​ករណី​សត្វ​ឆ្កែ​ខាំ​ក្មេង​២​នាក់​បងប្អូន​រងរបួស​ធ្ងន់​ម្ចាស់​រឹងរូស​ដោះស្រាយ​មិន​ចេញ​

1272
ចែករម្លែក
  • 2.6K
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​ម្ចាស់​ចិញ្ចឹម​តែ​ព្រលែង​បង្ក​គ្រោះថ្នាក់​ខាំ​ក្មេងប្រុស​-​ស្រី​២​នាក់​បងប្អូន​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​កូនស្រី​បង​រងរបួស​រយះ​ពេញ​ផ្ទៃមុខ ភ្នែក​។ ចំណែក​កូន​ប្អូន​រងរបួស​មុត​ធ្លាយ​បំពង់ក ស្លឹកត្រចៀក កាលពី​ថ្ងៃទី​១៩​និង​ថ្ងៃទី​២០ ពីរ​ថ្ងៃ​ជាប់​គ្នា​។​

​ករណីនេះ​បានកើត​ឡើង​នៅ​បរិវេណ​ផ្ទះជួល​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ក្មេងរងគ្រោះ​ទាំង​២​នាក់ ក្នុង​សភាព​របួស​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០​បាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រលប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​។

ក៏ប៉ុន្តែ​ភាគី​ខាង​ម្ចាស់​ឆ្កែ ហាក់បីដូចជា​គ្រ​អើត​ក្រ​ទម បដិសេធ ក្មេងស្រី​រងគ្រោះ​របួស​នោះ​មិនមែន​ឆ្កែ​របស់គាត់​ខាំ​ទេ​។​ទោះជា​អ្នកភូមិ​ពលរដ្ឋ​ជុំវិញ​អះអាងថា​ឆ្កែ​មួយ​ក្បាល​នឹង​ហើយ​ខាំ​ក្មេង​២​នាក់​បងប្អូន​ក្តី ។​

​ក្មេងរងគ្រោះ ទាំង​២​នាក់​បងប្អូន ទី​១ ឈ្មោះ ហេង សក្ក​ណា ភេទ​ស្រី អាយុ​៧​ឆ្នាំ របួស​ពេញ​ផ្ទៃមុខ និង​ភ្នែក ទី​២ ឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ​៣​ឆ្នាំ រងរបួស​មុត​ធ្លាយ​បំពង់ក ស្លឹកត្រចៀក ។

ទាំង​២​នាក់​រស់នៅ​ក្នុងបន្ទុក ម្តាយ​ឈ្មោះ ប៊ុន ចាន់ណា អាយុ​៣១​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​៣​នាក់ ប្រុស​២​នាក់ ស្រី​១​នាក់ ក្មេងរងគ្រោះ​ទាំង​២ ជា​កូន​ទី​២​និង​ទី​៣ ស្នាក់នៅ​បន្ទប់​ជួល​លេខ​២​អា ជាន់​ទី​១ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន ស្រុកកំណើត ភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

​ករណី​ខាងលើ​ក្រោយពី​បញ្ជូន​ក្មេងរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួចមក​ភាគី​ខាង​ម្ចាស់​ឆ្កែ​ហាក់បីដូចជា​ក្រ​អើត​ក្រ​ទម​និយាយ​ជាមួយ​ប៉ូលីស​ផ្សេង​និយាយ​ជាមួយ​ភាគី​រងគ្រោះ​ផ្សេង​ដូចជា​ព្រងើយកន្តើយ​កង្វះ​ទំនួល​ខុសត្រូវ​ហារ​មាត់​ស្តី​បង្ខំ​ឲ្យ​ភាគី​រងគ្រោះ​៥០​ដុល្លា​បញ្ចប់រឿង​។​

​ថែមទាំង​ជម្រុញ​ឲ្យ​ភាគី​រងគ្រោះ​ដើរ​ប្តឹង​ចុះ​ទើប​ភាគី​រងគ្រោះ​មិន​សុខចិត្ត​រហូតដល់​សម​ត្ថ​កិច្ច​ចុះទៅ​អន្តរាគមន៍​ហៅ​ភាគី​សងខាង​ចូល​និយាយ​គ្នា​នៅ​រសៀល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​នៅ​ប៉ុស្តិ៍​ចោមចៅ​ដោយ​ភាគី​ម្ចាស់​ឆ្កែ​ហាន​ឲ្យ​ត្រឹម​៥០០​ដុល្លារ​បញ្ចប់រឿង​ខណៈ​ដែល​ភាគី​រងគ្រោះ​ទាមទារ​២.០០០​ដុល្លារ​។​ក៏ដោយ​សារ​ភ្នែក​កូនស្រី​ម្ខាង​រងរបួស​មិនទាន់​ដឹងថា​វាសនា​យ៉ាងដូចម្តេច​ផង ។​

​ដំណោះស្រាយ រឿង​សត្វ​ឆ្កែ​ម្ចាស់​ចិញ្ចឹម​ហើយ បង្ក​ខាំ​ក្មេង​២​នាក់​បងប្អូន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ សមត្ថកិច្ច​ដោះស្រាយ​មិនទាន់​ចេញ​នៅឡើយ ខណៈដែល​ភាគី​ម្ចាស់​សត្វ​ឆ្កែ ដូចជា​ក្រ​អើត​ក្រ​ទម ត្រូវបាន​វិលត្រឡប់​ទៅវិញ​រៀងខ្លួន​សិន ៕S/​

​ករណី​សត្វ​ឆ្កែ​ខាំ​ក្មេង​២​នាក់​បងប្អូន​រងរបួស​ធ្ងន់​ម្ចាស់​រឹងរូស​ដោះស្រាយ​មិន​ចេញ​