​កាណូត​បើក​លឿន​បុក​ទូក​ស្លាប់​ម្នា​ក់នៅ​កំពង់​ឃ្លាំង​

798
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅនេះ​មាន​ករណី​កាណូត​បើក​លើ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បុក​ទូក នៅ​ចំណុច​ស្ពាន​ឆ្លង​ព្រែក​ស្ថិតក្នុង​ភូមិ​រទាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​បណ្ដាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។

លោក​វរសេនីយឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​គឺ កាណូត​បើក​សណ្ដោង​គ្នា​តាម​បណ្ដោយ​ព្រែក​បើកបរ​ល្បឿន​លឿន​ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​បុក​ក្បាលទូក​ដែល​កំពុង​អុំ​ឆ្លងកាត់​ទទឹង​ព្រែក បណ្ដាលឱ្យ​អ្នកអុំទូក ធ្លាក់ទឹក​ស្លាប់ ។​

​លោក​ណុប​សារ៉ាក់​បានបញ្ជាក់​ថា​ភាគី​បើកកាណូត​ឈ្មោះ​រុន​រ៉ា​ក់​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​អូរ​តា​ពុត​ឃុំ​កំពង់​ឃ្លាំង​និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​។​ចំណែក​ភាគី​អ្នកអុំទូក​ឈ្មោះ​សឿ​រតាវ​ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ​រស់នៅ​ភូមិ​រទាំង​ឃុំ​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម​បាន​ធ្លាក់ទឹក​ស្លាប់​។​

លោក​អធិការ​បាន​បន្តថា​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅ​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​កាណូត​ទៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ឃ្លាំង ដើម្បី​សាកសួរ​ចម្លើយ​បំភ្លឺ​និង​កសាង​សំណុំរឿង​។​ចំណែក​សព​ជនរងគ្រោះ​កម្លាំង​ជំនាញ​បានប្រគល់​ទៅ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិខ្មែរ​៕S/

​រូបភាពៈ កាណូត​បើក​លឿន​បុក​ទូក ស្លាប់​ម្នាក់​នៅ​កំពង់​ឃ្លាំង​៕​គូលែន​