​កម្លាំង​អាវុធហត្ថ​ស្រុក​កែវ​សីមា​ចាប់​រថយន្ត​ដឹកឈើ​ជាង​២០០​សន្លឹក​ប្រគល់ឱ្យ​មេព្រៃ​

1006
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ឈើ​គ្រឿងផ្ទះ​ប្រមាណ​ជាង​២០០​សន្លឹក​ដឹក​តាមរយៈ​រថយន្ត​ប៉ា​កុង​(​រថយន្ត​កែច្នៃ​សម្រាប់​ដឹកឈើ​) ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់ការ​សន្តិសុខ​៧៦១​ស្ទាក់​ដើម្បី​សួរនាំ​និង​ឈានទៅដល់​ការ​រឹបអូស​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។​

ការចាប់​រថយន្ត​សង្ស័យ​ល្មើសច្បាប់​ខាងលើ​ធ្វើឡើង​នៅពេលដែល​មានការ​ចង្អុល​បង្ហាញ​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​លោក​ហែម​បូ​ណា​រ៉ែ​ល​មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​។​ក្នុងនោះ​អនុវត្តន៍​ផ្ទាល់​ពី​កម្លាំង​ស្នាក់ការ​សន្តិសុខ​៧៦១​ដឹកនាំ​ដោយ​លោក​សាក់ សា​គុណ ប្រធាន​ស្នាក់ការ​កាលពី​យប់​ថ្ងៃទី​១៦​មីនា​២០១៨ ចំណុច​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ប្រធាន​ស្នាក់ការ​សន្តិសុខ​៧៦១​លោក​សាក់ សា​គុណ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៧​មីនា​នេះ​ថា បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​លោក​បាន​ដឹកនាំ​កម្លាំង​ដោយផ្ទាល់​ចំនួន​០៧​នាក់​ឆ្ពោះទៅ​ចំណុច​”UTM”​លេខ​០៦៩១៤៦៨.១៣៥៧៩១៨​ក្នុងភូមិ​ពូ​គង់​(​ក្នុង​ក្រុមហ៊ុនចម្ការកៅស៊ូ​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​)។​បាន​ប្រទះឃើញ​រថយន្ត​កែឆ្នៃ​ប្រភេទ​ប៉ា​កុង​១​គ្រឿង​កំពុងតែ​ដឹកឈើ​អារ​ជ្រៀក​រួច​ប្រភេទ​ឈើទាល​ដោយ​ដឹក​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បម្រុង​ឆ្ពោះទៅ​លក់​បន្ត​ក្នុង​ទឹកដី​នៃ​ខេត្តក្រចេះ​។​

​ក្រោយពី​ឃាត់​សួរនាំ​បាន​បន្តិច អ្នកបើកបរ បាន​លោត​ចុះ​ហើយ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​តែ​រថយន្ត​។​នៅ​ព្រឹក​ថ្ងៃទី​១៧​មីនា​នេះ រថយន្ត​ប៉ា​កុង​អាវុធហត្ថ​បានប្រគល់​ឲ្យ​ជំនា​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​ចាត់​ការបន្ត​ហើយ​។​មន្ត្រី​ជំនាញ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​បាន​ឲ្យ​ដឹងថា​ឈើ​ដែល​រឹបអូស​ជា​ឈើ​ប្រភេទ​ឈើទាល​អារ​ជ្រៀក​រួច​ចំនួន​២៤០​សន្លឹក​ចំពោះ​បរិមាណ​នៅ​មិនទាន់បាន​វាស់វែង​នៅឡើយ​៕S/

​កម្លាំង​អាវុធហត្ថ​ស្រុក​កែវ​សីមា​ចាប់​រថយន្ត​ដឹកឈើ​ជាង​២០០​សន្លឹក​ប្រគល់ឱ្យ​មេព្រៃ​