​កសិករ​ក្នុង​សហគមន៍​ត្រៀម​គ្រាប់ពូជ​ជី​និង​ថ្នាំ​ដើម្បី​ដាំ​ដុះ​ដំណាំ​នា​រដូវ​ទឹក​ស្រក​ផុត​

2118

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អ្នក​ដាំ​ដុះ​ដំណាំ​កសិកម្ម​ស្ថិតក្នុង​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​នៃ​សហគមន៍​សង្កាត់​សំបួរមាស​ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម​បានធ្វើ​ផែនការ​រួចរាល់​ហើយ​។​គឺ​ពួកគាត់​បាន​ត្រៀម​គ្រាប់ពូជ​ដំណាំ​ជីកំប៉ុស​និង​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​។​ដើម្បី​សាបព្រោះ​បណ្តុះ​គ្រាប់ពូជ​ទុក​ធ្វើ​ការដាំដុះ​ដំណាំ​ក្នុង​ចម្ការ​បន្ទាប់ពី​ទឹកទន្លេ​មេគង្គ​ស្រក​ផុតពី​ច្រាំង​ប៉ុន្មាន​ខែ​ទៀត​ខាងមុខនេះ​ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​។​

​អ្នកស្រី​សួន​ធីតា​មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី ២៤ ខែកញ្ញា​នេះ​ថា អ្នកស្រី​បាន​ចុះទៅ​កាន់​ភូមិ​ព្រែកជីក និង​ភូមិ​បឹង​បាសាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ជាប្រចាំ​។​

ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៤០​គ្រួសារ​ក្នុង​សហគមន៍​ដែល​បាន​អនុវត្តន៍​គម្រោង ជំរុញ​ផលិតកម្ម​ស្បៀង​តាម​លក្ខណ​:​បច្ចេកទេស​កសិកម្ម​ល្អ​។ ក្នុងនោះ​ដើម្បី​ពិនិត្យ និង​ក្រើនរំលឹក​ដល់​ពួកគាត់​គ្រាប់ពូជ ផលិត​ជី និង​ថ្នាំពុល ទុក​សម្រាប់ធ្វើ​ការដាំដុះ​ក្នុង​ចម្ការ នៅពេល​ទឹក​ស្រក​ខាងមុខនេះ​។​

​មន្ត្រី​បច្ចេកទេស​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​ជា​លទ្ធផល​ឃើញថា​ពួកគាត់​ជា​កសិករ​បាន​ត្រៀម​បម្រុង​គ្រប់គ្នា​ហើយ​ពោល គឺ​ទាំង​ពូជ​បន្លែ​រយ​:​ពេល​វែង និង​ខ្លី , ជីកំប៉ុស​គោក និង​ទឹក និង​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​។

កត្តា​សំខាន់ និង​ចាំបាច់​ដែល កសិករ​ត្រូវ​ផលិត​ឲ្យ​មាន​ជាប្រចាំ គឺ​ជី​សម្រាប់​កែប្រែ​គុណភាព​ដី ជី​ជំនួយ​ដើម​បែក​ផ្កា​និង​ផ្លែ​រួមទាំង​ការផលិត​ថ្នាំពុល​ឲ្យ​មាន​គ្រប់មុខ​ដើម្បី​ទុក​ច​ម្ចា​ត់​សត្វល្អិត​តាម​ប្រភេទ​របស់​វា​ដែល​នឹង​មក​យាយី​ដំណាំ​នោះ​។​ពិសេស​ឲ្យ​ពួកគាត់​ជា​កសិករ​ធ្វើយ៉ាងណា​អនុវត្តន៍​តាម​អ្វីដែល​យើង​បាន​ណែនាំ​កន្លងមក​។​

អ្នកស្រី ឃាង ស៊ី​ផូ ជា​សមាជិក​សហគមន៍​ល្បីឈ្មោះ​ខាង​ដាំ​ដំណាំ​ម្ទេស​កា​យ៉ា​នេ នៅ​ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស​ក្រុង​កំពង់ចាម​បានលើកឡើង​ឲ្យ​ដឹងថា​ខណ​:​នេះ​គ្រួសារ​អ្នកស្រី​បាន​ត្រៀម​ជាស្រេច​ហើយ​នូវ​គ្រប់​ពូជ​ដូចជា គ្រាប់​ម្ទេស​កា​យ៉ា​នេ​, គ្រាប់​ម្ទេសហាវៃ , គ្រាប់ពោត​បារាំង និង​គ្រាប់​ត្រសក់ផ្អរ សម្រាប់​ដាំ​ដុះ​ក្នុង​ចម្ការ​ទំហំ ០,៣៥ ហិកតា នៅជាប់​មាត់​ព្រែក​ដើម​ចាន់​នៅពេល​ទឹកទន្លេ​ស្រក​ផុត​នោះ​។​

ស្ត្រី​ជា​សមាជិក​សមាជិក​សហ​គម​ន៍​វ៏​យ​៥៨​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​ជាមួយ​នោះ​ក៏បាន​ផលិត​រួចរាល់​នូវ​ជីកំប៉ុស​គ្រប់មុខ​ដូចជា​ជីកំប៉ុស​គោក​អនាម័យ​តាម​រូបមន្ត​បច្ចេកទេស​របស់​ប្រទេស​ជប៉ុន​,​ជី​ទឹក​ផ្សំ​ពី​ផ្លែ​ម្នា​ស់លាយ​ជាមួយ​ស្ករត្នោត​និង​ជី​ក្បាល​ត្រី​ជាដើម​។​ចំណែក​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​មាន​:​មើម​ក្តួច​,​ផ្លែ​ម្ទេស​ទុំ​,​ក្តឹប​ល្ហុង​,​ផ្លែក្រូច​ឆ្មារ​,​គល់​ស្លឹកគ្រៃ​ជាដើម​គឺ​យើង​ផលិត​តាម​មុខ​នៃ​ការបំផ្លាញ​របស់​សត្វល្អិត​ដោយ​គោរព​តាម​ការណែនាំ​របស់​ម​ន្រី្ត​កសិកម្ម​។​

​អ្នកស្រី​ស៊ី​ផូ​បាន​បន្ថែមថា​វេលា​នេះ​គ្រួសារ​អ្នកស្រី​បាន​យក​ដីដំបូក​មក​ធ្វើ​ឲ្យ​ម៉ត់​និង​ហាល​កម្តៅថ្ងៃ​យកទៅ​លាយ​ជាមួយ​ជីកំប៉ុស​គោក​បង្កើតជា​ថ្នាល​ដើម្បី​សាប​គ្រាប់​ម្ទេស​នៅ​សប្តាហ៍​ក្រោយ​នេះហើយ​។​ពេល​បានជា​កូន​អាយុ​រង្វង់​ប្រហែល​ជាង​មួយខែ​នឹង​ដុះ​ក្លាយជា​កូន​ម្ទេស​អាច​យកទៅដាក់​ដាំ​ក្នុង​ចម្ការ​ក្នុង​កំឡុង​ខែវិច្ឆិកា​ខាងមុខនេះ​បាន​ហើយ​។​

អ្នកស្រី​បាន​បន្តថា​ឆ្នាំនេះ​មានសង្ឃឹម​ច្រើន​ទិន្នផល​ដំណាំ​ទាំងអស់​របស់​អ្នកស្រី​នឹង​ផ្តល់​ផល​ខ្ពស់ជាង​ឆ្នាំមុន​។​ដោយសារ​ថា​ដីល្បាប់​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចាក់​ចូល​តាម​ព្រែក​ដើម​ចាន់​ឆ្នាំនេះ​គឺ​បាន​កម្រាស់​ប្រហែល​ពីរ​តឹក​។​ពិសេស​គួបផ្សំ​ជាមួយ​ការអនុវត្ត​តាម​លក្ខណ​:​បច្ចេកទេស​កសិកម្ម​ល្អ​នោះ​គឺ​នឹង​លក់បាន​ផល​ម្ទេស​កា​យ៉ា​នេ​លើសពី​ឆ្នាំ​២០១៨​នេះ​ចំនួន​១០​លាន​រៀល​និង​ត្រសក់ផ្អរ​ចំនួន​ប្រាំមួយ​លាន​រៀល​នោះ​។​

គួរ​បញ្ជាក់ថា​ខេត្តកំពង់ចាម​មាន​កសិក​រ​ដែល​អនុវត្តន៍​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​តាម​លក្ខណ​:​បច្ចេកទេស​កសិកម្ម​ល្អ ចំនួន បួន ស្រុក​ក្រុង គឺមាន​ក្រុង​កំពង់ចាម , ស្រុក​កំពង់សៀម ,​ស្រុក​កងមាស និង​ស្រុក​ចម្ការលើ​។ ប៉ុន្តែ​ដំណើរការ​ចងក្រង​ជា​សហគមន៍​មានតែ​ក្រុង​កំពង់ចាម និង​ស្រុក​ចម្ការលើ ប៉ុណ្ណោះ​ក្នុង​រយ​:​ពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​៕S/

គ្រួសារ​អ្នក​ដាំ​ដំណាំ​កសិកម្ម​ស្ថិតក្នុង​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ត្រៀម​គ្រាប់ពូជ ជី និង​ថ្នាំពុល​ដើម្បី​ធ្វើ​ការដាំដុះ​នាពេល​ទឹកទន្លេ​ស្រក​ផុត​ច្រាំង​។​