​កសិករ​មួយ​គ្រួសារ​នៅ​ខេត្តស្ទឹងត្រែង​ជោគជ័យ​លើ​ដំណាំ​ពោត​បារាំង​

342
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែង​៖​កសិករ​មួយ​គ្រួសារ​នៅ​ខេត្តស្ទឹងត្រែង​បានសម្រេច​ចិត្ត​ដាំ​ដំណាំ​ពោត​បារាំង​សាកល្បង រហូត​ទទួលបាន​ជោគជ័យ​។​លោក តុ អិន​ប៉ កសិករ​នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​បាន​ប្រាប់​ឱ្យដឹងថា​សព្វថ្ងៃ​លោក​ប្រក​បរបរ​ដាំ​ដុះ​បន្លែ​ជីគ្រប់មុខ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។​មួយរយៈ​ចុងក្រោយ​នេះ​លោក​បាន​ដាំពោត​បារាំង​បន្ថែម​មួយ​មុខ​ទៀត​បន្ទាប់ពី​ឃើញ​ពី​របៀប​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​លោក តុ អិន​ប៉ ប្រាប់​ឱ្យដឹងទៀតថា នៅ​ថ្ងៃ​ខាងមុខ​លោក​នឹង​បង្កើន​ការ​ដាំពោត​បារាំង​បន្ថែមទៀត ព្រោះ​បន្លែ​ជីគ្រប់មុខ​ដែល​លោក​បាន​ដាំ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​នោះ​។​ឥឡូវ​អ្នកភូមិ​នាំគ្នា​សម្រុក​ដាំ​ច្រើន​បណ្តាល​ឲ្យ​តម្លៃ​មានការ​ធ្លាក់ចុះ​។​

ប៉ុន្តែ​ពោត​បារាំង​វិញ​ស្រួល​ដាំ​និង​ងាយស្រួល​ថែទាំ​។​រីឯ​តម្លៃនៅលើទីផ្សារ​លោក​អាច​លក់បាន​តម្លៃ​ចន្លោះ​ពី​៧.០០០​ទៅ​៨.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នៅ​រដូវប្រាំង​។​នៅ​រដូវវស្សា​នេះ​វិញ​អាច​លក់​បានតែ​៣.០០០​រៀល​ប៉ុណ្ណោះ​។

​ដោយឡែក​សម្រាប់​បច្ចេក​ទេស​ដាំ​ដុះ​និង​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​ដំណាំ​ពោត​បារាំង​កសិករ​រូបនេះ​បាន​រៀបរាប់ថា​ដើម្បី​ធ្វើឱ្យ​ដំណាំ​ពោត​បារាំង​ដុះ​លូតលាស់​បានល្អ​និង​មាន​ទិន្នផល​ខ្ពស់​មុន​ដាំ​យើង​ត្រូវ​ភ្ជូ​រ​ដី​ឱ្យបាន​ផុស​និង​សព្វ​ល្អ​រួច​បណ្តុះ​កូន​ពោត​បារាំង​ឱ្យបាន​ប្រវែង​ជិត​២​តឹក​សិន​សឹម​យកទៅដាក់​ដាំ​។

​លោក​ថា ដំណាំ​នេះ​មិនមាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ ដូច​ដំណាំ​ផ្សេងៗ​ទេ ហើយ​បើ​មាន​ក៏មាន​តិចតួច​ដែរ ដូចជា​សត្វ​ស្រមោច​រោម​តាម​គល់​និង​ដើម​ដែល​បណ្តាលឱ្យ​ស្លឹក​និង​ផ្លែ​ពោត​បារាំង​រួញ​តែ​បញ្ហា​នេះ​យើង​អាច​ដោះស្រាយបាន​ដោយ​ប្រើ​ទឹកសាប៊ូ​បាញ់សម្លាប់​សត្វល្អិត​ទាំងនោះ​។​

ជា​ចុងក្រោយ​កសិករ​រូបនេះ​បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​យុវជន​ពុំទាន់​មានការ​ងារ​ធ្វើ​គួរ​ងាក​មក​ធ្វើ​ការដាំដុះ​បន្លែបង្ការ ។​ជាពិសេស​ដំណាំ​ពោត​បារាំង​នេះ​តែម្តង​ព្រោះ​វា​ងាយស្រួល​ដាំ​ហើយ​លោក​នឹង​ជួយ​បង្ហាត់បង្រៀន​ពី​វិធី​ដាំ​ដុះ ដោយ​មិន​យកប្រាក់​កម្រៃ​នោះឡើយ​៕S/