​កសិករ​ត្អូញត្អែរ​ពី​តម្លៃ​អំពៅ​ចុះថោក​និង​ទិន្នផល​បាន​តិចជាង​ឆ្នាំមុន​

438

(​ព្រៃវែង​)៖​កសិករ​មួយចំនួន​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​ដែល​តែងតែ​ប្រកបការងារ​ធ្វើ​ស្រូវ​និង​ដាំ​អំពៅ​លក់បាន​ត្អូញត្អែរថា​ឆ្នាំនេះ​យ៉ាប់​ហើយ​ព្រោះ​តម្លៃ​អំពៅ​ចុះថោក​ដោយហេតុ​ផល​ថា​អ្នក​ដាំ​ច្រើន​រីឯ​ឈ្មួញ​អ្នកទិញ​មានតែ​៥​ទៅ​៦​នាក់​ហាងឆេង​នៅលើ​មាត់​ឈ្មួញកណ្ដាល​។​

ចំណែក​ទិន្នផល​ក៏បាន​តិចជាង​ឆ្នាំមុន​ព្រោះ​កត្តា​អាកាសធាតុ​មិន​អំណោយផល​ភ្លៀង​ច្រើនពេក​ទាំងនេះ​ធ្វើ​ឲ្យ​កសិករ​ប្រឈម​និង​ការខាតបង់​ក្នុងការ​ចំណាយ​លើ​ពូជ ភ្ជួរ​រាស់ ដាំ​ដុះ ថែទាំ​ថ្នាំ​ជី​និង​ពលកម្ម​។

​លោក សាន សារ៉េត មាន​ទីលំនៅ​ភូមិ​ធ្នង់​ឃុំ​ជា​ខ្លាង​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ឲ្យ​ដឹងថា​ឆ្នាំនេះ​តម្លៃ​អំពៅ​គឺ​ចុះថោក​មែនទែន​។ គឺ​អំពៅ​១​ហិកតា​លក់​ម៉ៅ​ឲ្យ​ឈ្មួញ​បានតែ​១០​ទៅ​២៨​លាន​រៀល​ទៅតាម​ប្រភេទ​អំពៅ​ល្អ​ឬ​មិនល្អ​ហើយ​បើ​យើង​ប្រៀបធៀប​តម្លៃ​នៅ​ឆ្នាំមុនៗ​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ ដោយ​ក្នុង​១​ហិកតា​លក់បាន​ចាប់ពី​១៥​លាន​ទៅ​៣៥​លាន​រៀល​ឯណោះ​។

រីឯ​ទិន្នផល​អំពៅ ដែល​ពួកគាត់​កំពុង​ប្រមូល​ផល​។​បច្ចុប្បន្ននេះ​ក៏បាន​តិចជាង​ឆ្នាំមុនៗ​ដែរ​ដោយសារ​កត្តា​អាកាសធាតុ​មិន​អំណោយផល​គឺ​មេឃ​ភ្លៀង​ច្រើនពេក​ធ្វើ​ឲ្យ​ទឹក​កត់​ជោគជាំ​នៅក្នុង​ចំការ​អំពៅ​។​ដែលជា​ហេតុ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​អំពៅ​ដូចជា​ក្រាល​ប៉ះ​ជំងឺ​រលួយ​ជាដើម​។​

ប្រភពពី​អ្នកភូមិ​ខាងលើ​បាន​ឲ្យ​ដឹងថា​ដំណាំ​អំពៅ​គឺ​ប្រើ​រយៈពេល​៦​ខែ​ទើប​ទទួលផល​បាន​ដោយ​រាប់​ចាប់​ពីថ្ងៃ​ដាំ​ដុះ​ដល់​ថ្ងៃ​ប្រមូល​ផល​។ ជាមួយគ្នា​នោះ​អំពៅ​គេ​តែងតែ​ចាប់​ដាំ​នៅ អំឡុង​ខែ​មិនា​មេសា​នៅពេល​ច្រូតកាត់​ប្រមូលស្រូវ​រួច​លុះ​គ្រប់​អាយុ​ប្រមូល​ផល​នៅ​ខែកញ្ញា ឬ​តុលា​។​ក្នុងនោះ​ដី​ដែល​គេ​ដាំ​អំពៅ​សុទ្ធសឹង​ជា​ដីស្រែ​និង​ធ្វើ​ស្រូវ​នៅ​រដូវវស្សា​រួច​ដាំ​អំពៅ​នៅ​រដូវប្រាំង​។​

ម្យ៉ាងវិញទៀត​ស្រូវ​ដែល​គេ​ធ្វើ​នៅលើ​ដី​ដែល​ដាំ​អំពៅ​នោះ​គឺ​ល្អ​ថែមទាំង​បាន​កាត់បន្ថយ​នូវ​ការចំណាយ​ទិញ​ជីគីមី​ព្រោះ​មាន​ជីជាតិ​ល្អ​ចេញពី​គល់​អំពៅ​ដែល​គេ​កាប់​លក់​រួច​។​
​លោក កាញ់ ជា​ឈ្មួញ​មកពី​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បានឱ្យដឹងថា លោក​មក​ទិញ​អំពៅ​នៅ​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លាង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទៅ​លក់​នៅ​កៀនស្វាយ​។​

លោក​ទិញ​ក្នុង​មួយ​ហិកតា​តម្លៃ​១០​លាន​រៀល​ទៅ​២៨​លាន​រៀល​ទៅតាម​អំពៅ​ល្អ​ឬ​មិនសូវ​ល្អ​ហើយ​ឈ្មួញ​ដែល​មក​ទិញ​មិនមែន​មានតែ​លោក​ទេ​គឺមាន​៦​ទៅ​៧​នាក់​។​លោក​បន្តថា​អំពៅ​នៅ​ឃុំ​ជា​ខ្លាង​នេះ​មាន​រស់ជាតិ​ឆ្ងាញ់​ផ្អែម​ល្អ​ទើប​លោក​មក​ទិញ​ដើម្បី​យកទៅ​ដើរ​លក់​បោះ​ដុំ​ឲ្យ​អ្នក​គាប​ទឹកអំពៅ​លក់​។​

​លោក​អ៊ុក​សំណាង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បានឱ្យដឹងថា​នៅ​ទូទាំង​ខេត្តព្រៃវែង​មាន​ដំណាំ​អំពៅ​សរុប​ចំនួន​៦០០​ហិតា​គឺមាន​ដាំ​នៅ​ស្រុក​ព្រះស្តេច​បាភ្នំ​និង​ស្រុក​ស្វាយ​អ​ន្ទ​រ​។​ការកើនឡើង​នូវ​ចំនួន​អ្នក​ដាំ​ដោយ​ខាង​មន្ទីរ​បាន​ជម្រុញឱ្យមាន​ការដាំ​អំពៅ​ច្រើន​ដើម្បី​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​។​

ប​ច្ខុ​ប្បន្ន​នេះ​អំពៅ​របស់​ប្រជាពលរដ្ឋ​ច្រើន​រីឯ​ឈ្មួញ​អ្នកទិញ​តិច​ធ្វើ​ឲ្យ​តម្លៃ​អំពៅ​ចុះថោក​។​លោក​បន្តថា​ដោយឡែក​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​នៅ​ឃុំ​ជា​ខ្លាង​មាន​អំពៅ​ច្រើនជាងគេ​២៧៥​ហិកតា​ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ដែលមាន​បំណង​ទិញ​អំពៅ​សូម​មក​ទិញ​អំពៅ​នៅ​ឃុំ​ជា​ខ្លាង​ស្រុក​ស្វាយ​អ​ន្ទ​រ​ដើម្បី​ឲ្យ​មាន​ទីផ្សារ​ប្រ​គួ​ត​ប្រជែង​៕S/​ដោយ​៖​ចាន់ ថន​