​ករណី​បាក់​សំយាបផ្ទះ​នៅ​ស្រុក​ជើងព្រៃ​អ្នកស្លាប់​កើន​ឡើងដល់​បីនាក់​

446
ចែករម្លែក
  • 108
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: ករណី​បាក់​សំយាបផ្ទះ​សង្កត់​ភ្ញៀវ​ចូលរួម​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅ​ភូមិ​ខ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មកដល់​រសៀល​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​២០១៩​នេះ គឺ​ជនរងគ្រោះ​ស្លាប់​បាន​កើន​ឡើងដល់​ចំនួន បី នាក់​ក្នុងចំណោម​អ្នករបួសធ្ងន់​ស្រាល​សរុប​ជាង ១០ នាក់​នោះ​។​
​លោក​វរសេនីយ៍​ប្រាក់​សុគន្ធ​អធិការនគរបាល​ស្រុក​ជើងព្រៃ​បានឱ្យដឹងថា​ក្នុងនោះ​ជនរងគ្រោះ​មាន​ស្ត្រី​អាយុ ៧០ ឆ្នាំឈ្មោះ ញឹ​ល ប៉ុក បាន​រងរបួស​ធ្ងន់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ នៅ​ម៉ោងជាង ៩ ព្រឹក​ថ្ងៃទី ៦ មេសា​។

បន្ទាប់មក​នៅ​ថ្ងៃ​ដដែល​នោះ​ស្ត្រី​ជា​ជនរងគ្រោះ​ឈ្មោះ ផែន អូន អាយុ ៧០ ឆ្នាំ​ដែរ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ស្រុក​ជើងព្រៃ​។​នៅ​មន្ទីរ​នេះ​កាលពី​ព្រឹក​ថ្ងៃទី​៧​មេសា​ដដែល​ក៏មាន​ស្ត្រី​ជា​ជនរងគ្រោះ​បាន​ស្លាប់​ម្នាក់ទៀត​ឈ្មោះ ម៉ែន សឿន អាយុ ៦៨ ឆ្នាំ​។​

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា សរុប​ករណី​បាក់​សំយាបផ្ទះ​ខាងលើ​សង្កត់​ទាំង​អ្នកស្លាប់ និង​របួស​ចំនួន ១២ នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​ម៉ូតូ​កង់​បី មួយ គ្រឿង , ម៉ូតូ​ធម្មតា​មួយគ្រឿង និង​កង់​ចំនួន មួយ គ្រឿង ដែល​ផ្ទះ​បាក់​សំយាប​មាន​ចម្ងាយ​ពី​ទីរួមស្រុក​ជើងព្រៃ​ប្រហែល ៥.០០០ ម៉ែត្រ​។​

​សូមបញ្ជាក់ថា នៅ​ម៉ោងជាង ៩ ព្រឹក​ថ្ងៃទី ៦ មេសា មាន​ហេតុការណ៍​អាក្រក់​មួយ​បាន​កើតឡើង គឺ​បាក់​សំយាបផ្ទះ​ដែល​សង់​អំពី​ប​តុង​ដើម្បី​លម្អ​ខាងមុខផ្ទះ​សង់​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង​ដែលមាន​ទទឹង ៧​ម៉ែត្រ និង​បណ្តោយ ១២ ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ស្រ៊ុន ប្រុស អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ខាងលើ​។

ផ្ទះ​នេះ​ទើបបាន​សាងសង់​ហើយ និង​បានរៀបចំ​ពិធី​ឡើង​គេហដ្ឋាន​នៅ​ថ្ងៃទី ៦ មេសា ២០១៩​នេះ​។ ប៉ុន្តែ​អ​កុស​ទំនង​សំណង់​គ្មាន​លក្ខណ​:​បច្ចេកទេស​ក៏​បណ្តាល​ឲ្យ​បាក់​សង្កត់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ស្លាប់​និង​របួស​ច្រើន​នាក់​។​ដោយ​ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់​ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​នោះ​៕S/​