​កាណូត​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ច្រើន​ដដែល​

1892
ចែករម្លែក

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ដោយ​មើលឃើញ​ពី​ភាពស្រស់​ស្រ​កាល​នៃ​ដង​ទន្លេមេគង្គ​ពិសេស​នាពេល​រាត្រី​អមដោយ​ភ្លើង​ចំរុះ​ពណ៌​គួរ​ឲ្យ​គយគន់​។​ក្រុម​ប្រជាពលរដ្ឋ​ប្រកប​របរ​កាណូត​ទេសចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹងថា​គិត​រហូតមកទល់​ពេលបច្ចុប្បន្ន​កំណើន​ភ្ញៀវ​ទេសចរណ៍​ជា​ជនជាតិខ្មែរ​និង​បរទេស​មក​ជិះទូក​កម្សាន្ត​នៅតែ​រក្សា​កំណើន​បាន​ដដែល​ទោះបីជា​ស្ថានភាព​ទឹកទន្លេ​ឡើង​ខ្ពស់​ក្តី​។​

​តាមរយៈ​កិច្ចសម្ភាសន៍​របស់​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅនេះ​អ្នកស្រី យាន ស្រី ម្ចាស់​កាណូត​យីហោ សុខ​កុមារ​០១ បាន​ប្រាប់​ឲ្យ​ដឹងថា សព្វថ្ងៃ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ងាក​មករក​សេវា​ដំណើរ​កម្សាន្ត​តាម​ដង​ទន្លេ​ដើម្បី​ទស្សនា​ទិដ្ឋភាព​របស់​ទីក្រុង​បាន​កើន​ឡើងជា​ហូ​ហែរ​។ ពិសេស​នាពេល​រាត្រី​តែម្តង​គឺ​ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​៩​យប់​។​

ស្រដៀង​គ្នា​នេះ​ម្ចាស់​អាជីវកម្ម​កាណូត​ទេសចរណ៍​ដូចគ្នា​អ្នកស្រី​ស្រីអូន​បាន​រៀបរាប់ថា​ភ្ញៀវ​តែងតែ​មករក​ទូក​ជួល​ជិះ​កម្សាន្ត​ភាគច្រើន​ថ្ងៃ​ចុង​សប្តាហ៍​ដើម្បី​មើល​ថ្ងៃ​រៀប​លិច​(​អស្តង្គត​)​ដោយ​ជិះ​កាណូត​បែប​រ៉ូ​មែន​ទិច​ជាការ​ងាយស្រួល​ជាង​តាម​ម៉ូតូ​និង​រថយន្ត​ដោយ​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ​ក្រោយ​សម្រាក​ពី​ការងារ​។​

​ដោយឡែក អ្នកស្រី ប៊ុន ស្រី​ពៅ ប្រកប​របរ​កាណូត​ទេសចរណ៍​ប្រមាណ​ជាង​២០​ឆ្នាំ​មកនេះ បានបញ្ជាក់ បច្ចុប្បន្នកំពុង​ពេញនិយម​ខ្លាំង​ដោយ​ភ្ញៀវ​ខ្លះមក​កម្សាន្ត​បែប​លក្ខណៈ​គ្រួសារ មិត្តភក្តិ និង​បែប​លក្ខណៈ​ក្រុមការងារ​ជាដើម​។ អ្នកស្រី​បន្តទៀតថា ចំពោះ​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​មិន​ថា​ខ្មែរ ឬ​បរទេស​ការ​ជិះទូក​លេង​កម្សាន្ត​ក្នុង​មួយ​ម៉ោង​មានតម្លៃ​ចន្លោះ​ពី​២៥​ដុល្លារ​ដល់​៤៥​ដុល្លារ​អាម៉េរិក​ទៅតាម​ទំហំ​កាណូត​។​

ពាក់ព័ន្ធ​នឹង​កាណូត​ទេសចរណ៍​ខាងលើនេះ​ក្រុម​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ទូក​ទេសចរណ៍​បានបង្ហាញ​ការបារម្ភ​ចំពោះ​ការបណ្តេញចេញ​ខណៈដែល​ពួកគាត់​ទទួល​ព័ត៌មាន​ច​ចាម​រាម​ថា​នឹងមាន​ការបណ្តេញ​ពួកគាត់​ឲ្យ​ទៅធ្វើ​អាជីវកម្ម​នៅ​មាត់ទន្លេ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។​ជំនួស​ឲ្យ​ទីតាំង​ចាស់​ដោយ​យក​តំបន់​មាត់ទន្លេ​ចាប់ពី​ផែ​ភ្នំពេញ រហូតដល់​ផ្សារ​រាត្រី​ជួល​ឲ្យ​ក្រុមហ៊ុន​ចិន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​៕S/

​កាណូត​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ច្រើន​ដដែល​