​កម្សាន្ត​តាម​រមណីយដ្ឋាន​បែប​បឹង​ហ្កា​ឡូ​មានឱកាស​នៅ​កៀក​កិត​ជាមួយ​ធម្មជាតិ

1279
ចែករម្លែក
  • 11
    Shares

​ដោយៈ​បូកគោ​/​កំ​ពតៈ​ការកម្សាន្ត ឬ​ស្នាក់អាស្រ័យ​នៅតាម​បណ្តា​រមណីយដ្ឋាន​បែប​បឹង​ហ្កា​ឡូ ភ្ញៀវ​មានឱកាស​បាន​នៅ​កៀក​កិត​ជាមួយ​ធម្មជាតិ​ពិតប្រាកដ​ហើយ​ពោរពេញ​ដោយ​ផាសុកភាព​ជាមួយ​ការយកចិត្តទុកដាក់​ចំពោះ​អនាម័យ បរិស្ថាន ព្រមទាំង​គុណភាព​នៃ​ម្ហូបអាហារ​ទៀតផង​។​

​លោក​មាស រី​ម ម្ចាស់​រមណីយដ្ឋាន​ណា​ហ្កា​ហៅ​ស៍​បើក​បម្រើភ្ញៀវ​ស្នាក់នៅ​ជា​របៀប​បឹង​ហ្កា​ឡូ ជាប់​ឆ្នេរ​ព្រែក​កំចាយ​ស្ថិតក្នុង​ភូមិ​អូរ​តូច​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​បាន​រៀបរាប់ថា​បឹង​ហ្កា​ឡូ​ជា​កន្លែង​ស្នាក់​ដែល​ភ្ញៀវ​ពិសេស​ទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​ចូលចិត្ត​។

​បន្ទប់​ឬ​កន្លែង​ស្នាក់​មិន​សំដៅលើ​ភាពទំនើប​ទេ​ជា​របៀប​សាមញ្ញៗ​ប្រៀប​ដូច​ផ្ទះ​របស់​បងប្អូន​ជនជាតិភាគតិច​ដែលមាន​បន្ទប់ទឹក​នៅ​ដាច់ដោយឡែក​។​ផ្លូវ​ដើរ​អមដោយ​ដំណាំ​ផ្សេងៗ​បែប​ធម្មជាតិ មិនមែន​លម្អ ដោយ​របស់​សិប្បនិម្មិត​។

​ម្ចាស់​រមណីយដ្ឋាន​បាន​បន្តថា​បឹង​ហ្កា​ឡូ​របស់លោក​មាន​ខ្ពស់​មាន​ទាប​តែ​មិនជា​គោលដៅ​សម្រាប់​ភ្ញៀវ​ជ្រើសរើស​នោះទេ​និយាយ​រួម​ទីតាំង​ទើប​ជា​កត្តា​សំខាន់​។​ជាក់ស្តែង​នៅទីនេះ​ផ្ទាល់​ជាប់​នឹង​ដងព្រែក​ដែល​ភ្ញៀវ​អាច​គយ​គយ​ទូក​នេសាទ ទូក​ទេសចរណ៍ ឬ​ការ​ហែល​ទឹក​លេង​ជាដើម​។

​ពាក់ព័ន្ធ​នឹង​ការបើក​កន្លែង​ទទួលភ្ញៀវ​បែប​បឹង​ហ្កា​ឡូ​វិញ​លោកមា​សរី​ម​បាន​បញ្ជាក់ថា​កន្លងមក​លោក​ប្រកបរ​បរជា​អ្នករត់ម៉ូតូឌុប​និង​ចេះ​ភាសា​អង់គ្លេស​ខ្លះ​ទើប​យល់​ពី​ចំណង់​ចំណូលចិត្ត​ភ្ញៀវ​បរទេស​អំពី​កន្លែង​ស្នាក់ និង​លម្ហែ​កម្សាន្ត​។

ផ្តើមចេញ​នូវ​បញ្ហា​នេះ លោក​ក៏​ចាប់ផ្តើម​ជួល​ទីតាំង និង​ធ្វើ​បឹង​ហ្កា​ឡូ​នៅ​ឆ្នាំ​២០១២ ហើយ​ឈានទៅ​បង្កើតជា​បារ រួច​ដំណើរការ រហូតដល់​បច្ចុប្បន្ន​។ រាល់​ជោគជ័យ​គ្រប់​អាជីវកម្ម​គឺ​បដិសណ្ឋាកិច្ច​ល្អ​ភាព​រួសរាយ​រាក់ទាក់​ពិសេស​បញ្ហា​គុណភាព​អនាម័យ​ម្ហូបអាហារ​ដែល​ធ្វើឱ្យ​ភ្ញៀវ​មក​ឃើញ និង​ជួប​ផ្ទាល់​យកទៅ​ប្រាប់​មិត្តភក្តិ​បន្តទៀត​។​

​អ្នកស្រី ប៉ាក ពៅ ម្ចាស់​រមណីយដ្ឋាន​ស្រី​ពៅ​ម្លប់​ដូង​មាត់​ព្រែក​ដែលមាន​ទីតាំង​ក្នុងភូមិ​កំពង់​ក្រុង ឃុំ​កំពង់​គ្រែង​ស្រុក​ទឹកឈូ​ជាប់​ព្រែក​កំចាយ​បាន​រៀបរាប់ថា​អ្នកស្រី​ចាប់​បើក​កន្លែង​លម្ហែ​កម្សាន្ត​ជាង​មួយឆ្នាំ​ហើយដោយ​បង្កើតបាន​បន្ទប់​ស្នាក់នៅ​ជា​ប្រភេទ​បឹង​ហ្កា​ឡូ​ប្រាំ ខ្យូ​ស​បណ្តែត​ទឹក​ប្រាំមួយ​។

​ភ្ញៀវ​ដែល​មក​កម្សាន្ត​អាច​ជិះទូក​កៃ​យ៉ាក់​ហែល​ទឹក​លេង​យ៉ាង​ត្រជាក់​និង​មើលឃើញ​ភ្នំ​ដ៏​ស្រស់ស្អាត​តាមបែប​ធម្មជាតិ​ពិតៗ​។​ម្យ៉ាងទៀត​ភ្ញៀវ​ក៏​អាច​កុម្ម៉ង់​ម្ហូបអាហារ​បែប​ធម្មជាតិ​សម្រាប់​លក្ខណៈ​គ្រួសារ ជា​ក្រុម​មិត្តភក្តិ ពិធីជប់លៀង ខួបកំណើត និង​ពិធី​ផ្សេងៗ​តាម​បំណង​បាន​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា បើ​និយាយ​អំពី កន្លែង​សម្រាក​ឬ​ស្នាក់នៅ​របស់​ភ្ញៀវ​គឺ​ចាប់ពី​សណ្ឋាគារ​ខ្នាត​មធ្យម​ចុះ​រមណី​ដ្ឋា​ន​បែប​បឹង​ហ្កា​ឡូ​ផ្តល់​ភាពងាយស្រួល និង​ប្រកបដោយ​ផាសុកភាព​ជាង ដ្បិត​ទីតាំង​ទាំងនោះ​ផ្តល់ឱកាស​លម្ហែ​កម្សាន្ត ហើយ ភ្ញៀវ​បាន​នៅ​កៀក​កិត​ជាមួយ​ធម្មជាតិ​បរិសុទ្ធ​។​

​គ្រប់កន្លែង​ទាំងអស់​មន្ទីរជំនាញ​និង​ផ្នែក​ពាក់ព័ន្ធ​តែង​បើក​វគ្គ​បណ្តុះបណ្តាល​ជា​ញឹកញយ​នូវ​ការយល់ដឹង​សម្រាប់​អាជីវកម្ម​បម្រើសេវា​ភ្ញៀវទេសចរ ពិសេស​លើ​បញ្ហា​បដិសណ្ឋារកិច្ច អនាម័យ បរិស្ថាន និង​គុណភាព​ម្ហូបអាហារ​៕S/​

​កម្សាន្ត​តាម​រមណីយដ្ឋាន​បែប​បឹង​ហ្កា​ឡូ​មានឱកាស​នៅ​កៀក​កិត​ជាមួយ​ធម្មជាតិ