ព័ត៌មានបន្ថៃមៈ​​លោក​កឹម​សុខា​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅឃុំ

1296
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​កឹម​សុខា​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ​ហើយនិង​បានចេញ​ពី​ពន្ធនាគារ​ដល់ផ្ទះ​កាលពី​ទាបភ្លឺ​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែកញ្ញា​ បានចេញ​ដីកា​បង្គាប់​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ឱ្យ​ដោះលែង​លោក​កឹម សុខា អាយុ​៦៤​ឆ្នាំ។

លោកត្រូវបាន​តំណាង​អយ្យការ​ដាក់ឱ្យ​ស្ថិត​ការពិនិត្យ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​។​ករណីនេះ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​និង​កន្លែង​ផ្សេងទៀត​កាលពី​អំឡុង​ឆ្នាំ​១៩៩៣​ដល់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​។បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ពាក់កណ្តាល​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ដែល​ពេលនោះ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​ចាប់ខ្លួន នៅ​គេ​ហេ​ដ្ឋា​ន​របស់លោក​។ រាជរដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា ការចាប់ខ្លួន​នេះ គឺ​ក្នុង​បទល្មើស​ជាក់ស្តែង​គឺ​ចោទ​លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។​

​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។​ការចាប់ខ្លួន​នេះបន្ទាប់ពី​មានការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នូវ​វីដេអូ​ឃ្លី​ប អំពី​ការ​ថ្លែង​របស់លោក កឹម សុខា ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​អូស្ត្រាលី។

ឃ្លីបនេះត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ CBN​។រាជរដ្ឋាភិបាល បាន​លើកឡើងថា វីដេអូ​នោះ បានបង្ហាញ​អំពី​ផែនការ​សម្ងាត់​នៃ​ការឃុបឃិត​គ្នា​រវាង​លោក កឹម សុខា និង​បក្សពួក ជាមួយ​បរទេស ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កម្ពុជា​។​

​លោក កឹម សុខា ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ បទល្មើស​ព្រហ្មទណ្ឌ​នេះ មានចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រុម​ព្រហ្មទណ្ឌ​។​

​ជាង ២​ខែក្រោយ​ការចាប់ខ្លួន​លោក កឹម សុខា គឺ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប រយៈពេល ៥​ឆ្នាំ​។

ការបើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​បន្ទាប់ពី​មេធាវី​តំណាងឱ្យ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ បានដាក់​ពាក្យបណ្តឹង​ប្តឹង​រំលាយ​គណបក្ស​ទៅ ទៅ​តុលាការ​កំពូល ពាក់ព័ន្ធ​ករណី​រៀបចំ​ផែនការ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​៦​ខែ​ទៀត ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​។

ចំណែក​កាលពី​ថ្ងៃទី​២២ ខែសីហា​ឆ្នាំ​២០១៨​កន្លងទៅ តុលាការ​កំពូល​ក៏បាន​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ​គឺ​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខាដដែល​៕S/សរន

​ករណី​លោក​កឹម​សុខា​!​តុលាការបាន​ដោះលែង​ឱ្យមាន​សេរីភាព​