​ករណី​ធ្វើ​ទារុណកម្ម​ដល់​ស្លាប់​: ចាប់​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​និង​កូនចៅ​បញ្ជូនទៅ​តុលាការ​

571
ចែករម្លែក
លោក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដែលត្រូវចាប់ខ្លួន

ដោយៈ​មុនី​រ័ត្ន​,​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​សំណុំរឿង​ធ្វើ​ទារុណកម្ម​ត្រូវបាន​បំបែក​។​នៅ​ទីបំផុត​មេបញ្ជាការរង​ប៉េអឹម​ខេត្តបន្ទាយមានជ័យ និង​កូនចៅ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ ក្នុងករណីធ្វើទារុណកម្ម​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ជម្លោះដីធ្លី​រហូតដល់​ស្លាប់ ។

​មន្ត្រី​ប៉េអឹម​ដែល​ចាប់ខ្លួន​មាន​ទី​១. លោក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​២.​លោក​ឆ​យ រជ្ជ​នា ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ ។

​ការចាប់​ខ្លន​មន្ត្រី​ប៉េអឹម​ទាំងពីរ​នាក់​នេះ គឺ​បន្ទាប់ពី​សម្តេច​តេ​ជោ​ហ៊ុនសែន​ បាន​បញ្ជា​ឲ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ស្រាវជ្រាវ​បន្ទាន់​ដើម្បី​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃទី​១៩ ខែមករា នេះ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន​ភាពមិនប្រក្រតី​នៃ​ការអនុវត្ត​ន៍តួនាទី ភារកិច្ច​បណ្តាលឱ្យ​ស្លាប់​ជនសង្ស័យ​ដោយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​
​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជា​លទ្ធផល​បាន​រកឃើញ​ការពិត​ដូចខាងក្រោមៈ​
១.​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​ពីរ​នាក់ បាន​ប្រើ​អំពើហិង្សា​ដោយ​វាយ​ជនសង្ស័យ​ពិតប្រាកដ​មែន​។ -​វរសេនីយ៍ឯក ស ប៊ុន​សៀង មុខងារ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​​ររ​នុ​សេនីយ៍​ទោ ឆ​យ រជ្ជ​នា មុខងារ​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​


២.​ការធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ន៍តួនាទី​ភារកិច្ច​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន និង​បណ្តោយឱ្យ​ក្មេង​ទាំងនោះ​វាយ​ធ្វើបាប​ជនសង្ស័យ​។ ក្រោយពី​ការបញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​តាម​ដីកាឃុំខ្លួន​បណ្តោះអាសន្នរ​បស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប​ន្ទា​យ​មានជ័យ ជន​ត្រូវ​ចោទ​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់​។​
៣.​ជា​វិធានការ​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​ ​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​កសាង​សំណុំរឿង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចំនួន​ពី​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមច្បាប់​។​

​ទាក់ទង​ករណីនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ជម្លោះដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​ធ្វើ​ទារុណកម្មរហូតដល់​ស្លាប់​។ ដោយ​សម្តេច​បាន​បញ្ជា​ឲ្យ​ចាប់​អ្នក​ដែល​ប្រព្រឹត្តធ្វើ​ទារុណកម្ម​លើ​ប្រជាពលរដ្ឋ​ដល់​ស្លាប់ យកមក​ផ្តន្ទាទោស​។

ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ជំនួប​លើក​ទី​៤ ជាមួយ​អ្នក​សារ​ព័​ត៍​មាន​នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​កោះ​ពេជ្រ​។​
​តំណាង​អ្នកមាន​ជម្លោះដីធ្លី​បីនាក់​ដែល​នៅមាន​ជីវិត​ក្រោយពេល​តំណាង​ម្នាក់ទៀត​ដែល​ជាប់ឃុំ​ជាមួយគ្នា​បាន​ស្លាប់​កាលពី​ដើមខែ​នេះ បានដាក់​ពាក្យ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ថា​បាន​វាយ​ធ្វើ​ទារុណកម្ម​លើ​ក្រុម​លោក ដើម្បី​បង្ខំ​យក​ចម្លើយសារភាព​។​

​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ តំណាងឱ្យ​៦០០​គ្រួសារ មកពី​ឃុំ​ច​ង្ហា​រ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ា​នៅមុខ​សាលាខេត្ត​ក្នុង​ជម្លោះដីធ្លី បន្ទាប់​សមត្ថកិច្ច​ចាប់​តំណាង​របស់​ពួកគាត់​ប្រាំ​នាក់​ឃុំខ្លួន​។ លុះ​រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ តំណាង​ម្នាក់​ក្នុងចំណោម​នោះ ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់ ដោយ​ខេត្ត​បញ្ជាក់ថា ដោយសារតែ​បញ្ហា​ញៀន​ស្រា ប៉ុន្តែអ្នក​ជាប់ឃុំ​ជាមួយចោទថា ដោយសារ​ការធ្វើ​ទារុណកម្ម​។​

ទោះយ៉ាងណា ជុំវិញ​ករណី​ស្លា​ប់លោក ទុយ ស្រស់​នេះ អ្នក​ជាប់ឃុំ​ជាមួយ​អះអាងថា បានឃើញ​ផ្ទាល់​ភ្នែក​ករណី​វាយ​ធ្វើ​ទារុណកម្ម​ពី​កម្លាំង​សមត្ថកិច្ច​។​

លោក នូវ នឿន តំណាង​ម្នាក់​ក្នុងចំណោម​មនុស្ស​បីនាក់ ដែល​បានដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃទី​១២ ខែមករា បាន​ប្រាប់​វី​អូ​ឌី​តាម​ទូរស័ព្ទ​ថា ការស្វែងរក​កិច្ច​អន្តរាគមន៍​តាមរយៈ​មេធាវី អង្គការ​មិនមែន​រដ្ឋាភិបាល​នៅពេលនេះ គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ផ្ទាល់ និង​មនុស្ស​ផ្សេងទៀត​។ បើតាម​លោក នឿន ក្នុងអំឡុងពេល​ចាប់ និង​ឃុំខ្លួន​នោះ គឺ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​វាយ​ធ្វើបាប​ពួកគាត់​ស្ទើរ​ស្លាប់​។​

លោក​បន្ថែមថា «​ដាក់​ខ្នោះ​រួច​រុញ​ចូលក្នុង​ឡាន វ៉ៃ​បន្ថែម បុក​បន្ថែម កាច់ក និង​វ៉ៃ​ពីមុខ​។ អ៊ីចឹង ពួក​ខ្ញុំ​ត្រូវបាន​គេ​រុញ​ចូលក្នុង​ឡាន​ទាំង​ប្រាំ​នាក់ រួច​យក​ពួក​ខ្ញុំ​ទម្លាក់​នៅមុខ​ដងទង់​ជាតិ​។ ខ្ញុំ​ស្មានថាឱ្យ​ពួក​ខ្ញុំ​គោរព​ទង់ជាតិ​។ ពួក​ខ្ញុំគេ​តម្រូវឱ្យ​អង្គុយ​នៅមុខ​ដងទង់​ជាតិ​ហ្នឹង​តែម្ដង​។ បន្ទាប់មក គេ​ឱ្យ​តម្រៀបជួរ​គ្នា ហើយ​ចាប់ផ្ដើម​ទាត់​វ៉ៃ​ម្នាក់ៗ​បី​បួន​ជើងៗ​។ បើ​ខ្ញុំ​វិញ​​ គេ(​ប៉េអឹម​) ទាត់​បី​ជើង រួច​ថែម​មួយ​ដៃ​ទៀត របូត​ធ្មេញ​មួយ​ចំហៀង​»​។​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា សកម្មជន​ដីធ្លីបីនាក់ រួមមាន លោក អាន រួន លោក នូវ នឿន និង​លោក ហ៊ឹម គី​រី បាន​ស្នើសុំ​មេធាវី​ពី​ខាង​សមាគម​អាដហុក​។ លោក អាន រួន បញ្ជាក់ថា ការពឹង​ពាក់​មេធាវី​ពី​អង្គការ​សង្គម​ស៊ីវិល​នៅពេលនេះ គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​ពួកគាត់អាចមាន​លទ្ធភាព​ក្នុងការ​តតាំង​តាមផ្លូវ​ច្បាប់​នៅ​តុលាការ នាពេលខាងមុខ​។​

លោក នូវ នឿន បញ្ជាក់ថា ក្នុងចំណោម​តំណាង​ប្រាំ​នាក់ ដែល​ត្រូវបាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន គឺ​មានតែ​បីនាក់​ប៉ុណ្ណោះសម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ប្រឆាំង​ការធ្វើ​ទារុណ​កម្មនេះ​។ ចំណែក​អ្នក​ផ្សេងទៀត លោក​មិនបាន​ដឹងថា មាន​មូល​ហេតុអ្វី​បាន​ពួកគេ​មិន​ប្តឹង​។ លោក​ដាក់​ការសង្ស័យថា អ្នក​ទាំងនោះ​មានការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​។​

​ទាក់ទង​នឹង​សុវត្ថិភាព​នេះដែរ តំណាង​ទាំងបី​នាក់ ដែល​មក​ស្នើសុំ​មេធាវី និង​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ អាដហុក អះអាងថា ពេលនេះ​មាន​មនុស្ស​ស្លៀក​ស៊ីវិល តាមឃ្លាំមើល​ពួកគាត់​ជាប្រចាំ​។​

ទាក់ទង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ សកម្មជន​ដីធ្លី​បាន​អះអាងថា អ្នក​ដែល​បញ្ជា​ឱ្យ​វាយ​ធ្វើបាប និង​ទាត់​ធាក់​ពួកគេ គឺជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ឈ្មោះ សរ ប៊ុន​សឿង​។

ប្រភព​បន្ថែមថា លោក ប៊ុន​សឿង ក្រៅពី​បញ្ជា​ឱ្យ​កូនចៅ​វាយ និង​ធ្វើ​ទារុណកម្ម​យក​ចម្លើយ​ហើយ មន្ត្រី​រូបនេះបាន​ប្រើ​ហិង្សា​ដោយ​ខ្លួនឯង​មកលើ​ពួកគាត់​ជា​អ្នក​តវ៉ា​រឿង​ដីធ្លី​ផ្ទាល់​ថែមទៀត​។​

លោក អាន រួន តំណាង​ម្នាក់​ក្នុងចំណោម​សកម្មជន​ទាំង​ប្រាំ​នាក់ ថ្លែងថា លោក​ត្រូវបាន​លោក សរ ប៊ុន​សឿង ចាប់​ទះកំផ្លៀង និង​វាយ​បត់​ក​ក្នុង​បំណង​ឱ្យស្លាប់ មុននឹង​ត្រូវបញ្ជូន​ចូលទៅក្នុង​រថយន្ត​។ លោក​បន្តថា ក្នុងអំឡុងពេល​ឃុំខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការរង​រូបនេះ បាន​បញ្ជា​ឱ្យ​កូនចៅ វាយ​សួរចម្លើយ​បន្ថែមទៀត ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​មកលើ​ពួកគាត់​។​

លោក​បន្ថែមថា​គ្នា​គេ​បី​បួន​នាក់ រើ​ម៉េច​ឈ្នះ​។ គេ​ដាក់​យកៗ (​វាយ​) ខ្ញុំ​ឡើង​ឈាម​ក្បាល​ជោក​អាវ​អស់​។​វាយ​ខ្ញុំ​ឡើង​រយះ​ត្របកភ្នែក​។ អុក​ជង្គង់ និង​អូស​វ៉ៃ​ពីលើ​ក្បាល​ថែមទៀត រួចហើយ​ដាក់​មួកសុវត្ថិភាព រួច​អូស ហើយ​កាច់ក​ខ្ញុំ​បំបាក់​។ វ៉ៃ​នេះ​វ៉ៃ​មែនទែន វ៉ៃ​យក​ឱ្យ​ងាប់​តែម្ដង​។ មកដល់​ខាងក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ លោក ប៊ុន​សឿង គេ​វ៉ៃ​ថែមទៀត​។ ម្នាក់​ថែម​បី​បួន​ជើង​ទៀត ទប់​គ្នា​ហ្នឹងឯង​៕​សរន/Ha