​កាន់តែ​សាហាវ​ហើយ​!​ជនបរទេស​មានប្រើ​ប្រាស់​កាំភ្លើង​លុះ​មាន​ស្លាប់​ទើប​សមត្ថកិច្ច​ដឹង

594
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លិប​កម្សាន្ត ស៊ី​លី​ហួយ KTV ស្ថិតនៅក្នុង ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​បន្ទាប់ពី​ទទួលបាន​ករណី​ផ្ទុះអាវុធ នៅក្នុង​ក្លឹប​កម្សាន្ត​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​៣ ចុះ​ទៅដល់​កន្លែងកើតហេតុ​។ ពេល​នោះគេ​បាន​ប្រាប់ថា ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​សង្គ្រោះ​ហើយ​។​

កម្លាំង​ជំនាញ​បាន​ទៅ​មើល​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ពេលទៅដល់ ជនជាតិ​ចិន​ដែល​រងរបួស​បាន​ស្លាប់​បាត់ទៅហើយ ដោយមាន​ជនជាតិ​ចិន​ដែលជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​នៅ​ទីនោះ​ចំនួន​១០​នាក់ (​ស្រី​០២​នាក់​)​។​បន្ទាប់មក​កម្លាំង​ជំនាញ​បាន​ហៅ​ពួកគាត់​មក​សាកសួរ​បំភ្លឺ​ទើប​ដឹងថា​ករណីនេះ កើតឡើង​ដោយសារ​ជនរងគ្រោះ​បាន​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​មិត្តភក្តិ​ដែល​ផឹកស៊ី​រួម​តុ​គ្នា ។​

ពេលនោះ​ជនរងគ្រោះ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​របស់គេ អា​មេ​ប​ញ្ជូ​ល​គ្រាប់ ដើម្បី​គំរាម ហើយក៏​មានការ​ប្រទាញប្រទង់​គ្នា កាំភ្លើង​ក៏​ផ្ទុះ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​តែម្តង​។​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ TIAN ZHOU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​សណ្ឋាគារ ហ្វ​រ​ជូ​ណា​អ៊ិន​ធើ​ណា​សិ​នណាល់ ក្រុម​១៧ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។​

​វត្ថុតាង​ចាប់យក​បាន​៖​កាំភ្លើងខ្លី​១​ដើម ម៉ាក GLOCK 19 AUSTRIA មាន​លេ​ខៈ BFSK697 ពណ៌​ខ្មៅ បង់​កាំភ្លើង​១ មាន​គ្រាប់ ១១​គ្រាប់​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ កំពុង​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ៕S/