​កសិករ​ផ្អាក​ការធ្វើ​ស្រែ​យក​ដី​ដាំ​អំពៅ​ដើម្បី​បង្កើន​ចំណូល​

466

(​កែប​)៖​ផ្ទៃដី​ជាង​មួយរយ​ហិកតា ដែល​កសិករ​សង្កាត់​អូរ​ក្រសារ ក្រុងកែប​ធ្លាប់ធ្វើ​ស្រូវវស្សា​តាំងពី​បរម​បុរាណ​មក ពេលនេះ​ពួកគាត់​បាន​ប្តូរ​ចិត្ត​មក​ដាំ​ដំណាំ​អំពៅ​វិញ​ដើម្បី​បង្កើន​ចំណូល​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​។ កសិករ​ឈ្មោះ​សួន ធឿន រស់នៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប​បាន​រៀបរាប់ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមគ្រួសារ​គាត់​បានសម្រេច​ផ្អាក​ធ្វើស្រែ​វស្សា​ដោយ​ងាក​មក ចាប់យក​ការដាំ​អំពៅ​វិញ​។​

នៅលើ​ផ្ទៃដី​កន្លះ​ហិកតា​ដែល​គាត់​ដាំ​អំពៅ​នេះ គឺ​ត្រូវ​ចំណាយពេល​ភ្ជួរ​រាស់ ដី ដកស្មៅ ជ្រោយ​ដី ដាក់​ជី កាត់​ស្លឹក​ទុំ​ចោល​ដោយ​ហាក់​មមាញឹក​ជាង​ការធ្វើ​ស្រូវ​។ ប្រាកដ​ណាស់​ថា បើ​មិន​ធ្លាប់​ពិតជា​ហត់នឿយ តែ​សម្រាប់​ជីវិត​កសិករ​ដូច​គាត់​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​ការដាំ​ដំណាំ នេះ​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង​។

កសិករ​ដដែល​បាន​បញ្ជាក់ថា​ដំណាំ​អំពៅ​ទម្រាំ​ទទួលផល​ដែល​អាច​កាប់​លក់បាន​មាន​រយៈពេល​ប្រាំបី​ខែ​។ ក្នុងអំឡុង​រយៈពេល​ប៉ុន​នេះ បន្ទាប់ពី​ទូទ​ទាត់​ថ្លៃឈ្នួល គ្រប់យ៉ាង ប្រាក់ចំណូល​មួយ​រដូវ​កាល​បាន​ចន្លោះ​ពី​ប្រាំបួន​លាន​រៀល​ទៅ​ដប់​លាន​រៀល​។ កសិករ​សួន ធឿ​ក៏បាន​បាន​អំពាវនាវ​ដល់​អ្នក​ក្នុងភូមិ​ដែលមាន​ដី ហើយ​ធុញទ្រាន់​នឹង​ការ​ធ្វើស្រែ​គួរ​ប្តូ​រម​កដាំ​ដំណាំ​អំពៅ ជាជាង​លក់​ដី ឬ​ទៅធ្វើ​ការងារ​នៅ​ស្រុក​ឆ្ងាយ ព្រោះ​ការដាំ​អំពៅ​ក្នុងភូមិ​សាស្ត្រ​របស់លោក​មាន​ភាពងាយស្រួល​ណាស់ ពោលគឺ​ដី​អំណោយផល​ល្អ​សម្រាប់​ដំណាំ​នេះ​តែម្តង​។​

​លោក ថឹ​ង បូ​រិ​ន ប្រធាន​មន្ទីរ​កសិករ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា ប្រជាកសិករ​មួយ​ភាគ​ធំ​ក្នុង​សង្កាត់​អូរ​ក្រសា ក្រុងកែប​បាន​ផ្លាស់ប្តូរ​ជា​បណ្តើរៗ​ពី​ការធ្វើ​ស្រូវវស្សា​មក​ដាំ ដំណាំ​អំពៅ​ព្រោះ​ពួកគាត់​មើលឃើញ​ពី​ការរកចំណូល​សម្រាប់​គ្រួសារ​ប្រសើរ​ជាង​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា តាម​ការចុះ​ស្រង់​ទិន្នន័យ​របស់​មន្ត្រី​ការិយាល័យ​កសិកម្ម​ក្រុងកែប​ឃើញថា ក្នុង​សង្កាត់ អូរ​ក្រសារ ផ្ទៃដី​ទំហំ​១២៥​ហិកតា​បាន​ក្លាយជា​ចម្ការ​អំពៅ​ដែល​គ្រួសារ​កសិករ​នីមួយៗ​កែប្រែ​ពី​ដី​ធ្លាប់ធ្វើ ស្រែ​ស្រូវ​តាំងពី​បុរាណ​តរៀងមក​៕S/​ដោយ បូ​គោ​