាលដំរី ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ​ខេត្ត​ត្បូងឃ្មុំ​។​​លោក អធិការ​បាន​បន្តថា នៅ​មុនពេល​កើតហេតុ មាន​ពិធីមង្គលការ​នៅ​ចំណុច​ផ្ទះកើតហេតុ​។​ជនរងគ្រោះ​ជា​អ្នកស៊ីឈ្នួល​រត់​តុ ឲ្យ​ចុងភៅ​ដែលមាន​ឈ្មោះ គង់ វុ​ធ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំមាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​។​

លុះដល់​វេលា​ម៉ោង​ខាងលើ​ជនរងគ្រោះ​បាន​ត រាយ​ខ្សែភ្លើង​ក្នុង​រោងការ ហើយក៏​ឆ្លង​ចរន្តអគ្គិសនី​ឆក់​សន្លប់​បាត់ស្មារតី​។​នៅក្រោយពេល​ឆក់​ភ្លាមៗ​អ្នកជិតខាង​និង​ភ្ញៀវ​ដែល​មក​ហូបបាយ​ការ គឺ​បាន​យក​ជនរងគ្រោះ​ទៅ​កប់​ដីខ្សាច់​ស្រោច​ទឹក​ដើម្បី​ជួយសង្គ្រោះ​បឋម ប៉ុន្តែ​ជា​អកុសល​ជួយ​មិនបាន ខណៈនោះ​ជនរងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្ដង​។​បច្ចុប្បន្ន​សព​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ឯ​ស្រុកកំណើត​៕S/​ដោយ​៖​ចាន់ ថន​