​ករណី​បិទ​ទីលាន​បាល់ទាត់​មួយ​នៅ​ខេត្តកំពង់ឆ្នាំង​មានសង្ឃឹម​ដែរ​តែ​សង្ឃឹម​តិចៗ​

912
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ករណី​បិទ​ទីលាន​បាល់ទាត់​មួយ​នៅខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង នៅពេលនេះ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចុះមក​ដោះស្រាយ​ហើយ​។​ជា​លទ្ធផល​សង្ឃឹម​ដែរ​តែ​សង្ឃឹម​តិចៗ ។​

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ជុំវិញ​រឿង​បិទ​ទីលាន​បាល់ទាត់​មុខ​សាលាខេត្ត ។​

​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​នេះ​លោ​កស សុខា បានផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌ ដោយបាន​បញ្ជាក់ថា ទីលាន​បាល់ទាត់​នៅខាងមុខ​សាលាខេត្ត​នោះ​នៅតែ​រក្សា​នៅ​ដដែល និង អនុញ្ញាតឱ្យ​ប្រើប្រាស់​សម្រាប់​តែ​កម្មវិធី​ធំៗ ដូចជា​ការប្រកួត​កីឡា​ថ្នាក់​ខេត្ត ឬ ថ្នាក់ជាតិ តែប៉ុណ្ណោះ ។ ដោយឡែក ការហ្វឹកហាត់​ឬ លេង​ដើម្បី​សុខភាព​ត្រូវ​ប្រើប្រាស់​ទីលាន​ផ្សេង​មួយទៀត នៅក្បែរ​វត្ត​ធម្មយុត្តិ ដើម្បី​បង្កា​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ដោយ​យថាហេតុ ។​

​សូមបញ្ជាក់ថា កន្លងទៅនេះ​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង ជាពិសេស​អ្នក​ស្នេហារ​វិស័យ​កីឡា នៅ​ទូទាំងប្រទេស តែម្តង មា​ការភ្ញាក់ផ្អើល​និង​មាន​ចម្ងល់​យ៉ាងខ្លាំង នៅពេលដែល​បានដឹងថា រដ្ឋបាលខេត្ត សម្រេច​បញ្ឈប់​( បិទ ) ទីលាន​បាល់ទាត់​មួយ ស្ថិតនៅ​ខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង ដោយ​មិន​អនុ​ញា​ត្ត​អោយមាន​ការប្រកួត ហ្វឹកហាត់ ឬ លេង​កំសាន្ត ដើម្បី​សុខភាព​តទៅទៀត​ឡើយ​។​

​ចំពោះ​មូលហេតុ​នៃ​ការបិទ​ទីលាន​បាល់ទាត់​មួយ​នេះ​មិនអោយ​មាន​សកម្មភាព​ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បញ្ជាក់​នៅក្នុង​លិខិត​មួ​ួ​យ​ផ្ញើ​ទៅកាន់​មន្ទីរអប់រំ យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​ថា ដើម្បី​បង្ការ​និង​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការរំខាន​ដល់​អង្គភាព​នៅ​ជុំវិញ​នោះ​ក្នុងការ​បំពេញភារកិច្ច ។​

មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​និយាយ​ដោយ​លើកឡើងថា ទីលាន​បាល់ទាត់​នេះ មាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ គឺ​តាំងពី​កើត​ខេត្តកំពង់ឆ្នាំង​មក​ម្លេះ ។​ដែល​បច្ចុប្បន្ន ស្ថិតនៅក្នុង​បញ្ជី​សារពើរ​ភណ្ឌ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ កន្លងទៅ​ទីលាន​បាល់ទាត់​នេះ ជាទី​លាន​ដ៏​សំខាន់​មួយ​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​សិស្ស​កីឡា​មហាជន​ជា​រៀង​រហូតមក​ទាំង​ថ្នាក់​ខេត្ត​និង​ថ្នាក់ជាតិ​ហើយ​បច្ចុប្បន្ន​ខេត្តកំពង់ឆ្នាំង​កំពុងតែ​ខ្វះ​ទីលាន​ក្នុង​ការរៀបចំ​ការប្រកួត​ទៅទៀត ។​

​មជ្ឈដ្ឋាន​នានា​បានលើកឡើង​ទៀតថា​កន្លងទៅ​មិនដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការហ្វឹកហាត់​ឬ​ការប្រកួត​កីឡា​នៅ​ទី​នោះទេ​ហើយក៏​មិនដែល​ឮ​មន្ត្រីរាជការ​ដែលមាន​អង្គ​ជុំវិញ​នោះ​និយាយ​ពី​ការរំខាន​ដែរ​។​

ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​ជាពិសេស​អ្នក​ដែល​ស្នេហារ​វិស័យ​កីឡា​បាន​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា មេត្តា​អនុញ្ញាតិ​ឱ្យមាន​ការហ្វឹកហាត់ ការប្រកួត និង ការលេង​កីឡា​ដើម្បី​សុខភាព​ដូច​ពី​ពេលមុន​ឡើងវិញ​ពីព្រោះ​មូលហេតុ​នៃ​ការបិទ​នេះ​ហាក់​មិន​សម​ទំនង​ឡើយ​៕S/​