ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា / ភ្នំពេញ: មជ្ឈមណ្ឌលឯកសារកម្ពុជា រួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា មានមោទកភាពប្រកាសជូនជាដំណឹងអំពីកម្មវិធីជាសាធារណៈ ដើម្បីចែកសៀវភៅ «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលក្នុងប្រវត្តិសាស្ត្រពិភពលោកៈ ទិដ្ឋភាពទូទៅនៅក្នុងថ្នាក់រៀនកម្ពុជា»។ ដោយសារតែមានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជននិងកីឡា សៀវភៅនេះនឹងចូលរួមចំណែកក្នុងការអប់រំ យុវជន យុវនារីកម្ពុជា នាពេលបច្ចុប្បន្ន និងពេលអនាគត ស្តីពី អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ដែលបានកើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ កម្មវិធីចែកសៀវភៅនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និងលោកស្រី វីណា រីឌី ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាល័យឥន្ទ្រទេវី ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង៨ព្រឹក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
សៀវភៅនេះ មានគោលបំណងជូនជាព័ត៌មានសម្រាប់លោកគ្រូ-អ្នកគ្រូ ដើម្បីប្រើប្រាស់នៅក្នុងការផ្តល់ជាចំណេះដឹងដល់សិស្សានុសិស្ស អំពីការសម្លាប់រង្គាលនានា និងថាតើបទពិសោធន៍របស់កម្ពុជា ក្នុងរបបខ្មែរក្រហម មានទំនាក់ទំនងជាមួយបទពិសោធន៍ និងភាពឈឺចាប់របស់ប្រជាជនក្នុងប្រទេសដទៃយ៉ាងដូចម្តេច។ សៀវភៅនេះត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់លោកគ្រូ-អ្នកគ្រូ ក្នុងការរៀបចំគម្រោងមេរៀន ដែលលើកឡើងអំពីការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្ត្រ។ សៀវភៅខាងលើ រួមបញ្ចូលនូវករណីសិក្សាចំនួន៥ គឺ ជនជាតិអាមេនីស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់, ណាហ្ស៊ីរបស់អាល្លឺម៉ង់, ប្រទេសកម្ពុជាស្ថិតក្រោមរបបខ្មែរក្រហម, ប្រទេសបូស្ន៊ី-ហឺហ្សឺហ្គោវីន និងប្រទេសរវ៉ាន់ដា។ ថ្វីត្បិតតែករណីសិក្សាទាំង៥ មានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការពន្យល់បកស្រាយអំពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ ករណីសិក្សាទាំងនេះសុទ្ធសឹងតែជំរុញឲ្យមានការឆ្លុះបញ្ចាំង ការប្រៀបធៀប និងការពិភាក្សាវែកញែក។ ជំពូកនីមួយៗ ចាប់ផ្តើមឡើងដោយ មេរៀនសង្ខេប ដែលមាននាទីជាបរិក្ខាជំនួយដល់លោកគ្រូ-អ្នកគ្រូ ដើម្បីជាឯកសារយោងសម្រាប់អំណាន សំណួរ-ចម្លើយ និងការពិភាក្សា។ ជំពូកនីមួយៗ ក៏បានរួមបញ្ចូលព័ត៌មានស៊ីជម្រៅ គឺ «មេរៀនលម្អិត» ដែលលោកគ្រូ-អ្នកគ្រូ អាចសិក្សាតាមរយៈសំណួរ និងប្រធានបទផ្សេងៗ ដោយសកម្មភាពនេះទាមទារនូវព័ត៌មាន និងពេលវេលាច្រើនសម្រាប់ធ្វើការពិភាក្សា។
របបខ្មែរក្រហមបានផុតរលត់ទៅអស់រយៈពេល៤០ឆ្នាំមកហើយ ចាប់តាំងពីពេលនៃការដួលរលំនៃរបបនេះ តម្រូវការក្នុងការអប់រំ និងធនធានសម្រាប់បង្រៀនអំពីការសម្លាប់រង្គាលនានា គឺមានសារសំខាន់ខ្លាំងណាស់ចំពោះសន្តិសុខសហគមន៍ ជាតិ និងសកលលោក។ សន្តិភាព សន្តិសុខ និងសិទ្ធិមនុស្ស សម្រាប់មនុស្សជំនាន់ក្រោយ មិនត្រឹមតែពឹងផ្អែកទៅលើការងារ ដែលយើងព្យាយាមសម្រេចនៅក្នុងពេលបច្ចុប្បន្នតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអាស្រ័យលើថាតើយើងបានរៀបចំតួនាទី ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំនាពេលអនាគត សម្រាប់មនុស្សជំនាន់ក្រោយបានប្រសើរដែរឬទេ។ ដូចដែលបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងអារម្ភកថារបស់សៀវភៅ «ថ្វីត្បិតការអប់រំពុំអាចជាឱសថព្យាបាលរាល់អំពើអមនុស្សធម៌ទាំងអស់បានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការអប់រំគឺជាកត្តាគន្លឹះដ៏សំខាន់មួយ ដែលជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោកដ៏ប្រសើរមួយសម្រាប់អនាគតមនុស្សជំនាន់ក្រោយ»។
លោក ឆាំង យុ មជ្ឈមណ្ឌលឯកសារកម្ពុជា ជឿជាក់ថាសៀវភៅនេះនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការវិវត្តខ្លួនចេញពីសង្គមមួយដែលត្រូវបានយាយីដោយការសម្លាប់រង្គាល ឲ្យប្រែទៅជាសង្គមមួយដែលមានភាពអង់អាចក្នុងការតទល់ជាមួយអតីតកាលរបស់ខ្លួន ព្រមទាំងធ្វើជាគំរូដល់ប្រទេសដទៃទៀតនាពេលអនាគត។ លោក ឆាំង យុ បានលើកឡើងថា ៖ «ប្រទេសកម្ពុជាមិនអាចគេចវេសពីប្រវត្តិសាស្ត្ររបស់ខ្លួនទេ ក៏ប៉ុន្តែប្រទេសកម្ពុជាមិនត្រូវស្ថិតនៅជាទាសករនៃប្រវត្តិសាស្ត្ររបស់ខ្លួនឯងនោះឡើយ»។ អនាគតរបស់ប្រទេសកម្ពុជាមិនមែនត្រូវបានកំណត់ដោយការតទល់នឹងអតីតកាលរបស់ខ្លួន និងការព្យាបាលខ្លួនឲ្យជាសះស្បើយតែម្យ៉ាងនោះទេ ក៏ប៉ុន្តែក៏ត្រូវធ្វើឡើងតាមរយៈការជួយដល់ប្រទេសដទៃ ជាតិសាសន៍ដទៃ និងពិភពលោក ក្នុងការតទល់ និងបញ្ចៀសការសម្លាប់រង្គាល និងភាពជ្រុលនិយមមិនសមហេតុសមផលទៀតផង។
សៀវភៅស្ដីពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលក្នុងប្រវត្តិសាស្ត្រពិភពលោកនេះ សរសេររួមគ្នាដោយ ៖ ១) បណ្ឌិត លី សុខឃាង ២) បេក្ខភាពបណ្ឌិត សូ ហ្វារីណា, ៣) បណ្ឌិត ជា ផល្លា, និង ៤) មេធាវី គ្រីស្តូហ្វ័រ ឌៀរីង។
សៀវភៅនេះទទួលបានជំនួយហិរញ្ញវត្ថុមួយផ្នែកពីមូលនិធិ (ការចងក្រងឯកសារ និងលទ្ធិប្រជាធិបតេយ្យ) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយមានការគាំទ្រចម្បងពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ៕ ល