​កសិករ​ដាំដំឡូង​មី​ខេត្តព្តះវិហារព្រួយបារម្ភ​ដោយ​ទឹកភ្លៀង​មិនទាន់​គ្រប់គ្រាន់​

591
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កសិករ​ដាំដំឡូង​មី​នៅ​ខេត្តព្រះវិហារ​ព្រួយបារម្ភ​ចំពោះ​ការលូតលាស់​ដំណាំ​នេះ​ដោយសារ​ទឹកភ្លៀង​មិនទាន់​គ្រប់គ្រាន់​។​នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​កសិករ​ប្រក​បរបរ​ដាំ​ដុះ​ដំឡូង​មី​ខេត្តព្រះវិហារ​បាន​ត្អូញត្អែរថា​នៅ​ដើមរដូវ​វស្សា​ឆ្នាំនេះ​ពួកគេ​កំពុង​ព្រួយបារម្ភ​ចំពោះ​ការលូតលាស់​ដំណាំ​ប្រភេទ​នេះ។​ក្រោយពេល​ពួកគេ​បាន​ដាំ​ដុះ​ជា​បណ្តើរៗ​ប៉ុន្តែ​ទឹកភ្លៀង​មិនទាន់បាន​ធ្លាក់​គ្រប់គ្រាន់​នៅឡើយ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា ខេត្តព្រះវិហារ​ទទួលបាន​ទឹកភ្លៀង​ចាប់ពី​ដើមរដូវ​មកដល់​ខែមេសា​នេះ​ប្រមាណ​ជា​១០០​មី​ល្លី​ម៉ែត្រ​ប៉ុណ្ណោះ​។​ដែល​កម្រិត​នេះ​មិនទាន់​ល្អ​សម្រាប់​ដំណាំ​ដំឡូង​មី​ឬ​ដំណាំ​សណ្តែកបាយ​ឡើយ​ព្រោះ​សំណើម​ដី​ក៏​មិនទាន់​គ្រប់គ្រាន់ ។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​ប្រសិនបើ​កសិករ​ចាប់ផ្តើម​ដាំ​ដុះ​ពី​ពេលនេះ​ទៅ​បារម្ភ​ខ្លាច​នៅពេល​២​ឬ​៣​សប្តាហ៍​ខាងមុខ​មិនមាន​ភ្លៀង​ធ្លាក់​អាចធ្វើឱ្យ​ដំណាំ​នេះ​ងាប់​ទៅវិញ​។​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ ទាំងអស់​រង់ចាំ​ធ្លាក់ភ្លៀង​ឱ្យបាន​សើម​ដី​ល្អ​បន្តិច​សិន ទើប​ចាប់ផ្តើម​ដាំ​ដំណាំ​នេះ ព្រោះ​វា​អាចឱ្យ​ដំឡូង​មី ឬ​សណ្តែកបាយ​លូតលាស់​បានល្អ ។

​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ក្នុង​ឆ្នាំ​២០១៩​នេះ​បាន​បញ្ជាក់ថា​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​នៅ​ទូទាំង​៨​ក្រុង​ស្រុក​នៃ​ខេត្តព្រះវិហារ​មាន​ប្រមាណ​២​ម៉ឺន​ហិកតា​បើ​ធៀប​នឹង​ឆ្នាំមុន​កើនឡើង​បន្តិច​៕S/​