​ករណី​មីង​ចាប់ជំរិត​ក្មួយ​ស្រី​បង្កើត​ទារលុយ​៤​ពាន់​ដុល្លារ​ព្រោះ​ដឹងថា​ឪពុកម្តាយ​ទើប​លក់​ដី​បាន​ជិត​៥​ម៉ឺន​

900
ចែករម្លែក

(​កំពង់ស្ពឺ​) ៖​ស្ត្រី​ដែល​បានធ្វើ​សកម្មភាព​ចាប់ជំរិត​កុមារី​ម្នាក់ ត្រូវជា​ក្មួយបង្កើត​ដោយ​ទារប្រាក់​ចំនួន ៤.០០០​ដុល្លារ​នោះ ព្រោះ​ដឹងថា​ឪពុកម្តាយ​កុមារី​លក់​ដី​បាន​លុយ​ជិត ៥​ម៉ឺន​ដុល្លារ ទើប​រៀបចំ​គម្រោង​លួងលោម​កុមារី​ដាក់​រថយន្ត​យកទៅ​ខេត្តកំពង់ឆ្នាំង​បន្ទាប់ពី​មក​ប្រើល្បិច​ឲ្យ​ជនរងគ្រោះ​ទូរស័ព្ទ​ទារប្រាក់​តែម្តង​។​

ស្ត្រីជន​សង្ស័យ ឈ្មោះ សេង សុខលី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​រៀបរាប់ ពី​គម្រោង​ចាប់​ក្មួយបង្កើត​របស់ខ្លួន​ថា ដោយសារ​ដឹង​ប្អូន​របស់គាត់ ជា​ឪពុកម្តាយ​កុមារី​រងគ្រោះ ទើបតែ​លក់​ដី​បាន​លុយ​ជិត ៥​ម៉ឺន​ដុល្លារ​​ហើយ​សុំ​ខ្ចីលុយ​ប្អូន​អត់​បាន ក៏មាន​គំនិត​លួងលោម​ក្មួយ​ស្រី​ពី​សាលារៀន ក្នុងស្រុក​គងពិសី​​នាំមក​កាន់​ខេត្តកំពង់ឆ្នាំង​។

​បន្ទាប់មក ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយកន្លែង រួច​ប្រើ​ក្មួយ​ឲ្យ​ទូរស័ព្ទ​​ទៅកាន់​ឪពុកម្តាយ​របស់​វា​ឲ្យ​វេរ​លុយ​ចំនួន ៤.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង ប៉ុន្តែ​ចរចា​គ្នា​សល់​ត្រឹម ៣.៥០០​ដុល្លារ ខណៈពេល​ទៅ​ដក​លុយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

​ស្ត្រី​សង្ស័យ​ខាងលើ បាន​សារភាពថា មុខ​ពេល​កើតហេតុ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​កន្លងមកនេះ ខ្លួន​បាន​ជួល​រថយន្ត​បា​ឡែ​ន​មួយគ្រឿង ពណ៌​ស ក្នុងតម្លៃ​៦៥​ដុល្លារ ទៅ​ដឹក​​ក្មួយ​ស្រី​នៅ​សាលាបឋមសិក្សា​អង្គ​លំ​ទង ភូមិ​ព្រៃ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី​​ខេត្តកំពង់ស្ពឺ ទៅកាន់​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាប់ជំរិត​ទារប្រាក់​ចំនួន ៤.០០០​ដុល្លារ ប៉ុន្តែ​​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។

ស្ត្រី​ជាប់ចោទ​បញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុខ​ខ្លួន​បាន​​ទៅលេង​ផ្ទះ​ប្អូន និង​បាន​ផឹកស៊ី​ទៀតផង​។ ប៉ុន្តែ​ដោយសារ​សុំ​ខ្ចីលុយ​ពី​ប្អូន​អត់​បាន ក៏​បែកគំនិត​​ដើម្បី​ទារលុយ ៤.០០០​ដុល្លារ ហើយ​ឪពុកម្តាយ​សុំ ២.០០០​ដុល្លារ ប៉ុន្តែ​ត្រូវ​គ្នា​ត្រឹម ៣៥០០ដុល្លារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​និយាយថា កុមារី​ឈ្មោះ​​ម៉ុក ច័ន្ទ​រស្មី អាយុ​៨​ឆ្នាំ រៀន​នៅ​សាលាបឋមសិក្សា​អង្គ​លំ​ទង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​​ត្រូវ​ជនល្មើស​ឈ្មោះ សេង សុខលី ល្បួង​ចាប់ កាលពី​ថ្ងៃទី​២០ ខែកក្កដា ដើម្បី​ទារប្រាក់ ៤.០០០​ដុល្លារ ត្រូវបាន​រំដោះ​មកវិញ​ដោយ​សុវត្ថិភាព និង មិនមាន​ការបាត់បង់​ប្រាក់​ឡើយ​។​

​លោកស្នងការ​បន្តថា កិច្ចប្រតិបត្តិការ​នេះ ប្រើ​រយៈពេល​អស់​ប្រមាណ ៥៨​ម៉ោង និង​ដោយបាន​ការចង្អុល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ លោក​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​កិច្ចសហការ​ល្អ ពី​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​ស្វាយរៀង ទើប​ឈានដល់​​បង្ក្រាប នៅផ្ទះ​សំណាក់​ហ្គា​ឌិន ក្រុង ខេត្តកំពង់ឆ្នាំង​។​​លោក សម សាមួន ស្នងការ​ខេត្តកំពង់ស្ពឺ បញ្ជាក់ថា កុមារី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​រំ​ដោះ​បាន​ដោយ​សុវត្ថិភាព និង​បាន​នាំយកទៅ​ឲ្យ​ជួបជុំ​ឪពុកម្តាយ​វិញ​រួចរាល់​ហើយ​។​

​សូមបញ្ជាក់ថា ឪពុក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ប៉េង អោក អាយុ​២៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ កី​​សោភា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ស្ត្រី​ចាប់ជំរិត ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕S/​ដោយ​៖​សហការី​

មីង​ចាប់ជំរិត​ក្មួយ​ស្រី​បង្កើត​ទារលុយ​៤​ពាន់​ដុល្លារ​ព្រោះ​ដឹងថា​ឪពុកម្តាយ​ទើប​លក់​ដី​បាន។(រូប៖វ៉េបសាយ)