​កសិករ​ធ្វើស្រែ​រហូត​អស់​ទឹក​ពី​ក្នុង​អាង​ត្រពាំងថ្ម​

-​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បិទទ្វារ​អាងទឹក​ត្រពាំងថ្ម​ដើម្បី​សន្សំ​ទឹក​ឡើងវិញ​

923
ចែករម្លែក

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ហាម​ដាច់ខាត​មិន​ឲ្យ​បន្ត​បង្ហូរទឹក​ចេញពី​អាង​ត្រពាំងថ្ម និង​ត្រូវ​បង្កើន​ការនាំ​ទឹក​ពី​ប្រព​ន្ធ័​ស្ទឹង​ស្រែង​មក​បំពេញ​អាង​នេះ​វិញ ខណៈពេលដែល​អាង​មាន​សមត្ថភាព​ស្តុក​ទឹក​រហូតដល់​៣០០​លាន​ម៉ែត្រគូប​នេះ នៅសល់​ទឺ​ក​តែ​ប្រមាណ​ជា​២០​លាន​ម៉ែត្រគូប ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវិត​ជីវៈចម្រុះ បន្ទាប់ពី​ទឹក​នៅក្នុង​អាង​នេះ​ត្រូវបាន​បញ្ចេញ​ទៅ​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​ប្រមាណ​បួន​ម៉ឺន​ហិកតា ដែល​បានធ្វើ​ការដាំដុះ​លើក​ទី​១​និង​លើក​ទី​២​ហើយ​ឈានទៅ​ធ្វើ​លើក​ទី​៣​បន្តបន្ទាប់​រួចមក​។​

លោក​លឹម គានហោ​ពិនិត្យ​ស្ថានភាព​ទឹក​អាង​ត្រពាំងថ្ម​ដែល​បាន​រីង​អស់​ដោយសារ​ការធ្វើ​ស្រែ​បី​ដង​ក្នុង​មួយឆ្នាំ

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​ថា នៅក្នុង​ការចុះពិនិត្យ​ស្ថានភាព​ការងារ​បង្កបង្កើនផល​និង​ស្ថានភាព​ទឹក​នៅ​អាង​ត្រពាំងថ្ម កាលពី​ថ្ងៃទី​៥​ខែសីហា ឯកឧត្តម​លឹម គានហោ​មានប្រសាសន៍ថា​នា​ឆ្នាំ​២០១៨​នេះ ផ្ទៃដី​ប្រមាណ​ជិត​៤​ម៉ឺន​ហិកតា ដែល​ទទួល​ទឹក​ពី​អាង​ត្រពាំងថ្ម​បាន​ផលិត​ស្រូវ​ពីរដង​រួចមកហើយ​និង​កំពុង​រៀបចំ​ការផលិត​ស្រូវ​លើក​ទី​៣​ទៀត​។​លោក​លឹម គានហោ​បាន​ពន្យល់ថា​ការផលិត​ស្រូវ​ពីរដង​ជាប់​គ្នាៗ​កន្លងទៅនេះ បើ​គិត​ជា​ផ្ទៃដី​ត្រូវ​ទទួល​ទឹក​ពី​អាង​ត្រពាំងថ្ម គឺ​ស្មើ​ប្រមាណ​ជា​៨​ម៉ឺន​ហិកតា​ហើយ ដូចនេះ​ទើប​ធ្វើ​ឲ្យ​ទឹក​ដែល​បាន​ស្តុក​ប្រមាណ​៣០០​លាន​ម៉ែត្រគូប​នៅក្នុង​អាង​ត្រពាំងថ្ម​និង ព្រមទាំង​ទឹក​ដែល​បាន​បង្ហូរ​មកពី​អាងទឹក​ស្ទឹង​ស្រែង​ស្រុក​ចុងកាល់​មកទៀត​ក៏​នៅតែ​ប្រើប្រាស់​អស់​។ បច្ចុប្បន្ន​ទឹក​នៅសល់​ក្នុង​អាង​ត្រពាំងថ្ម​នៅសល់​ប្រមាណ​ជា​២០​លាន​ម៉ែ​គូប​ប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា អាង​ត្រពាំងថ្ម​ជា​មជ្ឈមណ្ឌល​ជីវ​:​ចម្រុះ​គ្រប់​ប្រភេទ ពិសេស​ពពួកសត្វ​ស្លាប​ដ៏​កម្រ ដែល​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ដូចនេះ​បើ​យើង​បង្ហូរទឹក​ដើម្បី​បម្រើ​តែ​ទៅលើ​ការបង្កបង្កើន​ផល​មួយ​មុខ យើង​នឹង​បាត់បង់​នូវ​របស់​មានតម្លៃ​ជាច្រើន​ទៀត ម្យ៉ាង​បងប្អូន​យើង​ក៏​ផលិត​ស្រូវ​និង​ប្រមូល​ផល​រួចរាល់​បាន​២​ដង រួចមកហើយ​ដែរ​។​ដូចនេះ​ដើម្បី​ឲ្យ​យើង​រក្សាបាន​នូវ​រាល់​សម្បត្តិ​ដ៏​មានតម្លៃ​ទាំងអស់ ខ្ញុំ​ចេញ​បញ្ជា​ដាច់ខាត គឺ​ត្រូវ​ផ្អាក​ការ​បង្ហូរទឹក​ចេញពី​អាង​ត្រពាំងថ្ម​មួយរយៈ​សិន​និង​ទី​២​ត្រូវ​ជម្រុញ​បង្កើន​ការបញ្ជូន​ទឹក​ពី​ស្រុក​ចុងកាល់ មក​បំពេញ​អាង​នេះ​ឡើងវិញ​។​

​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​បន្ថែមថា​ទឹក​ដែល​បាន​បញ្ជូនមក​អាងទឹក​ស្រែង​តាម​ប្រ​ឡា​បេតុង​ទើប​សាងសង់​រួច ត្រូវបាន​ប្រជាកសិករ​ស្ទាក់​បូម​តាមផ្លូវ ដើម្បី​ដាក់​ស្រែ​ប្រមាណ​ជា​៨​ហិកតា​នៅតាម​សងខាង​ប្រឡាយ​នោះ ធ្វើ​ឲ្យ​បរិមាណ​ទឹក​ហូរ​មកដល់​អាង​ត្រពាំងថ្ម​នៅសល់​ចំនួន​តិចតួច​បំផុត​។ នៅតាម​សងខាង​ប្រឡាយទឹក​មកពី​ស្រុក​ចុងកាល់​ក៏មាន​ការធ្វើ​ស្រែ​ច្រើនដង​ដូចជា​នៅក្រោម​អាង​ត្រពាំងថ្ម​ដែរ​៕ ល​